ប្រទេសកូរ៉េខាងត្បូង ៖ អ្នកទទួលខុសត្រូវម្នាក់នៃកម្មវិធីទិញឧបករណ៍ការពារកូរ៉េខាងត្បូងអះអាងនាថ្ងៃទី៧ធ្នូថា ប្រទេសនេះគ្រោងទិញក្នុងទឹកប្រាក់ប្រមាណជា៣៤០ពាន់លានវ៉ុន ប្រមាណជា២៦៧លានអឺរ៉ូ មីស៊ីលសមុទ្រ-អាកាសច្រើនសិបគ្រាប់ ដើម្បីពង្រឹងសមត្ថភាពការពារអាកាស ប្រឈមមុខនឹងកូរ៉េខាងជើង។
ចាប់តាំងពីឆ្នាំ២០១៣មកកូរ៉េខាងត្បូងទិញមីស៊ីល STANDARD MISSILE-2 ផលិតដោយក្រុមហ៊ុន RAYTHEON សម្រាប់បំពាក់ឲ្យនាវាពិឃាតប្រភេទAEGIS ៣គ្រឿងដែលនឹងដាក់ពង្រាយនាពាក់កណ្ដាលទសវត្សខាងមុខនេះ។
ប្រទេសកូរ៉េទាំង២ ចាប់ផ្ដើមមានការខិតចូលជិតគ្នាគួរឲ្យភ្ញាក់ផ្អើលនាឆ្នាំនេះ ហើយចុះហត្ថលេខាពេលជួបគ្នាកំពូលនៅក្រុងព្យុងយ៉ាង លើកិច្ចព្រមព្រៀងយោធាជាសកលមួយ ដែលសំដៅកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ តែទន្ទឹមនឹងនេះកូរ៉េខាងត្បូង បន្តពង្រឹងសមត្ថភាពការពារ រួចសម្រេចកាលពីខែមុនទិញរ៉ាដាអីុស្រាអែលប្រកាសអាសន្នរហ័ស២គ្រឿង។ រួចកាលពីខែកញ្ញាក្រសួងការបរទេសអាមេរិកអនុញ្ញាតលក់ឲ្យកូរ៉េខាងត្បូង យន្តហោះស៊ើបការណ៍សមុទ្រ៦គ្រឿង និងមីស៊ីលការពារអាកាសPATRIOT៦៤គ្រឿង មានទឹកប្រាក់២,៦ពាន់លានដុល្លារ៕