ពៅ លី​ដា និយាយ​ចំ​សំណួរ​ស្នេហា​គ្រវីក្បាល​លឿន​ណាស់​!

204

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ពៅ លី​ដា ដែល​ល្បី​ថា មាន​បុរស​ចោមរោម​សុំ​ស្រឡាញ់​ជា​ច្រើន​នៅ​តែ​បន្ត​ប្រកាន់​ជំហរ​មិន​ទោ​ទន់​លើ​បុរស​ចិត្ត​ស្មោះ​ណា ក្រៅពី​បដិសេធ​ចោល​។ បើ​ទោះ​ចម្រើន​វ័យ​ទៅ​មុខ ហើយ​ម្តាយ​ធ្លាប់​គិត​ថា ពេល​ណា​ទើបបាន​ចៅ​ព​នឹង​គេ ក៏​ពៅ លី​ដា នៅ​តែ​មិន​ទាន់​បើក​ចិត្ត​យក​ស្នេហា​ឲ្យ​ស្អិត​ទ្រូង​។

Loading...

មក​ទល់​ពេល​នេះ គេ​នៅ​តែ​មើលឃើញ​ថា តារា​សម្បុរ​ខ្មៅ​ស្រអែម ពៅ លី​ដា នៅ​តែ​ជាប់​ឈ្មោះ​ជា​កញ្ញា មិន​ព្រម​ឲ្យ​ជាប់ជំពាក់​កាយ​ជាមួយ​កំលោះ​ណា​ម្នាក់ ក្រៅពី​ការ​ព្យាយាម​បំពេញ​កិច្ចការ​ផ្នែក​សម្តែង និង​នៅ​ជិត​ម្តាយ​ជាទី​ស្រឡាញ់​។ ពៅ លី​ដា នៅ​តែ​គ្រង​បាន​តំណែង​តួឯក ជា​ពិសេស​រឿង​ភាគ​បែប​បុរាណ ដោយ​មានមុខមាត់​សម​លក្ខណៈ​រឿងបុរាណ​។ ហើយ​ឆ្នាំ​២០១៨​នេះ ពៅ លី​ដា គ្រង​បាន​តួអង្គ​ឯក​ប្រមាណ​ជា​២​ទៅ​៣​រឿង​។

ពៅ លី​ដា បាន​ប្រាប់​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ នាង​យល់​ថា ខ្លួន​មាន​ស្នាដៃ​រឿង​ភាគ​ប្រមាណ​៣​រឿង គឺ​យល់​ថា ល្មម​ហើយ​ឆ្នាំ​២០១៩ គិត​ថា​ខ្លួន​យក​ការ​សម្តែង​ក៏​ត្រឹម​២​ឬ​៣​រឿង​ដូច​គ្នា​។ បើ​ចង់​ក្រសោប​ឲ្យ​បាន​ច្រើន​ជាង​នេះ គឺ​ខ្លាច​គេ​ថា តួ​ដដែល​ៗ​។ នាង​ថា មានការ​សប្បាយចិត្ត​ដែល​ទីផ្សារ​សម្តែង​នៅ​តែ​ទៅ​មុខ ហើយ​ខិតខំ​បន្ត​ទៀត ដើម្បី​សាង​ស្នាដៃ​នៅ​ក្នុង​សិល្បៈ​។

នៅ​ពេល​សួរនាំ​រឿងរ៉ាវ​ស្នេហា​មាន​អ្នក​ណា​ស្រឡាញ់​ឬ​នៅ? ហើយ​ពេល​ណា​ប្រកាស​រឿង​គូស្រករ​ឲ្យ​គេ​ស្គាល់​ពេញ​មុខ​។ ពៅ លី​ដា បាន​ត្រឹមតែ​គ្រវីក្បាល​លឿន និង​និយាយ​ថា «​រឿង​គ្រួសារ​អត់​ដឹង​ថា ពេល​ណា​នោះ​ទេ នាង​សុំ​លាក់​មិន​និយាយ​ថា ជា​អ្នក​ណា ដោយ​អារម្មណ៍​ខ្ញុំ​យល់​ថា នៅ​ទំនេរ​សិន ជា​ជាង​ធ្វើខ្លួន​ឲ្យ​ជាប់ទ្រុង​។ និស្ស័យ​មក​ដល់ គឺ​នាង​អាច​នឹង​ពិចារណា​បុរស​មួយ​ណា​នោះ មិន​ទុក​ខ្លួន​ឲ្យ​នៅ​យូរ​ទេ ត្រូវ​តែ​មាន​គូ​ដាច់ខាត​…»​។

ទោះ​យ៉ាងណា​គេ​នៅ​ចាំ​មើល​ថា តើ​លី​ដា ចិត្តរឹង​ដល់​ពេល​ណា​ទៀត? ពេល​ប៉ះ​ចំ​បុរស​មួយ​ដែល​ក្លា​ហ៊ាន ហើយ​ស៊ូទ្រាំ​យកឈ្នះ​ចិត្ត​នាង​បាន​នោះ​។