តោះទាយ​មើល៍! ធ្លាក់ដៃ​មួយ​រយៈ​ ពុទ្ធ ឆាយ​រិ​ទ្ធី ត្រឡប់​មក​ប៉ះថៃ​ជា​ថ្មី​លើ​រេញយ៉ាងណាដែរ

164

រាជធានី​ភ្នំពេញ ៖ កាលពី​មួយ​រយៈ​មុន គ្មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ណា​ម្នាក់​មិន​ស្គាល់​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី នោះ​ទេ ដោយ​គេ​បាន​ទាំង​កញ្ជ្រោល​អ្នកគាំទ្រ​ឱ្យ​ជាប់​ចិត្តនឹង​ថ្វីដៃ​របស់​គេ​នោះ​ផង ។ យ៉ាងណាមិញ ធៀប​នឹង​រយៈពេល​នោះ គេ​ហាក់​ធ្លាក់ដៃ​ជាង​មុន ខណៈ​ឱកាស​ឡើង​ប្រកួត​លើ​សង្វៀន​អន្តរជាតិ​ធំ​ៗក៏​មិនសូវ​មាន ទើប​ធ្វើ​ឱ្យ​ម្នាក់​ៗ​កោតសរសើរ​នៅ​ពេល​គេ​ត្រឡប់​មក​បង្ហាញខ្លួន​ជា​ថ្មី នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក TV5 Boxing Knock Out Series By K-Cement រដូវ​កាល​ទី​៤​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នា​ថ្ងៃ​សៅរ៍​ទី​៨ ធ្នូ ស្អែក​នេះ ដោយសារ​តែ​ពួក​គេ​ចង់​ដឹង​ថា​តើ​កីឡាករ​រូប​នេះ​នឹង​ខ្លាំង​ដូច​មុន ឬ​អាច​ធ្លាក់ដៃ​ដូច​ការ​មើលឃើញ​។

Loading...

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​នៅ​ម៉ោង​៦ល្ងាច​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា​តម្រូវ​ឱ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ Kun Lek ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង​វ័យក្មេង​ហើយ​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង​មក ។

វត្តមាន​កីឡាករ​ទាំង​កម្ពុជា និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុងស្រុក​ទេ គឺ​ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មានការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​វត្តមាន​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី រឹតតែ​មានការ​ចាប់អារម្មណ៍ ដោយសារ​តែ​កីឡាករ​រូប​នេះ ត្រូវ​គេ​ដឹង​ថា​ជា​ជើង​ខ្លាំង​នៅ​មុន​ពេល​បាត់​មួយ​រយៈ ហើយ​ចង់​ដឹង​ថា ការ​បង្ហាញខ្លួន​លើក​នេះ​តើ​គេ​អាច​ទៅ​រួច​អត់ ឬ​ប្រែប្រួល​សមត្ថភាព ។ សមាសភាព​គូ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា​មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺជា​ការ​ប្រកួត​រវាង​អ្នកមាន​ឈ្មោះ​ប្រកួត​ទាំង​៣២​នាក់ យក​១៦​នាក់​ក្នុង​ស​ប្ដា​ហ៍​បន្ត ដែល​កាន់តែ​កៀក​នឹង​ការ​ប្រកួត​ឆ្ពោះទៅ​កាន់​ជុំ​ទី​២ ដែល​អ្នក​ណា​ៗ​ក៏​ចាប់អារម្មណ៍​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី ដោយសារ​តែ​កីឡាករ​រូប​នេះ ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់ ហើយ​លោក​ជឿ​ថា​កណ្ដាប់ដៃ និង​ភាព​ខ្លាំង​របស់​គេ​នឹង​ល្អ ទើប​លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ស​ប្ដា​ហ៍​ប្រកួត​ជម្រុះ​រវាង​កីឡាករ​ខ្លាំង​ៗ​លើក​នេះ​។

លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ Kun Lek លោក​ទុកចិត្ត​កីឡាករ​កម្ពុជា​រូប​នេះ ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ជាមួយ​កីឡាករ​ថៃ​ក្ដី ។ លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​សមាសភាព​របស់​កីឡាករ​កម្ពុ​ជាមួយ​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​បាន​។

លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ​កម្ពុជា ពុទ្ធ ឆាយ​រិ​ទ្ធី មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ ស្របគ្នា​ដែល​គេ​ក៏​ជា​កីឡាករ​ក្លាហាន និង​វាយ​ស៊ូ គឺ​លោក​ពេញចិត្ត ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២​លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក តាំងពី​មុន​ផ្គូផ្គង ។

យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់​ពី​​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ។ ដោយឡែក​សម្រាប់​គូប្រកួត​ជម្រុះ​ដណ្ដើម​យក​កៅអី​១៦​នាក់​ក្នុង​ស​ប្ដា​ហ៍​នេះ ត្រូវ​បាន​គេ​អះអាង​ថា​សុទ្ធតែ​ត្រៀមខ្លួន​យ៉ាង​ហ្មត់ចត់​មុន​ការ​ឡើង​រេញ ដែល​ក្នុង​ស​ប្ដា​ហ៍កន្លង​មក​គឺ​ល្អមើល​រួច​ស្រេច​ទៅ​ហើយ​៕ ដោយ​ផាត់ តារា​រដ្ឋ