តម្លៃ​ប្រេង​កើនឡើង ​ព្រោះតែ​ការ​ព្រមព្រៀង​កាត់​បន្ថយ​ទិន្នផល​ប្រេង

99

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​ប្រេង​បាន​កើនឡើង​ច្រើន​ជាង​៥%​ទៅ​ទៀត​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត បន្ត​កិច្ចព្រមព្រៀង​ដាក់​កម្រិត​លើ​ទិន្នផល​ប្រេង ខណៈ​ដែល​សហរដ្ឋអាមេរិក​យល់ព្រម​ផ្អាក​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស
ចិន ។

Loading...

លោក​ប្រធានាធិបតី វ្លា​ដឺ​មៀរ ពូ​ទី​ន (Vladimir Putin)​របស់​ប្រទេស​រុ​ស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​មក​ថា លោក​និង​ព្រះរាជបុត្រ Mohammed bin Salman បាន​ព្រមព្រៀង​ថា នឹង​បន្ត​កិច្ចព្រមព្រៀង​ក្នុង​ការ​ដាក់​កម្រិត​លើ​ផលិតកម្ម​ប្រេង ខណៈ​ដែល​តម្លៃ​ប្រេង​បន្ត​អន់​ថយ ។ កិច្ចព្រមព្រៀង​រវាង​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​មិនមែន​ជា​សមាជិក នឹង​អស់​សុពលភាព​នៅ​ឆ្នាំ​នេះ ។

ភាគី​ទាំង​ពីរ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​បរិមាណ និង​រយៈពេល​នៃ​ការ​កាត់​បន្ថយ​ទេ ប៉ុន្តែ​ពាណិជ្ជករ​បាន​គាំទ្រ​កិច្ច​ព្រមព្រៀង​នេះ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង Brent កើនឡើង ២,៨២​ដុល្លារ មក​ស្មើ ៥៣,៧៥​ដុល្លារ និង​តម្លៃ​ប្រេង West Texas Intermediate កើនឡើង​បាន ២,៩៨​ដុល្លារ​មក​ស្មើនឹង​៦២,៤៤​ដុល្លារ​ក្នុង​១​ធុង​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ ។

តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ប្រមាណ​១​ភាគ​៣​តាំងពី​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​កាលពីដើម​ខែតុលា​មក ព្រោះតែ​កត្តា​ជា​ច្រើន​ដូច​ជា ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​, កំណើន​ផលិតកម្ម​, ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​អុ​ី​រ៉​ង់​ដែល​ទន់ខ្សោយ​ជាង​ការ​គិត​ទុក និង​ការ​អន់​ថយ​សេដ្ឋកិច្ច​ពិភពលោក​ជាដើម ។

កត្តា​ធំ​មួយទៀត​ដែល​បង្ក​ឲ្យ​តម្លៃ​ធ្លាក់​ចុះ​គឺ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក ប៉ុន្តែ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) និង​លោក ស៊ី​ជិន ពីង (Xi Jinping) បាន​ប្រកាស​ពី​កិច្ចព្រម​ព្រៀង​មួយ​ដែល​ផ្អាក​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១ ខែមករា ហើយ​ប្រទេស​ចិន​សន្យា​ថា​នឹង​នាំ​ចូល​កាន់តែ​ច្រើន​ទៀត​ពី​សហរដ្ឋអា​មេ​រិ​ក ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន