ទីក្រុងហូជីមិញ ៖ អ្នកជំនាញនិយាយក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រថា វៀតណាមនឹងក្លាយជាប្រភពទំនិញដ៏សំខាន់សម្រាប់អតិថិជនក្នុងតំបន់អាស៊ាន ខណៈដែលការកុម្មង់ទំនិញនាំចេញ បានងាកចេញពីប្រទេសចិន ។
លោក Pham Thiet Hoa នាយកមជ្ឈមណ្ឌលលើកតម្កើងការវិនិយោគ និងការធ្វើពាណិជ្ជកម្មប្រចាំទីក្រុងហូជីមិញ បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងប្រទេសក្នុងអាស៊ានបានលូតលាស់យ៉ាងលឿនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
លោកបានបន្តថា ៖« អាស៊ានគឺជាទីផ្សារនាំចេញធំជាងគេលេខ៤របស់វៀតណាម បន្ទាប់ពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេស ចិន »។
យោងតាមលោក Hoa បានឲ្យដឹងថា ប្រទេសអាស៊ានមានប្រជាជនសរុបប្រមាណ ជាង៦០០លាននាក់ និងមានការលូតលាស់សេដ្ឋកិច្ចដ៏រឹងមាំ ហើយបច្ចុប្បន្ននេះសហគ្រាសវៀតណាមមានឱកាសកាន់តែច្រើនឡើងក្នុងការនាំចេញទៅកាន់ពួកគេ ។
ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) កាលពីបីឆ្នាំមុន នឹងបង្កើតឱកាសជាច្រើនសម្រាប់អាជីវកម្មក្នុងប្រទេសវៀតណាម។ បើធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដទៃ ការប្តេជ្ញាកាត់បន្ថយពន្ធក្នុងAEC មានភាពស័ក្តិសមជាងគេសម្រាប់វៀតណាម ។ វៀតណាមមានគម្រោងសម្រេចការកាត់បន្ថយពន្ធក្រោមAECនៅចុងឆ្នាំនេះ ធ្វើឲ្យពន្ធនឹងត្រូវបានកាត់ដល់សូន្យ ។
ដើម្បីទាញអត្ថប្រយោជន៍ពីទីផ្សារអាស៊ាន លោក Hoa បាននិយាយថា អ្នកនាំចេញវៀតណាមគួរតែចូលរួមបន្ថែមក្នុងការលើកតម្កើងពាណិជ្ជកម្ម ការស្ទង់មតិទីផ្សារ និងពង្រឹងភាពតភ្ជាប់ជាមួយនឹងសហគ្រាសក្នុងទីផ្សារដែលជាគោលដៅ ។
អ្នកនាំចេញក៏គួរតែសិក្សាពីតម្លៃ ចំណូលចិត្ត និងនិន្នាការអតិថិជនក្នុងទីផ្សារដទៃ និងមានការបិទស្លាកនិងវេចខ្ចប់ជាភាសាអង់គ្លេស ឬភាសាក្នុងប្រទេស ។
ដើម្បីជួបនឹងលក្ខខណ្ឌទីផ្សារអាស៊ាន សហគ្រាសគួរតែស្ថាបនាយីហោ ប្រើបច្ចេកវិទ្យាក្នុងការផលិតើដើម្បីកាត់បន្ថយការចំណាយ និងច្នៃរចនាឲ្យបានប្រសើរជាងមុនជាដើម ៕ ប្រែសម្រួលដោយ ៖ ណៃ ដាលីន