ប្រញាប់​ទៅ​ណា៎​! វ៉ា​ជែង​មិន​ផុត បែរជា​គ្រោះ​ដល់​ខ្លួន​វិញ

132

ខេត្តតាកែវ ៖ ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់​បាត់​ជីវិត​ភ្លាម​នៅ​នឹង​កន្លែង​រំពេច ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​បើក​ម៉ូតូ​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទិស​ដៅ​ផ្ទុយ​គ្នា​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៣-៣៤ ស្ថិត​ក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។

Loading...

បើ​តាម​ប៉ូលិស​ចរាចរណ៍​ស្រុក​បាទី​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ អន ផែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ជយោ ស្រុក​ចំការលើ ខេត្ត​កំ​ពង​ចាម ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និក ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ សួន ទន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ បើករថយន្ត​ម៉ាក​ហ្វ​ត ពាក់​ស្លាក​លេខ ភ្នំពេញ 2.AT 5521 ។

ប៉ូលិស​ចរាចរណ៍​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មក​ពី​ទិស​ខាងជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ បើក​ម៉ូតូ​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ហ្វ​ត​មួយ​គ្រឿង​ពី​ត្បូង​ទៅ​ជើង​ពេញទំហឹង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ខាង​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកម្ចាស់រថយន្ត​ក្រោយ​ពេល​កើតហេតុ​​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​ទាំង​២​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។ ដោយ​សេង សុធា