បុណ្យ​សមុទ្រ​ឆ្នេះ​ភ្ញៀវ​ទេសចរណ៍ កើនឡើង​ជាង​៦​ម៉ឺន​នាក់​លើស​ឆ្នាំ​២០១៤

118

ខេត្តកោះកុង ៖ រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៃ​ពី​ធី​បុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នៅ​ខេត្តកោះកុង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​កម្ពុជា នា​ឆ្នាំ​នេះ តាម​ការ​វាយតម្លៃ​របស់​អនុ​គណៈកម្មការ​រៀបចំ ពិធីបុណ្យ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ធ្នូ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​នេះ​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍ ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​កម្សាន្ត និង​អបអរសាទរ​ក្នុង​ពិធីបុណ្យ​នា​ឆ្នាំ​នេះ មានការ​កើនឡើង ជាង​៦​ម៉ឺន​នាក់ លើស​ពិធីបុណ្យ​កាលពី​ឆ្នាំ​២០១៤ ជុំ​ទី​១​លើក​ទី​៣​។

Loading...

លោក ប៊ុ​ន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង​ជា​សមាជិក​អនុ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ បាន​បញ្ជាក់​នៅ​រសៀល ថ្ងៃ​ទី​១៦ ធ្នូ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ​នា​ឆ្នាំ​នេះ​ថា ភ្ញៀវ​ដែល​បាន​ចូលរួម​អបអរសាទរ និង​កម្សាន្ត ក្នុង​ពិធីបុណ្យ​រយៈពេល​៣​យប់​៣​ថ្ងៃនេះ មាន​ចំនួន​ជាង​១៨​ម៉ឺន​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ពិធីបុណ្យ កាលពី​ឆ្នាំ​២០១៤ គឺ​មាន​ភ្ញៀ​ង​ទេសចរណ៍​ចូលរួម​តែ​១២​ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​រយៈពេល​កន្លះ​ខែ​មុន​ពិធីបុណ្យ​មក​ដល់ បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ចំនួន​១៨០០​បន្ទប់ ក្នុង​ទីរួមខេត្ត ត្រូវ​បាន​ភ្ញៀវ​កក់​ទុក​ទាំងអស់ សម្រាប់​មក​សម្រាកលំហែ កម្សាន្ត ក្នុង​ពិធីបុណ្យ​៣​យប់​៣​ថ្ងៃនេះ ហើយ​ក៏​នៅ​មាន​ភ្ញៀវ​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត អត់​បន្ទប់​សម្រាក ត្រូវ​បោះ​តង់​តាម​សួន​សាធារណៈ​ដើម្បី​សម្រាក​ទៀត​ផង​។

ក្រៅពី​នោះ​អនុ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត កក់​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅ​ក្នុងស្រុក​ខ្ល​ង​យ៉ៃ​ប្រទេស​ថៃ ចំនួន​១០០​បន្ទប់ និង​រង់ចាំ​សម្រួល​ចរាចរ ទទួលភ្ញៀវ​ឲ្យ​ចូល​ទៅ​សម្រាក​នៅ​ទីនោះ និង​មាន​ភ្ញៀវ​ចូល​ទៅ សម្រាក​ប្រមាណ​ជាង​៤​ពាន់​នាក់ ក្នុង​រយៈពេល​៣​យប់​៣​ថ្ងៃនេះ​។ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បញ្ជាក់​ទៀត​ថា ហេតុផល​ដែល​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​កើនឡើង​សន្ធឹកសន្ធាប់​បែប​នេះ គឺ​ផ្អែក​ទៅ​លើ​កត្តា​ជា​ច្រើន​ដូច​ជា អាជ្ញាធរ​ខេត្ត​បាន​ខិតខំ​យកចិត្តទុកដាក់ តុបតែង​ភ្លើងពណ៌​បំភ្លឺ កែ​លម្អ​សោភ័ណ​ភាព​គ្រប់​ទីកន្លែង​ដូច​ជា​អគារ​រដ្ឋបាល​គ្រប់​ស្ថាប័ន សួនច្បារ និង​ទី​សាធារណៈ​ទូ​ទាំង​ខេត្ត​។

គណៈកម្មការ​អន្តរក្រសួង ក្នុង​នោះ​មាន​ក្រសួងទេសចរណ៍ និង​ក្រសួង​សាធារណៈការ បាន​ប្តេជ្ញា​ពង្រីក​ន្ថែ​ម​តំបន់​សក្តានុពល​ទេសចរណ៍ ជា​ច្រើន​ទៀត ជួសជុល​ផ្លូវជាតិ​លេខ​៤៨ ចម្ងាយ​ជាង​១៥០​គីឡូម៉ែត្រ តែ​ក្នុង​រយៈពេល​២​ខែ​ប៉ុណ្ណោះ រួចរាល់​ជា​ស្ថាពរ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល និង​ធានា​សុវត្ថិភាព ដល់​ការ​ធ្វើ​ចរាចរ​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ចូលរួម​អបអរសាទរ និង​កម្សាន្ត​ក្នុង​ពី​ធី​បុណ្យ​។ ជា​កត្តា​ពិសេស ដោយ​ពលរដ្ឋ​មាន​ភាព​កក់ក្តៅ ជឿជាក់ និង​ចង់​ចូលរួម​អបអរសាទរ​ជាមួយ​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ប្រកបដោយ​ភាព​ស្និទ្ធស្នាល​បំផុត​ផង​ដែរ​៕