នាយ​ប៉ោយ​ចៅ​តា ឈឺ​ធ្ងន់​ក្នុង​គ្រា​ខ្វះខាត

489

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​ដែល​ទស្សនិកជន​បាន​ស្គាល់​តាំងពី​តូច​តាម​រយៈ​ការ​សម្តែង​តួ​អា​ប៉ោយ​ចៅ​តា កាលពី​អំឡុង​ឆ្នាំ​២០០៥-២០០៦ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ។ ក្នុង​ស្ថានភាព​បែប​នេះ​គេ​បាន​ដាច់​ចិត្ត​លើកដៃ​សុំ​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន ។

Loading...

បើ​យោង​តាម​ការ​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​កំប្លែង​រូប​នេះ​នា​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា នាយ​កំពុង​តែ​មាន​ជំងឺ​ជា​ទម្ងន់​រយៈពេល​ជិត​១​ខែ​មក​ហើយ ។ នាយ​មាន​ជម្ងឺ​ប្រចាំ​កាយ​កម្រិត​ធ្ងន់ គឺ​ខ្សោយ​តម្រង​រោម និង​ខ្វះ​ឈាម​ច្រើន ។ «​ដូចនេះ​ខ្ញុំ​មាន​តែ​លើក​ម្រាមដៃ​ទាំង​១០​របស់ខ្ញុំ សូម​អំពាវនាវ​ដល់​លោក​ពុក​អ្នក​ម្តាយ ញាតិ​មិត្ត​ជិត​ឆ្ងាយ បងប្អូន ឬ​លោកគ្រូ​អ្នកគ្រូ និង​ជា​ពិសេស​សូម​ជំនួយ​ពី​លោកគ្រូ អ្នកគ្រូ បង​ៗ​ក្នុង​ក្រុម​សិល្បៈ​ដែល​បាន​ស្គាល់​រូប​ប្អូន សូម​ជួយ​ប្អូន​ផង ប្អូន​មិនដឹង​ថា​ទៅ​ពឹង​អ្វី​ទេ ព្រោះ​ប្អូន​ខ្សត់ ខ្សោយ​លុយកាក់​ខ្លាំង​ណាស់​។ ខ្ញុំ​ង្ឃឹ​ម​ថា​បងប្អូន​នឹង​មក​ផ្តល់​កម្លាំងចិត្ត​ឲ្យ​រូប​ខ្ញុំបាទ (​កំប៉ោយ​ចៅ​តា​ផង​) ។ បើសិន​លោក​ពុក​អ្នក​ម្តាយ លោកគ្រូ​អ្នកគ្រូ បងប្អូន​ចង់​មក​មើល​ខ្ញុំ​នៅ​មន្ទីរពេទ្យ ឈ្មោះ​ពេទ្យ​គង់ គឹ​ម​ច​ន់ នៅ​ម្ងា​យ​៥០​ម៉ែត្រ​ពី​ស្ពាន​លី​យ៉ុ​ង​ផាត់ គេ​ហៅ​ថា​ស្ពាន​ព្រែក​ព្នៅ »​។

អា​ប៉ោយ​ចៅ​តា ត្រូវ​ទស្សនិកជន​ធ្លាប់​បាន​ស្គាល់​កាលពី​អំឡុង​ឆ្នាំ​២០០៥-២០០៦​តាម​រយៈ​ផលិតកម្ម​សាន់​ដេ និង​ការ​សម្តែង​នៅ​ស្ថានីយទូរទស្សន៍​នានា​ផង​ដែរ ។ តារា​កំប្លែង​រូប​នេះ​ជា​តួអង្គ​ប្រចាំ​កម្មវិធី​ផ្ទះ​សំណើច ដែល​ចាក់​ផ្សាយ​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ វេលា​ម៉ោង​៩​និង​៣០​នាទី​ដល់​ម៉ោង​១០​ព្រឹក នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ជាមួយ​នាយ​ចាប​ចៀន ។

ក្រោយ​ពេល​បង្ហោះ​សារ​នោះ​មក បណ្តា​អ្នកគាំទ្រ​ជា​ច្រើន​សម្តែង​ក្តី​អាណិត ដោយ​មិន​នឹក​ស្មានថា​នៅ​ក្មេង​សោះ តែ​មាន​ជំងឺ​សាហាវ​បែប​នេះ ។ អ្នកគាំទ្រ​បាន​ជូនពរ​នាយ​ប៉ោយ​ចៅ​តា​ឲ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ ៕ ដោយសុខ វាសនា