ពូ​និង​ក្មួយ​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ័យ​ស្លន់​… ឆែក​ចុះឡើង​បែកធ្លាយ​ខ្ទេច

184

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ត្រូវជា​ពូ និង​ក្មួយ​២​នាក់ គ្រាន់​ឃើញ​សមត្ថកិច្ច​ដូច​ជា​ភ័យ​ស្លន់ ដោយ​សង្ស័យ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​មាន​ជ័យ បាន​ឃាត់​យក​ទៅ​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​ធ្វើការ​សាកសួរ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​នូវ​សារធាតុ​ញៀន​២​កញ្ចប់​តូច កាលពី​ម៉ោង​៨​និង​៥៥​នាទី​យប់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ជិត​តំបន់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

Loading...

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ វ៉ែន រ​ដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​លាបថ្នាំ​ផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​បេ​សេ​ចាស់ សង្កាត់​បឹង​ទំពន់​២ ខណ្ឌ​មាន​យ ចំណែក​ម្នាក់​ទៀត​មានឈ្មោះ ងួ​ន ធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវជា​ពូ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ហើយ​ដកហូត​វត្ថុ​តាង​មាន ក្រាម​ពណ៌​ស​.​ថ្លា​ចំនួន​២​កញ្ចប់​តូច និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BW 7654 មួយ​គ្រឿង ។

បើ​តាម​សម្តី​លោក សឹម ប៊ុ​ន​ធឿ​ន នាយ​រង​ផ្នែក​អន្តរាគមន៍​ខណ្ឌមានជ័យ ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​សង្ស័យ​ទាំង​២​នាក់​នេះ គឺ​កម្លាំង​អន្តរាគមន៍​របស់​លោក​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ។ ខណៈ​មក​ដល់​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​ជិត​តំបន់​មិន​រាបរយ ក៏​ប្រទះ​ឃើញ​បុរស​ជា​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ចេញពី​ក្នុង​តំបន់​មិន​រៀបរយ ហើយ​បុរស​ទាំង​ពីរ​នាក់​នោះ នៅ​ពេល​ឃើញ​សមត្ថកិច្ច​ហាក់បីដូចជា​មាន​ភិតភ័យ ណាមួយ​ដោយ​មានការ​សង្ស័យ ទើប​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍ ឃាត់ខ្លួន​សុំ​ធ្វើការ​ត្រួតពិនិត្យ ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ប្រភេទ​ក្រាម​ស​ថ្លា​២​កញ្ចប់​តូច ដែល​ជនសង្ស័យ​កាន់​ជាប់​នឹង​ដៃ​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ឃើញ​វត្ថុ​តាំង​ជាក់ស្តែង​បែប​នេះ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ​នគរបាល​ចាក់​អង្រែ​លើ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​សារភាព​ថា ថ្នាំ​ញៀន​នេះ​ជា​របស់​ពួក​គេ​ពិតប្រាកដ​មែន គឺ​ពួក​គេ​ពីរ​នាក់ ពូ​និង​ក្មួយ​បាន​ទិញ​ថ្នាំ​ញៀន​នេះ​នៅ​ម្តុំ​តំបន់​មិន​រៀបរយ​ផ្លូវ​៦០​ម៉ែត្រ គោលបំណង​យក​ទៅ​ប្រើប្រាស់ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​រួច​ហើយ ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាមនីតិវិធី ៕ ដោយ​យឹម ឈឿន