ឈាម​ពេញ​ខ្លួន​… សុខ​ៗ​ដេញ​តាម​ប្រហារ​ពីក្រោយ​មិនដឹង​មូលហេតុ

174

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ពេញ​ខ្លួន បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​ម៉ូតូ​កាន់​កូនកាំបិត​ដេញ​តាម​ចាក់​ប្រហារ រួច​ជិះ​គេចខ្លួន​បាត់​ស​ម្រោ​ល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ហាង​ផឹកស៊ី​យីហោ ផ្ទះ​ផាត​ធី តាម​បណ្តោយ​ផ្លូវ​២៦១ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត គេ​ឃើញ​បុរស​រង​គ្រោះ​មាន​វ័យ​ប្រមាណ​៣០​ឆ្នាំ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GD-0070 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៦១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ា​កមក​ពីក្រោយ ហើយ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​នោះ ក៏​ធ្វើ​សកម្មភាព​យក​កូនកាំបិត​ចាក់​ប្រហារ​ទៅ​លើ​បុរស​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​ចំ​ដៃ និង​ដងខ្លួន​ផ្នែក​ខាងឆ្វេង​ជា​ច្រើន​កន្លែង ដោយ​មិនដឹង​មូលហេតុ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ឆោឡោ​ចេញ​មក​មើល។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ក្រុម​ជន​មិន​ស្គាល់​មុខ​ខាងលើ ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ ក្រោយ​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ដើម្បី​រង់ចាំ​ប្រគល់​ទៅ​សាច់ញាតិ​ជន​រង​គ្រោះ​វិញ​នៅ​ពេល​ក្រោយ​។ ចំពោះ​ករណី​ខាងលើ គឺ​មិន​មាន​ប្រភព​ណាមួយ​បញ្ជាក់​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ប៉ុ​ន្ត​សង្ស័យ​ថា ជា​រឿង​គំនុំ​៕ ដោយ​យឹម​ ឈឿន