អ្នក​ភូមិ​បន្តវេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រក្សា​បាន​ល្ខោនខោលវត្ត​ស្វាយ​អណ្តែត

226

ខេត្តកណ្តាល ៖​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ស្ថិត​ក្នុងភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​អភិរក្ស​បន្តវេន​ខ្ជាប់ខ្ជួន​ពី​អ្នក​ភូមិ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​រហូត​ដល់​បច្ចុប្បន្ន ។

Loading...

ជួប​ជាមួយ​លោក​ប៉ូច ផៃ អាយុ​៦៥​ឆ្នាំ អតីត​នាយក​សាលា​(​ចូល​និវត្តន៍​) បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ក្រុម​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​បាន​រៀបរាប់​ពី​ប្រវត្តិ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ លោក​ថា​មិន​មាន​ឯកសារ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ណាមួយ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​ល្ខោនខោល​នេះ​ទេ ។ ចាប់តាំងពី​លោក​ដឹងក្តី​មក​គ្រាន់តែ​ឮ ចាស់​ៗ​និយាយ ត​ៗ​គ្នា​ថា​ល្ខោនខោល​បាន​ចាប់កំណើត​នៅ​ក្នុង​វត្ត​ស្វាយ​អណ្តែត​រយៈពេល​រាប់រយ​ឆ្នាំ​មក​ហើយ ។ ចំណែក​រូប​លោក​បាន​ចូលរួម​វិស័យ​ល្ខោន​ខោល​​ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក ដោយពេល​នោះ​លោកគ្រូ ចាស់​ៗ​គ្រប់​ផ្នែក​ជា​ច្រើន​នាក់​បាន​បង្ហាត់បង្រៀន តែ​ពួក​គាត់​បាន​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់ ។ នៅ​ឆ្នាំ​២០១២ គេ​ក៏​បាន​ឲ្យ​រូប​លោក​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ក្រុម​ល្ខោនខោល​រហូត​មក​ទល់​បច្ចុប្បន្ន។

លោក​ប៉ូច ផៃ បញ្ជាក់​ថា​ល្ខោនខោល​តួ​សម្តែង​មិន​មាន​ស្រី​ទេ ដោយ​មាន​ពាក់​មុខ​ទៅ​តាម​តួអង្គ​ដែល​ត្រូវ​សម្តែង ។ គេ​ជ្រើសរើស​យក​បុរស​ដែល​មាន​រូបរាង​ល្វតល្វន់​ទន់ភ្លន់​ដូច​ស្រី​ឲ្យ​សម្តែង​ធ្វើ​តួ​ស្រី​ទៅ​តាម​សាច់​រឿង ។

បើ​តាម​ការ​ស្រាវជ្រាវ​របស់ លោកគ្រូ​ៗ​ជំនាន់​មុន មូលហេតុ​ដែល​ល្ខោនខោល​មិន​មាន​តួអង្គ​ស្រី​ដោយសារ​កាល​ដើម​ឡើយ​នៅ​ព្រះ​បរមរាជវាំង​មាន​របាំ​ព្រះរាជ​ទ្រព្យ គឺ​មាន​តួអង្គ​សុទ្ធតែ​ស្រី ហើយ​ពេល​ណា​គេ​ត្រូវការ​តួ​ប្រុស​សម្តែង​ធ្វើ​យក្ស គេ​ឲ្យ​មនុស្ស​ស្រី​តែង​ធ្វើ​ជា​តួយក្ស​វិញ ព្រោះ​ខ្មែរ​ជំនាន់​ដើម​ពូកែ​ណាស់​ខាង​កែ​ច្នៃប្រឌិត​ទាក់ទាញ​ទៅ​តាម​សិលាចារឹក​ក្បូរក្បាច់​បុរាណ ។ ដោយឡែក​ទម្រង់​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​គឺ​មិន​មាន​ពាក់​មុខ​តួអង្គ​ដូច​ជា​ព្រះ​រាម ព្រះ​លក្ស្មណៈ ព្រះ​នាង​សេ​ដា​ទេ គឺ​ពាក់​មុខតែ​តួអង្គ​ដូច​ជា​យក្ស ស្វា ឬ​តួ​សម្តែង​ធ្វើ​ជា​សត្វ ផ្សេង​ៗ​ទៀត ។

លោក​ប៉ូច ថៃ ថ្លែង​ថា​«​ចំពោះ​ការ​ថែរក្សា​កេរ​មតក​ដូនតា​ល្ខោនខោល​នេះ​ប្រៀប​បីដូច​ជា​តំណពូជ​អ៊ីចឹង គឺ​មានការ​ស្ម័គ្រចិត្ត ត​ៗ​គ្នា​ពី​ជីតា​បង្ហាត់​ឪពុក ពី​ឪពុក​បង្ហាត់​កូន ចៅ ក្មួយ​ឬ​បងប្អូន​បន្ត​គ្នា​ទៅ ។

ល្ខោនខោល​នេះ​ពុំ​មែន​លេង​សម្រាប់​ជួល​ដើម្បី​ប្រយោជន៍​ដូច​សិល្បៈ​គេ​ផ្សេង​នោះ​ទេ !​គឺ​បង្កើត​ក្នុង​គោលបំណង​ថែរក្សា​វប្បធម៌​ប្រពៃណី​កេរ​មរកត​របស់​ដូនតា​តាំ​ពី​យូរលង់​មក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​បានឃើញ​ថា​អ្វី​ទៅ​គឺជា​ស្នាដៃ​របស់​ខ្មែរ និង​ជា​ពិសេស​បើ​តាម​អបិយ​ជំនឿ​កាលពីដើម​ឡើយ​នៅ​ពេល​ដែល​ភូមិ​-​ឃុំ​-​ស្រុក​ណា​កើត​មាន​ជំងឺ​អាសន្នរោគ ឬ​ជួប​គ្រោះ​រាំង​ស្ងួត គឺ​តែងតែមាន​ល្ខោន​ខោល​នេះ​ទៅ​លេង ដើម្បី​សុំ​ទឹកភ្លៀង និង​ប្រដេញ​ឧបទ្រពចង្រៃ​ចេញ​ឲ្យ​អស់ និង​សូម​បារមី​ជួយ​បីបាច់​ថែរក្សា​កូនចៅ​ឲ្យ​សេចក្តី​សុខ​សប្បាយ ។

ការ​ចងក្រង​ជា​ក្រុម​ទៅ​លេង​តាម​ការ​អញ្ជើញ​របស់​គេ​ជិត​ឆ្ងាយ ម្តង​ៗ​សរុប​ទាំង​ភ្លេង និង​តួអង្គ​ប្រហែល​ជិត​១០០​នាក់ ដោយ​ការ​ទៅ​លេង​នេះ​ទៅ​តាម​ទឹកចិត្ត​របស់​អ្នក​ហៅ​ជួយ​ជា​សោហ៊ុយ និង​ការ​ហូប​ចុក​មិន​អាច​កំណត់​បាន​ទេ »​។  ប្រភព​ដដែល​ឲ្យ​ដឹង​ថា​សព្វថ្ងៃ​នៅ​មាន​លោកគ្រូ​កំពុង​បង្ហាត់បង្រៀន​សិស្ស​ចំនួន​១៤​នាក់ ដូច​ជា​រូប​លោក​បង្ហាត់​ផ្នែក​យក្ស​៤​នាក់​។ លោកគ្រូ​បង្ហាត់​ផ្នែក​ស្វា​៤​នាក់ ។ លោកគ្រូ​បង្ហាត់​នាយ​នាង​២​នាក់ ។ លោកគ្រូ​បង្ហាត់​ភ្លេង​១​នាក់ ។ លោកគ្រូ​បង្ហាត់​ពំនោល​២​នាក់ និង​លោកគ្រូ​បង្ហាត់​ត្លុក​១​នាក់ ។

ការ​ថែរក្សា​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​បាន​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារ និង​ប្រាក់​ដើម្បី​លើក​ទឹក​ចិត្ត​ដល់ លោកគ្រូ​ៗ និង​សិស្ស​នៅ​ពេល​ហាត់រៀន​ពី​មូលនិធិ​ហ្គោ​ដ​ហ្វា​ន់ និង​លោកគ្រូ​ចៅអធិការ​វត្ត​ស្វាយ​អណ្តែត​គ្រប់​ជំនាន់ ក្រុម​ការ​ងារ​គណៈ​ពង្រឹង​មូលដ្ឋាន និង​ថ្នាក់​ជាតិ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្តល់​ជា​សម្ភារ​លាបមុខ សម្លៀក​បំពាក់ រួម​ជាមួយ​រោង​សម្រាប់​សម្តែង ព្រមទាំង​សប្បុរសជន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​២០១២​មក ។

ចៅអធិការ​វត្ត​ស្វាយ​អណ្តែត​ព្រះ​នាម​ជា ប៊ុ​ន​ធឿ​ន មាន​សង្ឃដីកា​ថា មូលហេតុ​ដាក់​ឈ្មោះ​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត​ដោយសារ​ល្ខោនខោល​នេះ​បាន​កើត​មាន​ជ្រកកោន​នៅ​ក្នុង​វត្ត​ស្វាយ​អណ្តែត​តាំងពី​យូរលង់​តំណ​ត​ព្រះ​ចៅអធិការ​វត្ត មុន​ៗ​មក​ជា​ច្រើន​ជំនាន់ ។ ព្រះ​ចៅអធិកា​ជួយ​ឃុំគ្រង​ថែរក្សា​អភិរក្ស ចូលរួម​ល្ខោនខោល​នេះ​គ្រប់​សព្វបែបយ៉ាង​ក្នុង​ការ​ជំរុញ​ឲ្យ​ល្ខោនខោល​មាន​សកម្មភាព ។

ព្រះ​ចៅអធិការ​មាន​សង្ឃដីកា​ថា​«​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​នាម​អាត្មា​ជា​ព្រះ​ចៅអធិការ​វត្ត​នៅ​តែ​ឧបត្ថម្ភ​គាំទ្រ ជំរុញ និង​លើក​ទឹកចិត្ត​ដល់​សិល្បករ​ឲ្យ​ហាត់រៀន​សម្តែង​បាន​ស្ទាត់ ។ ការ​ហាត់រៀន​ល្ខោនខោល​បាន​ទៀងទាត់​ជា​លក្ខណៈ​ប្រពៃណី​របស់​វត្ត​ស្វាយ​អណ្តែត​ជាប់​ពី​យូរលង់​ណាស់​មក​ហើយ​ដែរ គឺ​ក្នុង​រយៈកាល​ចូល​ឆ្នាំ​ខ្មែរ ហើយ​បាន​ប្រហែល​មួ​យស​ប្តា​ហ៍ ! អាត្មា​បាន​កំណត់​យក​ថ្ងៃ​សៅរ៍​រៀបចំ​ធ្វើ​ពិធី​សំពះគ្រូ​ពេល​យប់​ប្រហែល​៣​ទៅ​៤​ម៉ោង ។ ស្អែក​ឡើង​ទើប​ធ្វើការ​សម្តែង​បី​យប់​ជាប់​គ្នា ។ ផុត​ពី​ការ​សម្តែង​បី​យប់​ជាប់​គ្នា​នឹង​ហើយ បាន​ធ្វើ​ពិធី​ដារ​ឆ្លង​ដែល​ជា​ទម្លាប់​មក​ដល់​បច្ចុប្បន្ន​ហ្នឹង ។

ហើយ​មក​ក្រោយ​ហ្នឹង​ទៀត​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចុង​ក្រោយ​ក៏​មានការ​សម្តែង​ជា​ប្រចាំ​ដូច​គ្នា​ដែរ មុន​ពេល​ធ្វើ​ពិធី​ស្រង់ទឹក​ព្រះ គឺ​ត្រូវ​ជួបជុំ​ពុទ្ធបរិស័ទ យាយ​តា​ជិត​ឆ្ងាយ​ទាំងអស់​ធ្វើ​នៅ​ពិធី​សម្តែង​ល្ខោនខោល​សិន ហើយ​បាន​ស្រង់​ព្រះ​តាម​ក្រោយ ។ ល្ខោនខោល​នេះ​ទៀត​សោត​ច្រើន​តែ​ធ្វើ​បន់ស្រន់​ដល់​ពពួក​អាទិ​ពេ​ទ​ដែល​ជា​ជំនឿ​របស់​ចាស់ទំ​ុ​ពី​ដើម​មក ។ ជាក់ស្តែង​នៅ​ក្នុង​វត្ត​ស្វាយ​អណ្តែត​នេះ​មាន​រូបសំណាក​លោកតា​មានឈ្មោះ​ថា «​លោកតា​កំហែង​» ហើយ​លោកតា​កំហែង​ហ្នឹង​គាត់​ជា​តួអង្គ​ស្វា​«​ស​» អ៊ីចឹង​អ្នក​ដែល​ចូល​រូប​លោ​កតា​កំហែង​ហ្នឹង​មក គឺ​ដឹង​តែ​ចេះ​ក្បាច់​ស្វា​«​ស​»​ហក់លោត​ដូច​ស្វា​តែ​ម្តង ។ ដូច្នេះ​ជំនឿ​ង​ក៏​ចេះ​តែ​ជឿ​និង​គោរព ត​ៗ​គ្នា​មក ! អ៊ី​ង​សិល្បករ​ទោះបីជា​គាត់​រវល់​ការងារ​ប៉ុនណា​ក៏​ដោយ ដល់​ម៉ោង​ហាត់រៀន​សម្តែង​គឺ​ពួក​គាត់​ត្រូវ​តែ​មក​ហាត់ និង​សម្តែង ទោះបី​គ្មាន​អ្នក​មក​ទស្សនា​មើល​ក៏​ដោយ​ក៏​នៅ​តែ​សម្តែង​ដែរ ។ នេះ​ជំនឿ​របស់​អ្នកស្រុក​អ្នក​ភូមិ ត​ៗ​គ្នា​មក »​។

ព្រះ​ចៅអធិការ​វត្តមាន​ទឹកចិត្ត​សប្បាយ​រីករាយ​ដែល​វត្ត​ស្វាយ​អណ្តែត​គឺជា​ទីតាំង​មួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខិតខំ​ថែរក្សា​អភិរក្ស​តាំងពី​ដើម តាំងពី​មុន​សម័យ​សង្គ្រាម​រហូត​មក​ដល់​សម័យ​សង្គ្រាម ។ អ្វី​ដែល​គួរ​ឲ្យ​អស្ចារ្យ​បន្ទាប់​ពី​របប​ប៉ុ​ល ពត ដួល​រលំ​នា​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៨១ អ្នក​ភូមិ​ប្រមូលគ្នា​បាន​ប្រហែល​ជាង​១០​នាក់​បង្កើត​ល្ខោនខោល​ឡើង​វិញ ។ មាន​អ្នក​ភូមិ​ចូលរួម​គ្រប់​ស្រទាប់​វណ្ណៈ​ដោយ​បាន​ដាក់​វេន​គ្នា​ធ្វើ​បាយ​ម្ហូប​ឲ្យ​ក្រុម​សម្តែង​ល្ខោនខោល ។ ដោយ​មានការ​រួបរួម​គ្នា និង​ការ​អំណត់ អត់ធ្មត់ អធ្យាស្រ័យ​គ្នា យោគយល់​គ្នា​តាំងពី​ពេល​នោះ​មក​ទើប​រក្សា​ល្ខោនខោល​បាន​មក​ដល់​សព្វ​ថ្ងៃនេះ ។

ព្រះ​ចៅអធិការ​វត្ត និង​ប្រធាន​គណៈកម្មការ​គ្រប់​គ្រង់​តំណាង​ឲ្យ​ក្រុម​ល្ខោនខោល និង​អ្នក​ភូមិ​មាន​ក្តី​សប្បាយ​រីករាយ​ដែល​អង្គការ​យូ​ណេ​ស្កូ សម្រេច​បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្ប​ធ៌​ម​អរូបី​នៃ​មនុស្សជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ៕ ដោយ​ស៊ឹ​ម សាន់