ធ្លាក់​ដៃ ប៉ុន្តែ​យុគ យក្ស​ផ្លែ តាម​ស្មើ​ម្ចាស់​ខ្សែក្រវាត់​ថៃ ពិតជា​ធម្មតា​ទេ​!!!

134

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាគ្នេយ៍​កាលពី​ថ្ងៃអាទិត្យ ទី​១៦ ធ្នូ កីឡាករ​កម្ពុជា យុគ យក្ស​ផ្លែ ដែល​ត្រូវ​គេ​ដឹង​ថា ធ្លាក់ដៃ​ទៅ​ហើយ ទទួល​បាន​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​តែ​គេ​នៅ​ពេល​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​មក​ពី​ប្រទេស​ថៃ គឺ Phat Lerchha នៅ​តែ​អាច​តាម​ស្មើ​។ លទ្ធផល​ដែល​បាន​ស្ដែង​បាន​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ទទួល​បានការ​អបអរ​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ប្រកួត​របស់​កីឡាករ​ថៃ​មាន​ថ្វីដៃ​ខ្លាំង ប៉ុន្តែ​កីឡាករ​កម្ពុជា​នៅ​តែ​អាច​ទប់​បាន​។

Loading...

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​ថៃ Phat Lertchha ធ្វើ​ឱ្យ​អ្នកគាំទ្រ​ញាក់សាច់​មិន​អន់​ទេ ដោយសារ​តែ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ ហើយ​បើ​និយាយ​ពី​បច្ចេកទេស​ក្នុង​ការ​វាយលុក​គឺ​ខ្លាំង​មិនធម្មតា​។ កីឡាករ​ថៃ​រូប​នេះ ទើបតែ​មក​ប្រកួត​នៅ​កម្ពុជា​ជា​លើក​ដំបូង​ប៉ុណ្ណោះ តែ​វត្តមាន​របស់​គេ​គឺ​បន្ទាប់​ពី​គេ​ដណ្ដើម​បាន​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នៅ​ក្នុង​ប្រទេស​ថៃ​។

ប្រភព​ពី​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​កម្ពុជា បញ្ជាក់​ថា កីឡាករ​រូប​នេះ នៅ​ក្នុង​ប្រទេស​ថៃ គឺ​មាន​តម្លៃ​ខ្លួន​សែន​បាត ប៉ុន្តែ​មក​ពី​គេ​ចង់​ប្រកួត​នៅ​កម្ពុជា ទើប​គេ​ស្ម័គ្រចិត្ត​មក​ប្រកួត​ជា​លើក​ដំបូង ដើម្បី​ចង់​ដឹង​ថា ថ្វីដៃ​របស់​កីឡាករ​ខ្មែរ​កម្រិត​ណា​។

តាំងពី​ទឹក​ទី​១ រហូត​ដល់​ទឹក​ទី​៣ កីឡាករ យុគ យក្ស​ផ្លែ ប្រឹង​វាយ​បំ​បុក​ខ្លាំង​ណាស់ ប៉ុន្តែ​លទ្ធផល គឺ​វាយ​សំណាញ់​ការងារ​របស់​កីឡាករ​ថៃ​មិន​បែក​នោះ​ឡើយ បែរជា​ត្រូវ​កីឡាករ​ថៃ​វាយបក​ឱ្យ​ផ្ងារជើង​ដោយ​អន្លើ​។ មួយគូ​ប្រកួត​នេះ ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​កីឡា​ស្រែក​ផង ទះដៃ​ផង ដោយសារ​តែ​បច្ចេកទេស​ក្នុង​ការ​ប្រកួត​របស់​គេ​ល្អមើល ហើយ​ទាក់ទាញ​មិនធម្មតា ។ ដោយ​ម្ចាស់​ខ្សែក្រវាត់​មក​ពី​ប្រទេស​ថៃ សម្រុក​បាន​ល្អ និង​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ខកបំណង​យ៉ាង​ខ្លាំង​។

យ៉ាងណាមិញ កីឡាករ​កម្ពុជា​នៅ​តែ​អាច​ទប់​ជាប់ ដោយ​ក្រៅពី​វាយ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​បរាជ័យ​ក្នុង​វាយ​សម្រុក​បាន​ល្អ ក៏​អាច​វាយ​ចូល​កីឡាករ​ថៃ​ធ្វើ​ឱ្យ​គេ​ញញើតញញើម​ក្នុង​ការ​បញ្ចេញ​ស្នៀត​ផង​ដែរ​។ មួយគូ​នេះ​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល​ស្មើ ខណៈ​ដែល​កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​សរសើរ​ច្រើន​ជាង ដោយសារ​តែ​ត្រូវ​គេ​ដឹង​ថា ធ្លាក់ដៃ​ទៅ​ហើយ ប៉ុន្តែ​នៅ​ពេល​ប៉ះ​ប្រកួត​ជាមួយ​ជើង​ខ្លាំង ស្រាប់តែ​មាន​ថ្វីដៃ​នៅ​លើ​ដូច​ដើម ហើយ​អាច​បំបាក់​កីឡាករ​ថៃ​ឱ្យ​បរាជ័យ​ក្នុង​ការ​យកឈ្នះ ដោយ​បាន​ត្រឹម​ស្មើ​ក្រោយ​បញ្ចប់​៥​ទឹក​។ ដោយ​ ផាត់​ ដារារ័ត្ន