រាជធានីភ្នំពេញ ៖ យោងតាមការទម្លាយនិងសារភាពដោយផ្ទាល់របស់កីឡាការិនីល្បុក្កតោ អ៊ុ សមថារ័ត្ន ដែលប្រើឈ្មោះកាត់ថា សម ថារ័ត្ន បានអះអាងថា លោក អ៊ុ ដារ៉ា ដែលត្រូវគេស្គាល់ថាជាស្ដេចវីយូឡុង មិនមែនមានតែម្ដាយរបស់នាងជាភរិយា និងមានតែនាងជាកូននោះទេ គឺលោកមានភរិយាមុន និងមានកូនមុនៗច្រើននាក់ដែលមានជីវភាពល្អប្រសើរ ។ គួរឱ្យសរសើរដែលកូនមុនៗរបស់លោក អ៊ុ ដារ៉ា មិនសូវអើពើចំពោះជំងឺរបស់ឪពុកនោះ កញ្ញា សម ថារ័ត្ន បែរជាមិនខឹងនិងថាគឺជារឿងមិនអាក្រក់នោះទេ ដោយសារតែកាលពីមុនលោកឪពុករបស់នាងក៏ធ្វើឱ្យកូនៗទាំងនោះអន់ចិត្ត ដែលតម្រូវឱ្យនាងតស៊ូមើលជំងឺពិការរបស់ឪពុកតែម្នាក់ឯងក៏មិនអីដែរ ។
កញ្ញា សម ថារ័ត្ន និយាយថា ឪពុករបស់នាងមុនពេលបានភពប្រសព្វជាមួយម្ដាយនាងជាភរិយា លោកក៏មានភរិយាមុន និងមានកូនមុនៗរួចហើយ ដោយកូនមុនៗរបស់ឪពុកនាងក៏មានមួយចំនួនមានជីវភាពធូរធារផងដែរ។
កញ្ញាបន្លុយពាក្យថា បងៗរបស់នាងកូនភរិយាមុន មិនសូវបានឡើងចុះមើលថែឪពុកនាងក្នុងពេលឪពុករបស់នាងបានធ្លាក់ខ្លួនពិការនោះទេ ប៉ុន្តែនាងយល់ថា អ្វីដែលបងៗទាំងនោះបានធ្វើគឺជារឿងសមហេតុផល ដោយសារតែឪពុករបស់នាងក៏មានអនុស្សាវរីយ៍ធ្វើឱ្យបងៗរបស់នាងមិនសប្បាយចិត្តផងដែរ ។
នាងបានថ្លែងក្នុងឱកាសដែលអ្នកនាងឈួន សុវណ្ណឆៃ ចុះសួរសុខទុក្ខឪពុកថា«ពុកខ្ញុំគាត់មានគ្រួសារមុនៗច្រើននាក់ តែខ្ញុំអត់ខឹងនឹងពួកគាត់ដែលមិនមករ៉ាប់រងលោកឪពុកខ្ញុំទេ ដោយសារតែកាលមុនពុកខ្ញុំក៏គាត់ធ្វើរឿងមិនល្អកាលគាត់នៅល្អដាក់ពួកគាត់ខ្លះដែរ»។ ជាមួយអារម្មណ៍មិនតូចចិត្ត ដែលត្រូវបងៗទម្លាក់ឪពុកឱ្យនាង និងម្ដាយជាអ្នករា៉ប់រងទាំងស្រុង កញ្ញាបញ្ជាក់ថា កញ្ញាពេញចិត្តនឹងតស៊ូមើលឪពុក ដោយមិនរួញរាទេ ដោយកញ្ញានឹងខំរកលុយដើម្បីជួយឱ្យឪពុកចៀសផុតពិការភាព ឬអាចមានសុខភាពល្អប្រសើរជាងនេះ ក្នុងពេលណាមួយនោះផង។
កញ្ញានិយាយថា«ខ្ញុំរាល់ថ្ងៃអត់មានគិតថា កូនគាត់មានច្រើន ចឹងបើគេមិនខ្វល់ផង តើខ្ញុំត្រូវខ្វល់អីម្នាក់ឯងនោះ ពោលគឺគាត់ធ្លាក់ខ្លួនពិបាកចឹងហើយ គឺមានតែប្រឹងមើលគាត់ទៅ!»។ កញ្ញានៅតែបង្ហោះសារគួរឱ្យរន្ធត់ចិត្តថា«អរគុណឪពុក ដែលបានសហការជាមួយកូនអំឡុងពេលកូននៅមើលថែ ពេលដែលពុកស្ថិតក្នុងដង្ហើមផិតផើយ ប្រឹងរស់បន្តជីវិតដើម្បីជាជនគំរូសម្រាប់សង្គមគ្រួសារ និងប្រទេសជាតិ និងឱ្យកូនៗបានមើល និងរៀនសូត្រតាម ទោះបីពុកមិនបានសម្ដីវោហារស្ដីប្រដៅដូចពុកគេដទៃ តែទង្វើដែលពុកបានបង្ហាញ គឺមានន័យណាស់ទៅហើយ ។
ស្ថានភាពគ្រួសារយើងពីមុន វេទនា តែឥឡូវនេះពួកយើងបានអង្គុយគ្រាន់ សង្ឃឹមថាថ្ងៃខាងមុខ ពួកយើងនឹងបានឈរយ៉ាងស្រស់ស្រាយដោយក្ដីសុខបំផុត ។ ខ្ញុំរមែងត្រឡប់ទៅមើលរូបថត និងអនុស្សាវរីយ៍របស់ឪពុកដែលធ្លាប់បានសាង ឈរស្រក់ទឹកភ្នែក សោកស្ដាយនៅពេលដែលពុកប្រញាប់ធ្លាក់ខ្លួនឈឺ ទាំងមិនទាន់បានបង្រៀនឱ្យកូនៗចេះបទភ្លេង និងនិពន្ធអីផង។ មិនដែលឮពុកអួតប្រាប់កូនមួយម៉ាត់ថា ឪពីមុនល្បីប៉ុនណាដែរ! អួតមួយម៉ាត់ពីរអីអត់អាលីង»។
ពាក្យពេចន៍របស់នាង គឺគ្មានអ្នកណាមិនសរសើរនោះទេ ថានាងជាកូនស្រីកត្តញូ ដែលផ្ទុយពីគ្រួសារខ្លះ ដែលមានបងប្អូនជាប់ឈាមឪពុកច្រើននាក់ ហើយនៅពេលឪពុកធ្លាក់ខ្លួន គឺរមែងប្រចាំគ្នាទៅវិញទៅមក ។ នាងបន្តគួរឱ្យសរសើរថា«លោកឪលោកម៉ែ កូនសុំទោស ដែលមិនបានដើរតាមផ្លូវឪ ។ ឪបានចំណូលមិនឈឺសាច់ដូចកូនមែន តែឪចុករួយចង្កេះ ឈឺក្បាល ស្ត្រេស ព្រោះឪប្រើខួរ ក្បាលគិតច្រើន»។
មកទល់ពេលនេះ ឪពុករបស់នាងនៅតែមានស្ថានភាពល្អប្រសើរមិនច្រើនជាងមុននោះទេ ដោយសារតែការព្យាបាលមិនបានដិតដល់ និងខ្វះលទ្ធភាពព្យាបាលដោយបច្ចេកវិទ្យាពេទ្យទំនើប គឺទទួលបានលទ្ធផលមិនច្រើន។ កញ្ញាថា លោកអ៊ុ ដារ៉ា ក្រៅពីពិការដើរមិនរួច ក៏មានបញ្ហាវង្វេងវង្វាន់ដោយពេលនៅពេលធ្វើទុក្ខផងដែរ តែលោកនៅតែទទួលទានអាហារបាន ជាពិសេសនៅពេលនាងចំណាយពេលបញ្ចុកមើលថែ មុនពេលនាងចេញទៅប្រកួតនៅក្រៅប្រទេស ។ អ្វីដែលធ្វើឱ្យនាងកាន់តែសប្បាយចិត្តទៅទៀតគឺលោកមានកម្លាំងចិត្តចង់ជា ចង់ទទួលការព្យាបាល ដោយមិនសូវមានអារម្មណ៍អស់សង្ឃឹមដូចមុន ដែលធ្វើឱ្យនាងគិតថា បើមានលទ្ធភាពយកលោកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យទំនើប គឺឪពុកពិតជាកាន់តែមានសភាពល្អប្រសើរផ្នែកសុខភាព។
យ៉ាងណាមិញ នាងថា ឪពុករបស់នាងដែលមានបញ្ហាឆ្អឹងរហូតដល់ថ្នាក់ពិការមិនអាចដើរបាន គឺខាងវេជ្ជបណ្ឌិតក៏មិនហ៊ានទទួលវះកាត់នោះដែរ ដោយសារតែអះអាងថា លោកមានវ័យចាស់ ហើយឆ្អឹងក៏ពិបាកក្នុងការតភ្ជាប់ ។ ប៉ុន្តែនាងថា បើនាងមានលុយ ឬមានសប្បុរសជនណាចេញមុខជួយដល់ឪពុករបស់នាង ហើយអាចឱ្យនាងមានឱកាសយកឪពុកទៅព្យាបាលដិតដល់ គឺនាងយល់ថា ឪពុកនឹងអាចរឹងមាំ ឬអាចដើរបាន ។
នាងថា ថ្វីដ្បិតឪពុកស្ថិតក្នុងសភាពបែបហ្នឹង ហើយមានការបញ្ជាក់ថាស្ថានភាពវះកាត់នឹងពិបាកធ្វើឡើងយ៉ាងហ្នឹង តែនាងនៅតែមិនអស់ចិត្ត អ៊ីចឹងហើយទើបនាងនៅតែបន្តទទួលការងារសម្ដែង និងការងារចេញប្រកួតទាំងក្នុង និងក្រៅប្រទេសជាហូរហែ រាប់ទាំងប៉ុន្មានថ្ងៃមុននេះផង ដើម្បីអាចមានកម្រៃបានច្រើនយកមកផ្ទប់ថ្លៃព្យាបាលឪពុក និងក្រែងមានការជ្រោមជ្រែងណាមួយ ក្នុងការជួយដល់ឪពុករបស់នាងឱ្យមានលទ្ធភាពព្យាបាលក្រៅពីពេទ្យខ្មែរដូចសព្វថ្ងៃ។ គួរបញ្ជាក់ថា បិតាវីយូឡុង អ៊ុ ដារ៉ា ធ្លាប់ល្បីឈ្មោះខ្លាំងនៅក្នុងអំឡុងទសវត្សឆ្នាំ៦០។
លោកបាននិពន្ធបទចម្រៀងជាច្រើន ដូចជាបទ«រូបអូនហ្នឹងហើយ» បទ«ថ្ងៃណាមានសង្ឃឹម»បទ «ឈប់ស្រលាញ់អូនទៅ» បទ«នេះឬផលបុណ្យ»បទ «ស្រលាញ់អូនដល់ណា» បទ«ចាស់ជូរអែម» ជាដើម ដែលសុទ្ធតែល្បីមកដល់ជំនាន់ក្រោយ ។ មកដល់ពេលនេះ លោកមានវ័យ៧៩ឆ្នាំ ដោយមានជំងឺឆ្អឹងត្រគាកខាងឆ្វេងហើយដើរមិនរួចអស់រយៈពេលច្រើនឆ្នាំមកហើយ ៕ ដោយផាត់ តារារដ្ឋ