ដេក​លង់លក់​ឮ​សូរ​សន្ធឹក​យ៉ាង​ខ្លាំង ចេញ​មក​មើល​… រត់​ដេញ​តាម​រថយន្ត

171

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បើក​កៀរ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

Loading...

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ដេក​លង់លក់​ហើយ ស្រាប់តែ​ឮ​សូរ​សន្ធឹក​យ៉ាង​ខ្លាំង​គាត់​ពុំ​ដឹង​ថា ជា​រឿង​អ្វី បន្ទាប់​មក​គាត់​បាន​ចេញ​មក​ក្រៅ​ខាង​ផ្ទះ ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល 3A-1015 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បើក​កៀរ​ទ្វារផ្ទះ​របស់​គាត់ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​មក​រថយន្ត​នោះ​បើក​បត់​ស្តាំ​ចេញពី​កន្លែង​កើតហេតុ ដោយ​ឃើញ​ដូច្នោះ​ក៏​បាន​រត់​ដេញ​តាម​រថយន្ត​ខាងលើ​តែ​ម្តង ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​សងការ​ខូចខាត​ទ្វារផ្ទះ​របស់​គាត់​។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ គាត់​បាន​នាំ​តៃកុង​រថយន្ត​បង្ក​មក​មើល​ការ​ខូចខាត​ផ្ទះ​របស់​គាត់ ចំណែកឯ​ភាគី​បង្ក​ពេល​មើល​ការ​ខូចខាត​ហើយ​បាន​សម្របសម្រួល​ដោយ​សុំ​សង​ចំនួន​៥០​ដុល្លារ ប៉ុន្តែ​ការ​ខូចខាត​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ពុំ​បាន​ទទួល​សំណង​នោះ​ទេ បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឱ្យមក​កន្លែង​កើតហេតុ ដើម្បី​ហៅ​ជំនាញ​ចរាចរណ៍​ទៅ​ដោះស្រាយ ។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​រង​គ្រោះ​ពុំ​ទទួល​សំណង​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ វាស់វែង និង​យក​រថយន្ត​ខាងលើ យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ ៕ ដោយ ​យឹ​ម ​ឈឿ​ន