លោក​ត្រាំ​នឹង​ជូនដំណឹង​ដល់​សភាជាតិ​ពី​ការ​លុប​បំបាត់​ NAFTA

129

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មក​ថា​លោក​នឹង​ជូនដំណឹង​ជា​ផ្លូវការ​ដល់​សភាជាតិ​អា​មេ​រិ​ក​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​លុប​បំបាត់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អា​មេ​រិ​ក​ខាងជើង (NAFTA) និង​ទុក​ពេល​៦​ខែ​ឲ្យ​តំណាងរាស្ត្រ​ក្នុង​ការ​សម្រេច​លើក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ដែល​បាន​សម្រេច​កាលពី​ថ្ងៃ​សុក្រ ។

Loading...

លោក​ត្រាំ​បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា សហរដ្ឋអាមេរិក​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​ថ្មី​មួយ​បាន​ទេ ព្រោះតែ​សភាជាតិ​មាន​ជម្រើស​ត្រលប់​ទៅ​រក​វិធាន​ពាណិជ្ជកម្ម NAFTA ឆ្នាំ​១៩៩៤ ។

កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ លោក​ប្រធានាធិបតី​ត្រាំ​, លោកនាយក​រដ្ឋមន្ត្រី Justin Trudeau របស់​កា​ណា​ដា និង​លោក​ប្រធានាធិបតី Enrique Pena Nieto របស់​ម៉ិ​ក​ស៊ិ​ក បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា កិច្ចព្រមព្រៀង​រវាង​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា (USMCA)​។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អា​មេ​រិ​កបាន​ស្នើ​ឲ្យ​មានការ​អនុម័ត​វិធាន​ស្តង់ដា​ការងារ​និង​បរិស្ថាន​ថ្មី​ឲ្យ​តឹងរ៉ឹង​ជាង​មុន និង​បាន​អះអាង​ថា យុទ្ធសាស្ត្រ​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ និង រដ្ឋ​ក្រោម USMCA នៅ​ទន់ខ្សោយ ពេក ។

សភាពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​កាលពី​ឆ្នាំ​មុន​ថា ការ​ចាក​ចេញពី NAFTA ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី នឹង​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​របស់​អា​មេ​រិ​ក បង្ក​ឲ្យ​មានការ​បាត់បង់​ការងារ​រាប់​ពាន់​កន្លែង និង​បង្កើត​ឲ្យ​មាន​បញ្ហា​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​ជាតិ​ថែម​ទៀត ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន