កសិករ​កៅស៊ូ​ថៃ​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម

156

ទីក្រុង​បាងកក ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​កៅស៊ូ​កំពុង​តែ​ជួបនឹង​ហានិភ័យ ខណៈ​ដែល​ជម្លោះ​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​ពិភពលោក​បង្ក​ជា​ផល​ប៉ះពាល់​ជុំវិញ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។

Loading...

ប្រទេស​មួយ​ចំនួន​ដូច​ជា​វៀតណាម​កំពុង​តែ​ទាញ​អត្ថប្រយោជន៍​ពី​វា ខណៈ​ដែល​ក្រុមហ៊ុន​ភាគច្រើន​បាន​ប្តូរ​ទីតាំង​ផលិត​ពី​ចិន​ដើម្បី​ជៀសវាង​ការ​បង់ពន្ធ​ពេល​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ក្នុង​ប្រទេស​ថៃ​វិញ តម្លៃ​កៅស៊ូ​បែរជា​ធ្លាក់​ចុះ​២០%​ឯណោះ​តាំងពី​ខែមិថុនា​កន្លង​មកនេះ ព្រោះ​ពន្ធ​នាំ​ចូល​បាន​ប៉ះពាល់​ដល់​តម្រូវការ​ពី​រោងចក្រ​ក្នុង​ប្រទេស​ចិន ដែល​ជាទី​ផ្សារ​សម្រាប់​ការ​នាំ​ចេញ​កៅស៊ូ​ពាក់កណ្តាល​របស់​ប្រទេស​ថៃ ។ កសិករ​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះបង់​ការងារ​នៅ​ចម្ការ​កៅស៊ូ​ដើម្បី​ធ្វើការ​តាម​រោងចក្រ​វិញ ។

គួរ​បញ្ជាក់​ដែរ​ថា ប្រមាណ​១​ភាគ​៣​នៃ​កៅស៊ូ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​នាំ​ចេញពី​ប្រទេស​ថៃ ។ ប្រទេស​ថៃ​បច្ចុប្បន្ន​នេះ​ផលិត​កៅស៊ូ​ប្រមាណ​៤,៦​លាន​តោន​ក្នុង​១​ឆ្នាំ ហើយ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ពី​ចិន​នេះ​បាន​ធ្វើ​ឲ្យ​បញ្ហា​ការ​ផ្គត់ផ្គង់​លើសលប់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត។

លើស​ពី​នេះ​ទៀត តម្លៃ​ប្រាក់​យន់​ក៏​បាន​ធ្លាក់​ចុះ​ដែរ ដែល​ធ្វើ​ឲ្យ​កៅស៊ូ​កាន់តែ​ថ្លៃ​សម្រាប់​រោងចក្រ​ចិន ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​កំពុង​តែ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ និង​មាន​គោលដៅ​កាត់​បន្ថយ​តំបន់​សម្រាប់​ការ​ដាំ​ដុះ​កៅស៊ូ​ច្រើន​ជាង​៦​ម៉ឺន​ហិ​កតា​ទៅ​ទៀត​ក្នុង​១​ឆ្នាំ​នៅ​អំឡុង​ពេល​៥​ឆ្នាំ​ខាង​មុខ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ កៅស៊ូ​បន្ត​ជា​បញ្ហា​នយោបាយ​ដ៏​ធំ​មួយ ។ កសិករ​និង​អ្នកធ្វើការ​នៅ​ចម្ការ​កៅស៊ូ​ភាគច្រើន​ងាយ​នឹង​ធ្វើ​កូដកម្ម​ពេល​ដែល​ជួបនឹង​បញ្ហា ដូច្នេះ​កាលពី​ស​ប្តា​ហ៍​មុន រដ្ឋាភិបាល​ថៃ​បាន​ផ្តល់​ជា​ប្រាក់​ជំនួយ​ដំបូង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នេះ ៕