ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែងនៅតែជាច្រកសំខាន់មួយដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាននាំថ្នាំញៀនឆ្លងកាត់តាមច្រកព្រំដែនជាមួយប្រទេសជិតខាង ហើយក៏ជាខេត្តដែលងាយរងគ្រោះដោយបញ្ហាគ្រឿងញៀន នេះបើតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តស្ទឹងត្រែង ក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន នព្វមាស រយៈពេល៩ខែ ឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តទៀតថា ដូចនេះ អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំ បន្ថែមទៀតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីសុវត្ថិភាពសហគមន៍ និងសហការយ៉ាងជិត ស្និតជាមួយបណ្តាប្រទេសជាប់ព្រំដែន ក្នុងការទប់ស្កាត់ការនាំគ្រឿងញៀនឆ្លងដែន។
លោកបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលបានតស៊ូបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ជាពិសេសទប់ស្កាត់បទល្មើសគ្រឿងញៀន និងបានជម្រុញអ្នកញៀនគ្រឿងញៀនទៅទទួលការព្យាបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងទីកន្លែងមានផ្តល់សេវាបន្សាបគ្រឿងញៀន។
លោក ម៉ុម សារឿន ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង បានមានប្រសាសន៍ដោយបានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុគស្មាញដែលតម្រូវឲ្យខិតខំរួមគ្នាដោះស្រាយ និងសូមសរសើរគ្រប់អ្នកពាក់ព័ន្ធ គ្រប់ជំនាញទាំងអស់ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ប្រកបដោយការទទួលខុសត្រូវ និងស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន។
រយៈពេល៩ខែកន្លងមកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបានសហការ ទបស្កាត់ និងបង្ក្រាបនូវបទល្មើសគ្រឿងញៀនបានចំនួន៤៦ករណី ព្រមទាំងបានរឹបអូសនូវត្ថុតាងរួម មានមេតំហ្វេតាមីនគ្រាប់ចំនួន៦,៣៤ក្រាម ប្រភេទហ្វេតាមីនម្សៅ២៨៥៧,៨២ក្រាម មេតំហ្វេតាមីនក្រាម ពណ៌សថ្លាចំនួន១៥៧ ៤៣៥,៦៦ ក្រាម ៕ដោយ៖ ពុយ វឌ្ឍនា