ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ចំបាប់​ប្រើ​ច្បាប់​និង​បទបញ្ជា​ទើប​កែប្រែ​ថ្មី

163

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​នាំ​យក​ច្បាប់​និង​បទបញ្ជា​ដែល​ទើប​កែប្រែ​ថ្មី​មួយ​ចំនួន​មក​អនុវត្ត​ក្នុង​ការ​ប្រកួត​រើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ ២០១៨ ដែល​បាន​ចាប់​ដំណើរការ​នៅ​សាល​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ពុធ​ស្អែក ដើម្បី​ឲ្យ​ការ​ប្រកួតប្រជែង​ស្វែងរក​ជើង​ខ្លាំង​ប្រចាំឆ្នាំ​នេះ ស្រប​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​ច្បាប់ និង​បទបញ្ជា​ប្រកួត​របស់​សហព័ន្ធ​កីឡា​ចំបាប់​អន្តរជាតិ​។

Loading...

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ ចំនួន​ក្លិប និង​អត្ត​ព​លិ​ក​ចូលរួម​មាន​ចំនួន​ប្រហែល​ទៅ​នឹង​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​លើក​នេះ យើង​មានការ​បន្ថែម​ច្បាប់ និង​បទបញ្ជា​ការ​ប្រកួត​ថ្មី​ខ្លះ និង​កាត់​បទបញ្ជា​ចាស់​ខ្លះ​ចោល​។ ការ​ធ្វើ​បែប​នេះ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​យើង ស្រប​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​ច្បាប់ និង​បទបញ្ជា​ការ​ប្រកួត​មួយ​ចំនួន​របស់​សហព័ន្ធ​កីឡា​ចំបាប់​អន្តរជាតិ ពិសេស​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ កាន់តែ​មាន​ភាពស្វិត ស្វាញ។

លោក​ថា ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ច្បាប់ និង​បទបញ្ជា​នៃ​ការ​ប្រកួត​ខ្លះ​ៗ​នេះ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​កែប្រែ​រូបមន្ត​ប្រកួត គឺ​បើ​ក្នុង​១​វិញ្ញាសា​មាន​អត្ត​ព​លិ​ក​ចូលរួម​ចាប់ពី​៦​នាក់​ឡើង ត្រូវ​បែងចែក​ការ​ប្រកួត​ជា ២​ពូ​ល ដោយ​យក​អ្នក​បាន​លេខ​១ និង​លេខ​២​តាម​ពូ​ល​ទាំង​២ ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែបើ​១​វិញ្ញាសា​មាន​អ្នកចូលរួម​៥​នាក់​ចុះ​ក្រោម ត្រូវ​កំណត់​ឲ្យ​ប្រកួត​វិល​ជុំ រួច​កំណត់​យក​ចំណាត់ ថ្នាក់​តែ​ម្តង​។

បន្ថែម​លើ​នេះ រាល់​ការ​ប្រកួត​តាម​ថ្ងៃ​នីមួយ​ៗគឺ​ត្រូវ​ថ្លឹង​ទម្ងន់​ពេល​ព្រឹក និង​ត្រូវ​ប្រកួត​នៅ​ពេល រសៀល ។ ការ​កាត់​បន្ថយ​ម៉ោង​ថ្លឹង​ទម្ងន់​ឲ្យ​កៀក​ទៅ​នឹង​ម៉ោង​ប្រកួត​បែប​នេះ ត្រូវ​បាន លោក ធិ​ន វិចិត្រ បញ្ជាក់​ថា ដើម្បី​កាត់​បន្ថយ​ការ​បញ្ចុះទម្ងន់​ច្រើន​ពេក​របស់​អត្ត​ព​លិ​ក​ដែល​នាំ​ឲ្យ​មានការ​ប៉ះពាល់ ឬ​គ្រោះថ្នាក់​ពេល​ពួក​គេ​ប្រកួត​ជាក់ស្តែង​។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​កីឡា​ចំបាប់​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​នេះ មាន​កីឡាករ​៨៨​នាក់ និង​កីឡាការិនី​២០​នាក់់ ដែល​ពួក​គេ​ត្រូវ​ប្រកួត​តំណាង​ឲ្យ​ក្លិប​ចំនួន​៨ ក្នុង​នោះ​មាន​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងមហាផ្ទៃ​,យាយ​ព្រីង​មាន​រិ​ទ្ធិ​, រិ​ទ្ធី​សែន​ខេត្ត​កំពង់ឆ្នាំង​,ឃ្លាំងមឿង​ខេត្តពោធិ៍សាត់​, ខេត្តព្រៃវែង​, បារមី​ម៉ឺន​ឯក និង​ក្លិប​ប្រ​យ៉ាប​មាន​រិ​ទ្ធិ ។ នៅ​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ដែរ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​បន្ថែម​វិញ្ញាសា​ប្រកួត​ចំបាប់​សម័យ​នារី​លើ​ទម្ងន់​៥៣​គីឡូក្រាម និង​ទម្ងន់​សេរី (Open) ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​ទាំង​ចំបាប់​បុរាណ (​បុរស​-​នារី​) ចំបាប់​សម័យ​សេរី (​បុរស​-​នារី​) និង​ចំបាប់​ក្រិ​ច​កូ​រ៉ូ​ម៉ាំង (​បុរស​) នៅ​ឆ្នាំ​នេះ មាន​ចំនួន​សរុប​១៨​វិញ្ញាសា​។

ចំណែក​អត្ត​ព​លិ​ក​ចូលរួម​នៅ​ឆ្នាំ​នេះ មាន​យុវជន​ជាង​៧០​ភាគរយ ដែល​ស្រប​ទៅ​តាម​ការ​ចង់បាន​របស់​សហព័ន្ធ ព្រោះ​ការ​ប្រកួត​នេះ​គឺ​ដើម្បី​ជ្រើសរើស​អត្ត​ព​លិ​ក​វ័យក្មេង​មាន​ទេព​កោសល្យ ត្រៀម​ដាក់​ឲ្យ​ចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១៩៕