កូរ៉េ​ខាងត្បូង​នឹង​បាត់បង់​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​នាំ​ចេញ​សំខាន់​ៗ

148

ទីក្រុង​សេ​អ៊ូ​ល ៖ ក្រុម​អ្នកជំនាញ​កូរ៉េ​ខាងត្បូង​គឺ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​កូរ៉េ (KERI) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា វិស័យ​នាំ​ចេញ​សំខាន់​ៗ​របស់​ប្រទេស​នេះ​នឹង​ជួប​ឧបសគ្គ​ក្នុង​ផ្នែក​ប្រកួតប្រជែង​ក្នុងអំឡុងពេល​៣​ឆ្នាំ ព្រោះ​ដៃគូ​ប្រកួតប្រជែង​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ដើរ​តាម​ទាន់​ក្រុមហ៊ុន​កូរ៉េ​ហើយ ។

Loading...

ទស្សនវិស័យ​នេះ​គឺ​យោង​ទៅ​តាម​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​ជា​ច្រើន​ពី​វិស័យ​នាំ​ចេញ​ធំ​ៗ​ទាំង​៨​របស់​កូរ៉េ ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន KERI ។ វិស័យ​សំខាន់​ៗ​ទាំងនេះ​រួម​មាន ឧបករណ៍ ចម្លង​អគ្គិសនី​(Semiconductor), សារធាតុ​គីមី​ដែល​សំយោគ​ពី​ប្រេង​ឬ​ឧស្ម័ន​ធម្មជាតិ​, នាវា​, យានយន្ត​, ផលិតផល​ប្រេងឥន្ធនៈ​, ដែកថែប​, អេ​ក្រង់ និង​គ្រឿង​អេ​ឡិច​ត្រូ​និក​ដាក់​តាម​ខ្លួន​ជាដើម ។

យោង​តាម​ការ​ស្រាវជ្រាវ​ខាងលើ វិទ្យាស្ថាន​KERI បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​កូរ៉េ​ខាងត្បូង​ឈរឈ្មោះ​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​បួន​រួម​មាន​គ្រឿង​អេ​ឡិច​ត្រូ​និក​ដាក់​ជាប់​ខ្លួន​, អេ​ក្រង់​, ប្រេងឥន្ធនៈ និង​នាវា ។ វិទ្យាស្ថាន​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កូរ៉េ​ខាងត្បូង​មាន​ពិន្ទុ​១០០ ខណៈ​ដែល​ប្រទេស​ចិន​មាន​ពិន្ទុ ៩០​ទៅ​ហើយ​ក្នុង​វិស័យ​ទាំង​បួន​នេះ ។

សម្រាប់​វិស័យ​បួន​ទៀត​វិញ ភាព​ប្រកួតប្រជែង​របស់​សហរដ្ឋអាមេរិក​ក្នុង​វិស័យ​ឈី​ប​ស្មើនឹង​១១០​ពិន្ទុ​, ជប៉ុន​ស្មើនឹង​១១០ និង ១៣០​ពិន្ទុ​សម្រាប់​ដែកថែប និង​យានយន្ត ខណៈ​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​ពិន្ទុ​១១០​សម្រាប់​វិស័យ​សារធាតុ​គីមីសំយោគ​ពី​ប្រេង ឬ​ឧស្ម័ន​ធម្មជាតិ ។

ទោះជា​យ៉ាងនេះ​ក្ដី វិទ្យាស្ថាន​KERI បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងអំឡុងពេល​៣​ឆ្នាំ​ខាង​មុខ​នេះ ប្រទេស​ចិន​នឹង​មាន​ពិន្ទុ​១១០​សម្រាប់​វិស័យ​គ្រឿង​អេ​ឡិច​ត្រូ​និក​ដាក់​ជាប់​ខ្លួន និង​អេ​ក្រង់ ហើយ​ប្រទេស​ចិន​ក៏​នឹង​មាន​ពិន្ទុ​ស្មើ​កូរ៉េ​ខាងត្បូង​ក្នុង​វិស័យ​ផលិតផល​ប្រេងឥន្ធនៈ​នៅ​ឆ្នាំ​២០២១​ផង​ដែរ ។

វិទ្យាស្ថាន​ដដែល​បាន​បន្ថែម​ថា វិស័យ​ផលិត​នាវា​នឹង​ក្លាយជា​វិស័យ​តែ​មួយ​គត់​ដែល​កូរ៉េ​ខាងត្បូង​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ផ្នែក​ប្រកួតប្រជែង ។ KERI បាន​ឲ្យ​ដឹង​ទៀត​ថា ៖«​ភាព​ប្រកួតប្រជែង​ជុំវិញ​ពិភពលោក​របស់​វិស័យ​សំខាន់​ៗ​របស់​កូរ៉េ​ខាងត្បូង​កំពុង​តែ​អន់​ថយ ព្រោះតែ​ការ​រីកសាយ​នៃ​គោលនយោបាយ​ការពារ​និយម​ក្នុង​ពេល​ថ្មី​ៗ​នេះ ការ​ប្រកួតប្រជែង​កាន់តែ​តានតឹង​ឡើង​ជុំវិញ​ពិភពលោក​, ការ​ផ្គត់ផ្គង់​លើសលប់​, ការ​កាត់​បន្ថយ​ចំនួន​ម៉ោង​ធ្វើការ និង​ការ​មិន​ចុះសម្រុង​គ្នា​រវាង​បុគ្គលិក​និង​អ្នកគ្រប់គ្រង​ជាដើម »​។

វិទ្យាស្ថាន​KERI បាន​បន្ថែម​ថា អ្នក​ដែល​ចូលរួម​ទាំងអស់​ក្នុង​សេដ្ឋកិច្ច​គួរតែ​រួបរួម​ដើម្បី​រក្សា​ការ​លូតលាស់​របស់​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក ៕