ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កូរ៉េ​ខាងត្បូង​និង​អាស៊ាន​ឆ្នាំ​នេះ​កើនឡើង

125

ទីក្រុង​សេ​អ៊ូ​ល ៖ អនុប្រធាន​គណៈកម្មាធិការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ (FSC) លោក Kim Yong-beom បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​មក​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មករ​វាង​កូរ៉េ​ខាងត្បូង​និង​អាស៊ាន នឹង​កើន​ដល់​១៦០​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ប្រទេស​កូរ៉េ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​ប្រទេស​ទាំង​១០​នេះ ។

Loading...

លោក​បាន​មាន​ប្រសាសន៍​ដូចនេះ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​មួយ​ជាមួយនឹង​អគ្គរដ្ឋទូត​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ឥណ្ឌា​ជាដើម ។

លោក Kim បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ខាងលើ​ថា កាលពី​១០​ខែ​ដំបូង​នា​ឆ្នាំ​នេះ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កូរ៉េ​ខាងត្បូង​និង​អាស៊ាន​ស្មើ ១៣២,១​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​មុន ៧,៦%​។ លោក​បាន​បន្ត​ថា ៖« ក្នុងឆ្នាំនេះ ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ជាមួយនឹង​អាស៊ាន​នឹង​កើន​ដល់ ១៦០​ប៊ី​លាន​ដុល្លារ​ឯណោះ ហើយ​ចំនួន​អ្នកដំណើរ​រវាង​ភាគី​ទាំង​សងខាង​ក៏​អាច​កើន​លើស​១០​លាន​នាក់​ផង​ដែរ »​។លើស​ពី​នេះ​ទៅ​ទៀត លោក Kim បាន​បន្ថែម​ថា សហគ្រាស​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ក៏​នឹង​ពង្រីក​ក្រុមហ៊ុន​ទៅ​កាន់​សមាជិក​អាស៊ាន​ជាដើម​។

គួរ​បញ្ជាក់​ដែរ​ថា ចំនួន​សាខា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​នៅ​អាស៊ាន និង​ឥណ្ឌា ស្មើ​ដល់​ទៅ​១៦២​សាខា​ឯណោះ ។ ស្ថិត ​ក្រោម​គោលនយោបាយ ភាគ​ខាងត្បូង​ថ្មី​របស់​លោក​ប្រធានាធិបតី​Moon Jae-in ដែល​មាន​បំណង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន កូរ៉េ​ខាងត្បូង​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយនឹង​អាស៊ាន ។ ប្រទេស​នេះ​មាន​ដាក់​គោលដៅ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ដល់​២០០​ប៊ី​លាន​ដុល្លារ​ផង​ដែរ​នៅ​ឆ្នាំ​២០២០ ៕