សេដ្ឋវិទូ​ WB ៖ ​កម្ពុជា​ពិបាក​សម្រេច​គោលដៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

163

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ផ្សព្វផ្សាយ​ពី​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៨ ម្សិលមិញ សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក (WB) បាន​ថ្លែង​ថា កម្ពុជា​អាច​នឹង​ពិបាក​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ (Upper middle-income) នៅ​ឆ្នាំ​២០៣០ បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​ដូចនឹង​បច្ចុប្បន្ន​នេះ ។

Loading...

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖« យើង​ពិបាក​នឹង​និយាយ​ថា​បាន​កម្រិត​ណាស់ ។ បើសិនជា​សេដ្ឋកិច្ច​កម្ពុជា មាន​ល្បឿន​កំណើន​ដូច​បច្ចុប្បន្ន​នេះ វា​នឹង​ពិបាក​សម្រេច​ឲ្យ​បាន​ណាស់​នូវ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​នោះ ក៏​ប៉ុន្តែ​មាន​វិធីសាស្ត្រ​ដែល​អាច​កម្ពុជា​សម្រេច​បាន​នូវ​ផែនការ​នោះ ដោយ​ធ្វើការ​កែប្រែ​នូវ​ចំណុច​និង​បន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ទៀត »​។

លោក​ថ្លែង​ថា ៖« ចង់​ឲ្យ​សម្រេច​ផែនការ ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ថ្ងៃ​អនាគត ត្រូវ​កែតម្រូវ​មួយ​ចំនួន ។ ជា​ឧ​ទារ​ហណ៍ ត្រូវ​បង្កើន​ការ​សន្សំ ព្រោះ​ការ​សន្សំ​នៅ​កម្ពុជា​នៅ​មាន​កម្រិត ហើយ​ជា​ពិសេស​នោះ​គឺ​ត្រូវ​ចាប់ផ្ដើម​សន្សំ​ក្រៅប្រទេស ។ មាន​ន័យ​ថា ត្រូវ​យក​ការ​សន្សំ​នៅ​ស្រុក​ក្រៅ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជាក់ស្ដែង​ចិន​ត្រូវ​យក​ការ​សន្សំ​នៅ​ប្រទេស​ចិន មក​វិនិយោគ​នៅ​ស្រុក​យើង​, កូរ៉េ​យក​ការ​សន្សំ​របស់​គេ​មក​រកស៊ី​នៅ​ស្រុក​យើង ព្រោះ​ការ​សន្សំ​នៅ​ស្រុក​យើង​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៅឡើយ »​។

លោក​បន្ត​ថា កម្ពុជា​មាន​ពេល​តែ​១៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​ប្រទេស​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដូចនេះ​កម្ពុជា ត្រូវ​ប្រឹងប្រែង​ខ្លាំង​ឡើង ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​នោះ ហើយ​បើសិនជា​មិន​ប្រឹងប្រែង​ទេ​នោះ ភាគរយ​នៃ​ការ​មិន​សម្រេច​បាន មាន​ច្រើន​ជាង​ការ​សម្រេច អីចឹង​ត្រូវ​តែ​ប្រឹង​បន្ថែម​ទៀត និង​មាន​វិធីសាស្ត្រ​ច្រើន ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​ផែនការ​នោះ ។

លោក Klaise Kilian នាយក​ប្រតិបត្តិ Eurocham ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ក្នុង​រយៈពេល​វែង​ទៀត​នោះ វា​នឹង​ពិបាក​ប្រមើល មើល​ណាស់​ថា តើ​កម្ពុជា​នឹង​សម្រេច​បាន​ដែរ​ឬទេ ព្រោះ​ក្នុង​រយៈពេល​នោះ ក៏​គេ​មិន​ទាន់​ដឹង​ថា មាន​អ្វី​កើតឡើង​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា និង​ប្រទេស​ធំ​ៗ​នៅឡើយ​ដែរ ក៏​ប៉ុន្តែ​កម្ពុជា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ឲ្យ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​នេះ ។

លោក​បន្ដ​ថា ៖« វិស័យ​ឯកជន​ក៏​ជា​ចំណែក​ធំ​មួយ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​ចក្ខុវិស័យ​នេះ​ដែរ ដូចនេះ រាជរដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​បន្ថែម​លើ​វិស័យ​ឯកជន » ។

លោកស្រី អុ​ី​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោ​បំណង​របស់​ខ្លួន ក្នុង​ការ​ទទួល​បាន​ចំណាយ​ថ្នាក់​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​លើ​ផ្នែក​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ធ្វើការ​កែទម្រង់​នានា ដែល​គាំទ្រ​ដល់​កំណើន សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ និង​ប្រកបដោយ​ចីរភាព ។

លោកស្រី​មាន​ប្រសាសន៍​ថា ៖« ការ​កៀងគរ​ប្រាក់​សន្សំ​ក្ន​ងុ​ស្រុក​ឲ្យ​បាន​ច្រើន​ដើម្បី​យក​ទៅ​បង្កើន​ការ​វិនិយោគ​គឺជា​កត្តា​សំខាន់​ក្នុង​ការ​ឈាន​ទៅ​ដល់​គោលដៅ​មួយ​ដូច​បណ្ដា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ល្អ​ជាងគេ​ក្នុង​តំបន់​អាស៊ី​សម្រេច​បាន » ។
បើ​ទោះបីជា​មានការ​លើក​ឡើង​បែប​នេះ​ក្ដី មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​អះអាង​ថា កម្ពុជា​នឹង​សម្រេច​បាន​ទៅ​តាម​គោលដៅ​នោះ ។

លោក ឈាង វ​ណ្ណា​រឹទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងផង​ដែរ​ថា ៖« កម្ពុជា​នឹង​សម្រេច​បាន​ទៅ​តាម​គោលដៅ ព្រោះ​កម្ពុជា​មាន​បច្ចេកទេស​ក្នុង​ការ​គិត និង​ការ​អនុវត្ត​របស់​ខ្លួន​រួច​ស្រេច​ហើយ ដូចនេះ​យើង​នឹង​សម្រេច​បាន​នូវ​អ្វី​ដែល​ជា​គោលដៅ​របស់​រាជរដ្ឋាភិបាល » ។

យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា នឹង​ល្អ​ប្រសើរ​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត ដែល​គាំទ្រ​កំណើន​ដោយ​វិស័យ​អចលនទ្រព្យ និង​សំណង់ ដែល​កំពុង​មាន​សន្ទុះ​ងើប​ខ្លាំង ក៏​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កំណើន​របស់​វិស័យ​នេះ​ផង​ដែរ ដោយសារ​តែ​បទ​ពិសោធន៍​គ្រប់​ប្រទេស គឺ​វិស័យ​នេះ​តែងតែមាន​វដ្ដ​របស់​វា ពេល​ទៅ​ដល់​កំពូល វា​នឹង​ត្រូវ​ចុះ​មក​វិញ ។

របាយការណ៍​ក៏​បាន​ឲ្យ​ដឹងផង​ដែរ ថា អត្រាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង​បន្តិចបន្តួច​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ គឺ​កើនឡើង​ដល់​៧,១​ភាគរយ នៅ​ក្នុង​ឆ្នាំ​២០១៨ ដែល​កំណើន​នេះ​នាំមុខ​ដោយ​ការ​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក និង​ការ​នាំ​ចេញ ។

ទោះបីជា​យ៉ាងនេះ​ក្ដី ហានិភ័យ​នានា​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​បន្ត​កើនឡើង ដែល​វា​នឹង​ពាក់ព័ន្ធ​ច្រើន​ទៅ​លើ​វិស័យ​សំណង់​និង​អចលនទ្រព្យ ។ ហានិភ័យ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ រួម​មាន​សក្តានុពល​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​សម្រាប់​កម្ពុជា និង​ផល​ប៉ះពាល់​ដែល​មិន​អាច​ព្យាករណ៍​ទុក​បាន​ដែល​កើត​ចេញពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ប្រចាំ​កម្ពុជា បានបញ្ជាក់ ៕