ទីក្រុងវ៉ាស៊ីនតោន ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោក នឹងលូតលាស់បាន៣,៧% នៅឆ្នាំក្រោយ ប៉ុន្តែការលូតលាស់សេដ្ឋកិច្ចអាមេរិក និងចិនចាប់ផ្តើមរអិលធ្លាក់ចុះបន្តិចម្តងៗហើយ ។
លោក Todd Fagley នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន MedSource Labs ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់ដល់សារព័ត៌មានថា ភាពមិនប្រាកដប្រជា និងផលប៉ះពាល់ក្នុងប្រទេសចិនកំពុងតែចាប់ផ្តើមកើតមានឡើងហើយ ។
លោកបានបន្តថា ៖« ក្រុមហ៊ុនផលិតក្នុងប្រទេសចិនមួយចំនួនបានប្រាប់មកយើងថាពួកគេមានអារម្មណ៍ថាកំពុងតែជួបប្រទះនឹងភាពអន់ថយ ខណៈដែលពួកគេបានទទួលរងផលប៉ះពាល់រួចទៅហើយ ព្រោះតែកំណើនការចំណាយលើការនាំចេញជាដើម »។
គ្រោះថ្នាក់ធំជាងគេនៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោក គឺជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ព្រោះវាអាចបង្កការប៉ះពាល់ដល់ប្រទេសដទៃជុំវិញពិភពលោក។ ជម្លោះនេះអាចបញ្ចប់ ផ្អាក ឬផ្លាស់ប្តូរការធ្វើពាណិជ្ជកម្មជុំវិញពិភពលោករាប់ប៊ីលានដុល្លារ ប៉ុន្តែលោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) កំពុងតែគំរាមកំហែងថា ដាក់ពន្ធលើការនាំចូលយានយន្តបន្ថែមទៀត ។
IMF ព្យាករណ៍ថា ការធ្ងន់ធ្ងរឡើងនៃការគំរាមកំហែងដាក់ពន្ធទៅវិញទៅមកនេះអាចកាត់បន្ថយការលូតលាស់សេដ្ឋកិច្ចជុំវិញពិភពលោកប្រមាណ០,៨%។
លោកស្រី Christine Lagarde ប្រធានគ្រប់គ្រង IMF បាននិយាយថា ៖« វាសំខាន់ណាស់ ព្រោះការធ្វើពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនសម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ច »។
លោកស្រីLagarde និយាយថា លោកស្រីមិនគិតថាសហរដ្ឋអាមេរិកនឹងជួបវិបត្តិសេដ្ឋកិច្ចក្នុងពេលខ្លីខាងមុខទេ ប៉ុន្តែការលូតលាស់សេដ្ឋកិច្ចអាមេរិក អាចនឹងធ្លាក់ចុះពី២,៩%មកស្មើ ២,៥%ប៉ុណ្ណោះនៅឆ្នាំក្រោយនេះ ។
យោងតាមការស្ទង់មតិក្រុមសេដ្ឋវិទូ បានឲ្យដឹងថា ទស្សនវិស័យការលូតលាស់ជុំវិញពិភពលោកសម្រាប់ឆ្នាំ ២០១៩ បានធ្លាក់ចុះជាលើកដំបូង ព្រោះតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន រួមទាំងការរឹតបន្តឹងស្ថានការណ៍ហិរញ្ញវត្ថុ ។
សេដ្ឋវិទូភាគច្រើនក្នុងចំណោម១៥០នាក់គិតថា កត្តាដែលបង្កឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះរួមមានការធ្ងន់ធ្ងរឡើងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន និងការរឹតបន្តឹងស្ថានការហិរញ្ញវត្ថុ ។
លោក Nei Shearing ប្រធានសេដ្ឋវិទូនៅ Capital Economics បានឲ្យដឹងដែរថា មិនមានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោកទេ ទោះជាការខាតបង់នៅមានកម្រិត និងអាចជំរុញឲ្យសេដ្ឋកិច្ចបើកទូលាយជាងមុនពិតមែនក្តី តែប្រទេសទាំងអស់នឹងស្ថិតក្នុងស្ថានការណ៍អាក្រក់ជាងមុន ៕ ប្រែសម្រួលដោយ ៖ ណៃ ដាលីន