អស្ចារ្យណាស់! រាជិនី​ស្នូកឃ័រ និង​ប៊ី​យ៉ាក​ម្ពុ​ជា​នាំ​មោទនភាព​ជូន​ជាតិ​ជា​ថ្មី​ទៀតហើយ

270

រាជធានី​ភ្នំពេញ ៖ រាជិនី​ស្នូកឃ័រ និងប៊ី​យ៉ាក​ម្ពុ​ជា អ្នកស្រី ស្រួ​ង ភា​វី បាន​នាំ​មោទនភាពជូន​ជាតិ​ជា​ថ្មី​ទៀត​ហើយ​តាម​រយៈ​ការ​ដណ្ដើម​បាន​ពាន​ជើងឯក​ជូន​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស្នូកឃ័រ និង​ប៊ី​យ៉ា​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​១ (The 1st Asian Championship Lalies 3-Cushion 2018) នៅ​សាធារណរដ្ឋ​កូរ៉េ បន្ទាប់​ពី​អ្នកស្រី​បាន​ផ្ដួល​គូប្រកួត​ជា​បន្ដបន្ទាប់ តាំងពី​វគ្គ​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា ។

Loading...

ពី​សាធារណរដ្ឋ​កូរ៉េ អ្នកស្រី​ស្រួ​ង ភា​វី បាន​ឲ្យ​ដឹង​ថា នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​សហព័ន្ធ​កីឡា​ស្នូកឃ័រ និង​ប៊ី​យ៉ា​អាស៊ី រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ី​ផ្នែក​នារី​នេះ​ឡើង ហើយ​ក៏​ជា​អ្វី​ដែល​អ្នកស្រី​ទន្ទឹងរង់ចាំ​ដែរ ។ កីឡាការិនី​ដែល​មាន​ដើម​កំណើត​ពី​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ​ចង់​ចូលរួម​ប្រកួត​ក្នុង​នាម​កីឡាការិនី​កម្ពុជា និង​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​១​ជូន​ជាតិ​របស់​ខ្លួន ហើយ​ពេល​នេះ​អ្នកស្រី​បាន​សម្រេច​បំណង​របស់​ខ្លួន​ហើយ ។

ស្រួ​ង ភា​វី បន្ត​ក្នុង​សម្ដី​ដើម​ថា ៖«​ការ​ប្រកួត​កីឡា​ស្នូកឃ័រ​ជើងឯក​អាស៊ី​លើក​ដំបូង​នេះ គឺ​មាន​កីឡាការិនី ១៦​នាក់​មក​ពី​៣​ប្រទេស​ចូលរួម រួម​មាន​កូរ៉េ​៩​នាក់​, ជប៉ុន​៦​នាក់ និង​កម្ពុជា​ម្នាក់ ដែល​ជា​រូប​ខ្ញុំ​ផ្ទាល់ ។ ជា​លទ្ធផល ខ្ញុំ​បាន​ឆ្លងកាត់ ៦​ប្រកួត និង​ទទួល​បាន​ជ័យជម្នះ​ជាប់​ៗ​គ្នា ដើម្បី​ឈ្នះ​ពាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​នោះ​ប្រកួត​ផ្ដាច់ព្រ័ត្រ ខ្ញុំ​បាន​យកឈ្នះ​កីឡាការិនី​កូរ៉េ​៣០-២២​ពិន្ទុ ។ ខ្ញុំ​សប្បាយចិត្ត និង​រំភើប​ខ្លាំង​ណាស់ ព្រោះ​នេះ​គឺជា​សមិទ្ធផល ដែល​ខ្ញុំ​ប៉ង​ចង់បាន​យូរ​មក​ហើយ គឺ​ខ្ញុំ​ប៉ង​ដណ្ដើម​ជូន​ប្រទេស​ជាតិ​កម្ពុជា​របស់ខ្ញុំ ។

ជោគជ័យ​នេះ គឺជា​កត្ដា​រុញច្រាន និង​លើកទឹកចិត្ត​ខ្ញុំ​ឲ្យ​កាន់តែ​ខិតខំ​បន្ថែម​ទៀត ដើម្បី​បន្ដ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ក្នុង​នាម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ។

ចំពោះ​ការ​ប្រកួត​នេះ ទោះបី​មាន​ប្រទេស​ចូលរួម​តិច​ក្ដី តែ​វា​គឺជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ប្រទេស​ជាតិ ហើយ​ខ្ញុំ​សង្ឃឹមថា ការ​ប្រកួត​ក្រោយ​ៗ នឹង​មានការ​ចូលរួម​កាន់តែ​ច្រើន ពិសេស​ខ្ញុំ​ចង់​ឃើញ​កីឡាការិនី​ខ្មែរ​មាន​វត្តមាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​ខ្ញុំ​ក៏​ត្រៀមខ្លួន​ជួយ​ជំរុញ និង​លើកទឹកចិត្ត​ដល់​កីឡាការិនី​ខ្មែរ​ដូច​គ្នា​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១ នោះ​ទេ​ដែល​អ្នកស្រី​ស្រួ​ង ភា​វី ជា​ស្ដ្រី​ខ្មែរ​មាន​ស្វាមី​ជា​ជនជាតិ​កូរ៉េ ដណ្ដើម​មេដាយ​លើ​ឆាក
អន្ដរជាតិ ពោល​គឺ​អ្នកស្រី​ធ្លាប់​ដណ្ដើម​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ជា​ច្រើន​គ្រឿង​មក​ហើយ ។

ជាក់ស្ដែង កាលពី​ចុងខែ​កញ្ញា​កន្លង​ទៅ អ្នកស្រី​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង ក្នុង​ការ​ប្រកួត​កីឡា​ស្នូកឃ័រ​ជ្រើសរើស​ជើងឯក​ពិភពលោក នៅ​ប្រទេស​តួ​ក​គី ផង​ដែរ ។ អ្វី​ដែល​គួរ​កត់សម្គាល់​អ្នកស្រី​បាន​ធ្វើ​ឲ្យ​អ្នក​និយម​លេង​កីឡា​ស្នូកឃ័រ​ជុំវិញ​ពិភពលោក មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​សមត្ថភាព និង​ទេព​កោសល្យ​ក្នុង​ការ​លេង​កីឡា​មួយ​នេះ​៕