មឈូស​សព​លោក​ប៊ូ​ស​ឪពុក​តម្កល់​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន

217

សហរដ្ឋអាមេរិក ៖ គ្រប​ដោយ​ទង់ជាតិ​អា​មេ​រិ​ក មឈូស​សព​របស់​លោក​GEORGE HERBERT WALKER BUSH គេ​និយម​ហៅ​លោក​ប៊ូ​ស​ឪពុក ជា​ប្រធានាធិបតី​ទី​៤១​របស់​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​៣​ធ្នូ​ត្រូវ​បាន​តម្កល់​នៅ​វិមាន​កា​ពី​តូ​ល​ក្រុង​វ៉ា​ស៊ិ​ន​តោន សម្រាប់​ពិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ជាតិ​។

Loading...

កូនប្រុស​របស់​លោក​ដែល​ជា​ប្រធានាធិបតី​ទី​៤៣​របស់​សហរដ្ឋអាមេរិក លោក​ច​ច​ដាប់​ប៊​ល​យូ​ប៊ូ​ស ព្រមទាំង​ភរិយា​លោកស្រី​ឡូ​រ៉ា​និង​សាច់ញាតិ​ឯទៀត​ៗ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទីក្រុង​ហ៊ុ​ស្តុ​ន​រដ្ឋ​តិច​សាស់ តាម​យន្តហោះ​ប្រ​ធានា​ធិ​ប​តី​ដែល​ផ្ដល់​ដោយ​លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​ដឹក​មឈូស​សព​លោក​ប៊ូ​ស​ឪពុក​មក​កាន់​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

លោក​ប៊ូ​ស​ឪពុក​ជា​អ្នក​សាធារណរដ្ឋ​ធ្លាប់​អះអាង​ថា លោក​មិន​បាន​បោះ​ឆ្នោត​គាំទ្រ​លោក​ដូ​ណា​ល់​ត្រាំ​ឡើយ ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ តែ​ប្រមុខ​សេត​វិមាន​បច្ចុប្បន្ន មាន​បំណង​ផ្ដល់​រាល់​ក​ត្តិ​យស​ជូន​លោក ពិសេស​ដោយ​ផ្ដល់​យន្តហោះ​ប៊ូ​អីុង​៧៤៧​ប្រ​ធានា​ធិ​ប​តី សម្រាប់​ដឹក​មឈូស​សព​លោក​ប៊ូ​ស​ឪពុក​មក​កាន់​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​នា​ព្រឹក​ថ្ងៃ​ទី​៣​ធ្នូ​ថា យើង​ប្រញាប់ប្រញាល់ រួម​ជាមួយ​គ្រួសារ​ប៊ូ​ស​ដើម្បី គោរព​វិញ្ញាណ​ក្ខ័​ន្ធ​លោក​GEORGE HERBERT WALKER BUSH ។  ថ្ងៃ​ទី​៥​ធ្នូ​ជា​ទិវា​កាន់​មរណៈទុក្ខ​ជាតិ​ដោយ​បុណ្យសព​បែប​សាសនា នឹង​ធ្វើ​នៅ​កា​ដ្រេ​ត្រា​ល់​ជាតិ​ក្រុង​វ៉ា​ស៊ិន​តោន​។ នា​ឱកាស​នោះ​លោក​ត្រាំ​នឹង​មាន​វត្តមាន ក៏​ដូច​ជា​លោកស្រី​ និង​ស្វា​មី​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា ព្រមទាំង​អតីត​ប្រធានាធិបតី​​អា​មេ​រិ​ក​ដទៃ​ៗ​ទៀត​។ លោក​ប៊ូ​ស​ឪពុក​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​ក្នុង​ជន្មាយុ​៩៤​ឆ្នាំ ៕ ដោយ​ខាន់​ សុឃន