២ករណីផ្សេងគ្នា​​ក្នុងថ្ងៃ​តែ​មួយ របួសធ្ងន់ស្រាលច្រើននាក់​

150

ខេត្តកំពត ៖ ​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរ​ពីរ​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ បណ្តាល​ឱ្យ​​មនុស្ស​៥​នាក់​របួសធ្ងន់​ និង​ម្នាក់​រង​របួស​​ស្រាល។​

Loading...

ករណីទី​១-កាលពី​​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២០ ​ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ​ មាន​​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​លើ​ផ្លូវជាតិ​លេខ​៣១ ក្នុងស្រុក​បន្ទាយមាស​ក្នុង​ទិស​ដៅ​កែង​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំង​សងខាង​ចំនួន​៣​នាក់​រង​របួសធ្ងន់​ដូច​គ្នា ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ភ្លាម​ៗ​។

ក្នុង​ហេ​តុ​​ការ​ណ៍​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរ​ឲ្យ​ដឹង​ថា​ ​ម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េ​រី២០១៦ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ ១1FT-៦៩០១ បើកបរ​ដោយ​ឈ្មោះ ទុំ ហៅ​តា​ទុំ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បានរងរបួសធ្ងន់​។

ចំណែក​​ម៉ូតូ​​មួយគ្រឿង​ទៀត​ម៉ាកហងុដា ធុន​​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េ​រី​​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ កំពត ១1H-២៥7៧៤4 បើកបរ​ដោយ​ឈ្មោះ កែវ ណា​វ៉ា​ត់ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​ទូក​មាស​ខាងលិច​ បានរងរបួសធ្ងន់ និង​អ្នក​រួម​ដំណើរម្នាក់​ឈ្មោះ​តេ​ង វិ​វ​ឌ្ឍ ភេទ​ប្រុស អាយុ​១៦ ឆ្នាំ រស់នៅ​ភូមិ​កោះ​ទន្សែ ឃុំ​ទូកមាស​ខាងលិច ​បាន​រង​របួសធ្ងន់​។​

​សមត្ថកិច្ច​ចរាចរ​ឲ្យ​ដឹងទៀត​​ថា​ មុន​ពេល​កើតហេតុ​ មានបុរស​ចំណាស់ម្នាក់​បាន​បើកបរ​​ម៉ូតូ​មួយគ្រឿង​ម៉ាកហុងដា ស៊េ​រី២០១៦ ពាក់​ផ្លា​ក​លេខ​ ភ្នំពេញ ១1FT-៦៩០១ បាន​ធ្វើ​​តាម​ផ្លូវ​តូច​ចំហៀង​ផ្លូវជាតិ ​ក្នុង​ទិស​ដៅ​ពី​កើតទៅ​លិច​បំណង​ឡើង​ផ្លូវជាតិ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​​មួយគ្រឿង​ទៀតជិះគ្នា​​២នាក់​​ម៉ាកហងុដា ស៊េ​រី​​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ កំពត ១1H-២៥7៧៤4 ​បាន​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងត្បូង​យ៉ាង​លឿន ក៏​បាន​​បុក​ម៉ូតូ​បុរសចំណាស់​ដែល​បើក​ឡើង​លើ​ផ្លូវជាតិ​យ៉ាង​ពេញ​ទំ​ហឹង ​បណ្តាល​ឲ្យភាគី​ទាំង​សង​ខាង​​រង​របួសធ្ងន់ទាំង​៣នាក់​ និង​ខូចខាត​ធ្ងន់​ម៉ូតូ​ទាំង​សងខាង។

ចំណែកជនរងគ្រោះទាំង​​៣នាក់​ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ។​

ក្រោយពេលកើតហេតុ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាននគរបាល​ស្រុក​បន្ទាយមាស​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

ករណី​ទី​២-កាលពី​​វេលា​ម៉ោង​​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី២០ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​នៅ​លើផ្លូវ​បេតុង​មួយ​ខ្សែ​ក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត បង្ក​ឡើង​ដោយ​ម៉ូតូ​៣​គ្រឿងបុក​គ្នា ហើយ​ក្នុង​ហេតុ​ការ​នេះ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​របួសធ្ងន់ និង​​ម្នាក់​របួស​ស្រាល​ ​ចំណែក​​ម៉ូតូ​​​បាន​រងការ​ខូចខាត​ទាំង​៣​គ្រឿង​។

នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​​ធុន​​សេ​១២៥ ​ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ ​សៀមរាប ១S-៣៧៨៦ ​បើកបរ​ដោយ​ឈ្មោះ​ម៉ា​ន រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តាអង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ចំណែកមួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ​ពណ៌​ខ្មៅ​ ពាក់​ផ្លា​ក​លេខ ​កំពត ១F-០៨១៣ បើកបរ​ដោយ​ឈ្មោះ ង៉ែត រីភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​តា​អង្គ សង្កាត់​ត្រើយ​កោះ ក្រុង​កំពត និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ ធុនសេ​១២៥ ​ពណ៌​ខ្មៅ​ ពាក់​ផ្លា​កលេខ​ កំពត ១K-៩៦៩៩  ​បើកបរ​ដោយ​ឈ្មោះ​សុ​ប ម៉ាត់​សុះ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដូន​តោក សង្កាត់​ត្រើយ​កោះ ក្រុង​កំពត

នគរបាល​ចរាចរ​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថាៈ មុន​ពេលកើតហេតុ​ មានបុរស​ម្នាក់បាន​បើកបរ​​ម៉ូតូ​មួយ​គ្រឿង​​ធុន​​សេ​១២៥ ​ពាក់​ផ្លា​ក​លេខ ​សៀមរាប ១S-៣៧៨៦ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់ត្រង់​ចំណុច​មុខ​ផ្ទះ​លោក​ជួង សុ​ផាត ក៏​បាន​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពាក់​ផ្លា​ក​លេខ​ កំពត​ ១F-០៨១៣ ដែល​បើកបរ​ដោយ​​ស្ត្រីម្នាក់ រួ​បាន​ទៅ​​បុកជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ផ្លា​ក លេខ​កំពត ១K-៩៦៩៩ ដែល​​បើកបរ​ដោយ​​បុរសម្នាក់​ ។​

ក្នុង​ហេតុ​ការ​នេះ​ដែរ​បណ្តាល​ឲ្យ​មនុស្ស២​នាក់​បាន​រង​របួសធ្ងន់​ និង​ម្នាក់​​បាន​រង​របួសស្រាល​ ហើយ​ត្រូវ​បាន​គេ​ដឹកបញ្ជូន​​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ ។

ចំណែក​ម៉ូតូ​ទាំង​៣គ្រឿងបាន​រងការ​​ខូចខាត​​ស្រាល ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុកនៅ​អធិការ​នគរ
បាល​ក្រុង​កំពត រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕