ព្រះសង្ឃ​ត្រូវ​បាន​ហាមឃាត់​ចូល​ក្នុង​តំបន់​មួយ​ចំនួន​នៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក

234

រាធានីភ្នំពេញ ៖ ដើម្បី​រក្សា​តម្លៃ និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ព្រះពុទ្ធ​សាសនា សាលា​គណ​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​ក្នុង​ការ​ហាមឃាត់​ព្រះសង្ឃ​មិន​ឲ្យ​និមន្ត​ទៅ​កាន់​ទីតាំង​មួយ​ចំនួន​នៃ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​​។

Loading...

យោង​តាម​សេចក្តីណែនាំ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា
សាលា​គណ​រាជធានី​ភ្នំពេញ សូម​ទូល​ថ្វាយ ប្រគេន និង​ជម្រាប​ជូន សម្តេច ព្រះរាជ​គណៈ មន្ត្រី​សង្ឃ​ព្រះ​គ្រូ​អនុគណ ព្រះ​គ្រូ​ចៅអធិការ​គ្រប់​វត្ត​ជ្រាប​ថា​៖ ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក ដែល​ជា​បុណ្យប្រពៃណី​ជាតិ និង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​កន្លង​មក យើង​តែងតែ​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​អង្គ​ខ្លះ​បាន​និមន្ត​ចូល​ក្នុង​កន្លែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក និង​កន្លែង​កំសាន្ត​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ហ្វូង​មនុស្ស​ច្រើន​កកកុញ​។

សកម្មភាព និង​រូបភាព​ខាងលើ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា សេចក្តី​ថ្លៃថ្នូរ​ភេទ​ជា​អ្នកបួស និង​ធម៌​វិន័យ អភិសមាចារ និង​ជះ​ឥទ្ធិពល​ដល់​ជំនឿ​ព្រះពុទ្ធ​សាសនា ព្រមទាំង​មានការ​មិន​សប្បាយចិត្ត​ពី​ពុទ្ធបរិស័ទ​ថែម​ទៀត​។

ដើម្បី​លើកកម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​ព្រះពុទ្ធ​សាសនា តម្លៃ​ព្រះសង្ឃ និង​ទប់ស្កាត់​រាល់​សកម្មភាព ទាំងឡាយ​របស់​ព្រះសង្ឃ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២១ ២២ ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ សាលា​គណ​រាជធានី​ភ្នំពេញ សូម​ចេញ​សេចក្តីណែនាំ​ការ​ទប់ស្កាត់ ហាម​មិន​អនុញាតិ​ឱ្យ​ព្រះសង្ឃ​និមន្ត​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​កន្លែង​មួយ​ចំនួន​ដូច​ខាងក្រោម​៖

តំបន់ A, A1- A12 ពី​វិមាន​ឯករាជ្យ​រហូត​ដល់​គល់​ស្ពាន​ជ្រោយចង្វារ​ខាងជើង (​វត្ត​ភ្នំ មុខ​វាំង សួន​មុខ​វត្ត​បទុម​វ​តី ណា​ហ្គា​វើ​ល កោះ​ពេជ្រ ផ្សារ​ចាស់ ផ្សារ​កណ្តាល​) ។

ពេល​បាន​ទទួល​សេចក្តីណែនាំ​នេះ សូម​ព្រះ​អនុគណ​គ្រប់​ខណ្ឌ មន្ត្រី​សង្ឃ​គ្រប់​វត្ត ចាត់​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ខ្លឹមសារ​នេះ​ឱ្យ​បាន​ជ្រួតជ្រាប​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​ក្រោម​ឱវាទ​។

សាលា​គណ​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា គ្រប់​សាលា​អនុគណ មន្ត្រី​សង្ឃ​គ្រប់​វត្ត នឹង​អនុវត្ត​សេចក្តីណែនាំ​ខាងលើ​ឱ្យ​ទទួល​បាន​ជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់​៕