យស បូ​វណ្ណៈ និង​ចាន់ តារា​ទី និយាយ​ពី​អារម្មណ៍​សម្តែង​រួម​គ្នា​ជា​ថ្មី

239

រាជធានី​ភ្នំពេញ​៖ មក​ពី​អា​មេ​រិ​ក​ដល់​កម្ពុជា លោក​យស បូ​វណ្ណៈ មិន​បាន​សម្រាក​ទេ​គឺ​ចូលរួម​សម្តែង​តែ​ម្តង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ ២០១៨ ។ លោក​វណ្ណៈ បាន​ទៅ​សម្តែង​នៅ​ខាងក្រោយ​វត្ត​គោក​ឃ្លៀង រួម​ជាមួយ​អ្នក​នាង​ចាន់ តារា​ទី ក្នុង​ឈុត​ភ្លើង​ឆេះ​ផ្ទះ ព​ន្តា​ល​ឲ្យ​រលាក​រលេះរលួយ​រាង​កាយ ។

Loading...

អ្នក​នាង​ចាន់ តារា​ទី បាន​បង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​ការ​រួម​សម្ដែង​ជាមួយ​ដៃគូ​ចាស់​លោក​យស បូ​វណ្ណៈ បន្ទាប់​ពី​ខកខាន​ជា​យូរ ។ នាង​ថា​ការ​សម្ដែង​នា​ពេល​កន្លង​មក មិន​ធ្វើ​ឲ្យ​នាង​រំភើប​ដូច​បាន​សម្ដែង​ក្នុង​រឿង​«​លោកឳពុក​»​ជាមួយ​លោក​វណ្ណៈ នា​ពេល​នេះ​ទេ ។

អ្នក​នាង​ចាន់ តារា​ទី និយាយ​ថា នាង​កាលពីមុន​គឺជា​ដៃគូ​សម្ដែង​ជាមួយ​លោក​យស បូ​វណ្ណៈ ច្រើន​រឿង មាន​អនុស្សាវរីយ៍​ដិតដាម​នឹង​គ្នា​មិន​ខុស​ពី​បងប្អូន​ទេ ។ អ្នក​នាង​ចាន់​តារា​ទី​ថា «​គ្រាន់តែ​បានដឹង​ថា​ផលិតកម្ម​មហាហង្ស អញ្ជើញ​ឲ្យ​សម្ដែង​ជាមួយ​លោក​យស បូ​វណ្ណៈ គឺ​នាង​ខ្ញុំ​អត់​គិត​យូរ​ទេ ។ កាន់តែ​ពេញចិត្ត​ថែម​ទៀត​នៅ​ពេល​ដឹង​ថា​ត្រូវ​សម្ដែង​ជា​តួ​ម្ដាយ​យ៉ាង កម្សត់ ត្រូវ​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ ហើយ​ទុក​ឲ្យ​លោក​យស បូ​វណ្ណៈ ជា​ស្វាមី តស៊ូ​ចិញ្ចឹម​កូនស្រី​តែ​ម្នាក់ឯង »​។

លោក​អិុ​ន សុ​ភិន បញ្ជាក់​ថា លោក យស បូ​វណ្ណៈ មាន​ពេល​ថត​រឿង​«​លោកឳពុក​»​តែ​ប្រមាណ​២០​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​ផលិតកម្ម​មហាហង្ស​សម្រុក​ចេញ​ថត ។ ការ​សម្ដែង​ដំបូង​របស់​លោក គឺ​ក្នុង​ប្លង់​ធំ ដែល​មាន​តារា​សម្ដែង​រួម​ជាមួយ​ច្រើន​នាក់​ក្នុង​ឈុត​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ ។

ប្លង់​នេះ​គឺជា​ប្លង់​សំខាន់​ជាងគេ​ក្នុង​រឿង ហើយ​ក៏​ជា​ប្លង់​ដែល​តម្រូវ​ឲ្យ​លោក​ក្លាយជា​បុរស​ពិការ​ជើង​ព្រោះតែ​សង្គ្រោះ​ជីវិត​កូនស្រី ប៉ុន្តែ​ពេល​កូនស្រី​របស់​លោក​ធំ​ដឹងក្ដី បែរជា​ប្រមាថ​លោក​យស បូ​វណ្ណៈ ជា​ឳ​ពុក ព្រោះតែ​លោក​ពិការ ក្រីក្រ មិន​អាច​ឲ្យ​នាង​រស់នៅ​ក្នុង​ភាព​ឡូយឆាយ ។

ក្នុង​រឿង​«​លោកឳពុក​» មាន​តួអង្គ​ឳ​ពុក​៣​នាក់ ដោយ​លោក​យស បូ​វណ្ណៈ គឺជា​ឳ​ពុក​ដៃគូ​ជាមួយ​អ្នក​នាង​ចាន់ តារា​ទី ។ លោក​ជា​តួ​ឳ​ពុក​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទឹកចិត្ត​ឳ​ពុក​កម្សត់​សុខចិត្ត​លះបង់​គ្រប់យ៉ាង​ដើម្បី​ឲ្យ​កូនស្រី​បាន​ល្អ ទោះជា​លោក​ពិការ និង​រក​ស៊ី​លក់ដូរ​តាម​រទេះ​ដែល​កូនស្រី​មិន​ចង់​ទទួលស្គាល់​ក្តី ។

លោក​យស បូ​វណ្ណៈ និយាយ​ថា​«​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បាន​សម្ដែង​បើក​ឆាក ហើយ​សម្ដែង​ឆាក​ធំ​តែ​ម្ដង ។ ឈុត​ឆាក​នេះ​ជា​ឈុត​ដែល​គ្រាន់តែ​អាន​សាច់​រឿង គឺ​អួល​ដើម​ក​ចង់​ស្រក់​ទឹកភ្នែក ។ មិន​មានការ​លំបាក​នោះ​ទេ ដោយសារ​តែ​សម្ដែង​ប៉ះ​ចំ​ដៃគូ ល្អ​ៗ និង​ម្យ៉ាង​មក​ពី​ខ្ញុំ​ដ្បិតថា​ខាន​សម្ដែង​ច្រើន​ឆ្នាំ តែ​អារម្មណ៍ និង​បទ​ពិសោធន៍​គឺ​នៅ​តែ​ដិតដាម​ក្នុង​អារម្មណ៍​»​។

លោក​យស បូ​វណ្ណៈ ជា​តារាភាពយន្ត​រួម​ជំនាន់​ជាមួយ​អ្នក​នាង​ចាន់ តារា​ទី តែ​លោក​បាន​ចាកចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ។ តាំងពី​ពេល​នោះ​មក​លោក​ឃ្លាតឆ្ងាយ​ពី​អាជីព​សម្តែង​ភាពយន្ត ៕ ដោយ​ខាត់ សា​មឿ​ន