ចាន់ រតនា និង​ឯម សុ​វ​ណ្ណា​រី រំភើប​ខ្លាំង​ពេល​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​កម្ពុជា

191

រាជធានី​ភ្នំពេញ ៖ ក្រោយ​ទទួល​ជ័យជម្នះ​ក្នុង​ការ​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី ONE: Destiny of Champions របស់​ស្ថាប័ន ONE Championship នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​៧ ធ្នូ​កន្លង​ទៅ កីឡាករ កីឡាការិនី​ក្បាច់គុន​ចម្រុះ​កម្ពុជា គឺ​លោក ចាន់ រតនា និង​កញ្ញា ឯម សុ​វ​ណ្ណា​រី ដែល​រស់នៅ​សហរដ្ឋអាមេរិក បាន​បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង ពេល​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​កម្ពុជា​។

Loading...

ឯម សុ​វ​ណ្ណា​រី បាន​និយាយ​ក្រោយ​ការប្រកួត​ថា រូប​នាង​ពិតជា​រំភើប​ខ្លាំង​ណាស់​ពេល​ដឹង​ថា មាន​អ្នកគាំទ្រ​ច្រើន​សាទរ​ចំពោះ​ជ័យ
​ជម្នះ​របស់​នាង ។ មុន​មក​ប្រកួត នាង​មិន​រំពឹង​ថា មាន​អ្នកគាំទ្រ​ផ្ដល់​កម្លាំងចិត្ត​ដល់​នាង​ច្រើន​បែប​នេះ​ទេ ។ នាង​សូម​អរគុណ​សម្រាប់
ក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ ។ សុ​វ​ណ្ណា​រី ក៏​បាន​បញ្ជាក់​ដែរ​ថា ជ័យជម្នះ​លើ​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova នៅ ONE: Destiny of Champions គឺជា​បទ​ពិសោធន៍​ថ្មី​សម្រាប់​នាង ។ នាង​បន្ថែម​ថា ជ័យជម្នះ​នេះ គឺ​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជាមួយ​គ្រូបង្ហាត់​។ នាង​នឹង​យក​បទ​ពិសោធន៍​នេះ សម្រាប់​ការ​ប្រកួត​ក្រោយ​ៗ​ទៀត​។

គួរ​បញ្ជាក់​ថា ឯម សុ​វ​ណ្ណា​រី បាន​ចំណាយពេល​ត្រឹមតែ​១​ទឹក​ប៉ុណ្ណោះ ដើម្បី​ផ្ដួល​គូប្រកួត​ឲ្យ​ចុះចាញ់​។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៣ ក្នុង​អាជីព​របស់​នាង ខណៈ​២​ប្រកួត​កន្លង​មក នាង​ក៏​បាន​យកឈ្នះ​ក្នុង​ទឹក​ទី​១​ដូច​គ្នា​ដែរ ។ សម្រាប់​ផែនការ​បន្ទាប់ នាង​មិន​ទាន់​អាច​និយាយ​បាន​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​ទាក់ទង​ពី ONE Championship​។

ចំណែក​កីឡាករ​គុន​ខ្មែរ ចាន់ រតនា ដែលបាន​យកឈ្នះ​កីឡាករ​ឥណ្ឌូ​ណេ​ស៊ី Abro Fernandes ក្នុង​ទឹក​ទី​២ ក៏​បាន​សម្ដែង​​អារម្មណ៍​​រំភើបរីករាយ​ផង​ដែរ​ពេល​ដឹង​ថា មានការ​គាំទ្រ​ខ្លាំង​ពី​ប្រជាជន​កម្ពុជា​ចំពោះ​ជ័យជម្នះ​របស់​លោក ។ នេះ​ជា​ជ័យជម្នះ​លើក​ទី​៥​ក្នុង​អាជីព​ជា​កីឡាករ​ក្បាច់គុន​ចម្រុះ MMA ហើយ​ក៏​ជា​ជ័យជម្នះ​លើក​ទី​៤​ផង​ដែរ​ក្នុង​ចំណោម​ការ​ប្រកួត​៨​លើក​ប្រចាំ​ស្ថាប័ន ONE Championship ។ ចំណែក Fernandes វិញ នេះ ជា​បរាជ័យ​លើក​ដំបូង​ក្នុង​អាជីព ក្រោយ​ឈ្នះ​៧​ដង​ជាប់​គ្នា ។ ក្រោយ​ជ័យជម្នះ​នេះ ចាន់ រតនា អាច​នឹង​វិល​ចូល​សង្វៀន​ប្រដាល់​គុន​ខ្មែរ​សិន រង់ចាំ​ដំណឹង​ពី ONE Championship នា​ឆ្នាំ​ក្រោយ​៕ ដោយនាគ សេន