រីករាយ នាំ​គ្នា​ទូងស្គរ គគ្រឹកគគ្រេង​ទូ​ទាំង​ប្រទេស

233

រាជធានី​ភ្នំពេញ​៖ សិល្បករ និង​ជនរួមជាតិ​កម្ពុជា​បាន​សម្តែង​ការ​អបអរ និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ចំពោះ​ល្ខោនខោល​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​ទទួល​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ ការ​សម្រេច​បាន​នេះ គឺជា​ជោគជ័យ​យ៉ាង​ធំធេង​មួយទៀត​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បន្ទាប់​ពី​បាន​ខិតខំ​លើ​បញ្ហា​នេះ​អស់​ជា​ច្រើន​ឆ្នាំ ។

Loading...

ល្ខោនខោល​ដែល​ត្រូវ​បាន​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​នេះ​បាន​ធ្វើ​ឲ្យ​រំសាយ​រលក​នៃ​ការ​រិះគន់ និង​ការ​ព្រួយ​បារម្ភ​ពី​មហាជន​ដ្បិត​ប្រទេស​ថៃ​បាន​ប្រកាស​ថា ល្ខោនខោល​ជា​របស់​ខ្លួន និង​ប្រាថ្នា​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ដែរ ។ ក្រោយ​ពី​មានការ​ប្រកាស​ថា ល្ខោនខោល​ខ្មែរ​បាន​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​មក នៅ​តាម​ហ្វេ​ស​ប៊ុ​ក​សិល្បករ និង​មហា​ជន​ទូទៅ​បាន​នាំ​គ្នា​សម្តែង​ការ​អបអរ និង​ចែកចាយ​ដំណឹង​នេះ​យ៉ាង​ផុសផុល ដោយ​ក្តី​រំភើប​រីករាយ និង​មាន​មោទនភាព ។ ពួក​គេ​បាន​ចាត់​ទុក​ដំណឹង​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ក្នុង​នាម​ខ្មែរ​គឺជា​ម្ចាស់​តែ​មួយ​គត់​នៃ​ទម្រង់​សិល្បៈ​ល្ខោនខោល​ដ៏​ចំណាស់​មួយ​នេះ ខុស​ពី​ការ​អះអាង​របស់​ភាគី​ថៃ​ដែល​ថា​សិល្បៈ​មួយ​នេះ​ជា​របស់​ខ្លួន ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​ភ្លាម​ៗ​ជូន​ជនរួមជាតិ ក្នុង​ឱកាស​ដែល​ល្ខោនខោល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្លូវការ​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ នៅ​ទីក្រុង​ព័រ​ល្វី​ស សាធារណរដ្ឋ​ម៉ូ​រី​ស នៅ​ថ្ងៃ​ទី ២៨ វិច្ឆិកា ឆ្នាំ ២០១៨​នេះ ។ ដើម្បី​អបអរសាទរ​ព្រឹ​ត្ត​ការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ណែនាំ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​ជនរួមជាតិ​កម្ពុជា​គ្រប់​រូប សូម​ចូលរួម​អបអរសាទរ វាយគង ទូងស្គរ ទះ​ប៉ោត គោះ​ត្រដោក នៅ​ម៉ោង​១០​យប់ នា​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក​ស៊ុប សា​កា​រ៉ា ប្រធាន​សាលា​សិល្បៈ​ហ្វូ​ណ​ន បាន​ចូលរួម​សម្តែង​ការ​អបអរ​ដែល​ល្ខោនខោល​ខ្មែរ​ចូល​ក្នុង​សម្បត្តិ​បេ​តក​ភណ្ឌ​ពិភពលោក ក្នុង​នោះ​សាលា​សិល្បៈ​ហ្វ៊ូ​ណ​ន​នឹង​រៀប​ចំការ​សម្តែង​ល្ខោនខោល​រយៈពេល​៧​ថ្ងៃ នៅ​វត្ត​ភ្នំ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១៤ ធ្នូ ២០១៨​។

ប្រធាន​សមាគម​សិល្បៈ​ប្រធាន​ក្រុម​សិល្បៈ​យុវជន​ល្ខោនខោល​ជំនាន់​ថ្មី​ក៏​បាន​សម្តែង​ក្តី​រំភើប​ចិត្តជា​ខ្លាំង បន្ទាប់​ពី​លោក​ទទួល​បាន​ដំណឹង​ថា ល្ខោនខោល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្ក​ការ​យូ​ណេ​ស្កូ​ផ្លូវការ​នេះ ។ នាដក​សិល្បៈ​ល្ខោនខោល​រូប​នេះ និយាយ​ថា «​ខ្ញុំ​រំជួលចិត្ត​មែនទែន​ដែល​ក្តី​សង្ឃឹម​របស់ខ្ញុំ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ​បាន​សម្រេច​បែប​នេះ​»​។ លោក​ភូមិ​រ៉ា បន្ថែម​ថា ការ​សម្រេច​របស់​អង្គការ​យូ​ណេ​ស្កូ នឹង​ធ្វើ​ឲ្យ​លោក និង​ក្រុមការងារ​កាន់តែ​មាន​កម្លាំងចិត្ត​ក្នុង​ការ​បន្ត​កិច្ច​ការងារ​នេះ​កាន់តែ​ខ្លាំង និង​ប្រឹងប្រែង​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ។

ដោយឡែក​កាសែត​បាងកក​បុ​ស្តិ៍​របស់​ថៃ​បាន​ចេញផ្សាយ​ពាក់ព័ន្ធ​ទៅ​នឹង​ល្ខោនខោល​កម្ពុជា​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ដោយសារ​ព័ត៌មាន​នៅ​ក្នុងស្រុក​ថា អ្នក​អភិរក្ស​វប្បធម៌​ថៃ កំពុង​ស្តីបន្ទោស​រាជរដ្ឋាភិបាល​របស់​ខ្លួន​ចំពោះ​បរាជ័យ​នៃ​ការ​ដាក់​ល្ខោន​ខុន​របស់​ខ្លួន ក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​ជោគជ័យ ។

ល្ខោន​ខុន​របស់​ថៃ គឺជា​ទម្រង់​ល្ខោន​បែប​របាំ​រាំ​សម្តែង​ដោយ​ពាក់​ស្បែក​មុខ ដូច​គ្នា​ស្ទើរ​ទាំងស្រុង​នឹង​ល្ខោនខោល​របស់​កម្ពុជា ។ ប្រទេស​ថៃ ក៏​បាន​ស្នើ​រដាក់​បញ្ចូល​ល្ខោន​ខុន​របស់​ខ្លួន​ក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​នី​ស្កូ​ដែរ ខណៈ​កម្ពុជា បាន​ស្នើ​សុំ​ដាក់​បញ្ចូល​ល្ខោនខោល ។ ការ​ខកចិត្ត​សម្រាប់​ប្រទេស​ថៃ ដោយសារ​តែ​ល្ខោនខោល ដែល​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​កម្ពុជា ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ​សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​អរូបី​យ​នៃ​មនុស្សជាតិ ។

តាម​កាសែត​បាងកក​ប៉ុស្តិ៍ មហាជន​ថៃ​បាន​ស្តីបន្ទោស​ចំពោះ​រាជរដ្ឋាភិបាល​របស់​ខ្លួន ដែល​ហាក់​មិន​បាន​ធ្វើ​សកម្មភាព​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​ដាក់​ប​ញ្ជូ​ល​ល្ខោន​ខុន ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ៕