ប្រតិភូ​កងទ័ពជើងទឹក​ថៃ​ចំនួន​១៤​រូប ចូល​សម្តែង​ការ​គួរសម​ជាមួយ​យោធភូមិ​ភាគ​ទី​៥

201

ខេត្តបាត់ដំបង ៖ ប្រតិភូ​កងទ័ពជើងទឹក​ថៃ​ចំនួន​១៤​រូប ដឹកនាំ​ដោយ​លោក​ឧត្តមនាវីត្រី សា​យ៉ា​ន់ អៃ​យៈ​រ៉ា​រ៉ាត់ នាយសេនាធិការ បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បូ​រី​-​ត្រា​ត បាន​ចូល​សម្តែង​ការ​គួរសម រឹតចំណង​មិត្តភាព និង​ពិភាក្សា​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​ជាមួយ​បណ្តា​អង្គភាព​ពាក់ព័ន្ធ​របស់​យោធភូមិ​ភាគ​ទី​៥ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ក្នុង​ក្រុង​-​ខេត្តបាត់ដំបង ដោយ​មាន​នាយការិយាល័យ និង​ក្រុមការងារ​កម្ពុជា​ចំនួន​១៨​រូប​ទទួល​ស្វាគមន៍​។

Loading...

លោក​ឧត្តមសេនីយ៍ទោ អេ​ង ហុង មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ បាន​ស្វាគមន៍ និង​បញ្ជាក់​ថា កងទ័ព​យើង​មាន​សម្ព័ន្ធមេត្រីភាព និង​សហ​ប្រ​តិ​បត្ត​ការ​ជាមួយ​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ សំខាន់​ការ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស ដែល​តែងតែ​កើត​មាននៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ធានា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ រកស៊ី​ដោះ​ដូរ​ជាមួយ​គ្នា​ឲ្យ​មាន​ក្តី​សុខ ហើយ​យើង​បាន​រួម​គ្នា​ពង្រឹង​បន្ថែម​ទៀត​។

គ្រប់​ចំណុច​គោលដៅ​ដែល​យើង​កំពុង​ឈរជើង​រួម​គ្នា​ដើម្បី​លុប​បំបាត់​ឲ្យ​អស់​រាល​អំពើ​ណា​ដែល​កើត​មាន​ដោយ​ល្មើសច្បាប់ ហើយ​រាល់​បញ្ហា​ដែល​កើត​មាន​យើង​បាន​រួម​គ្នា​ដោះស្រាយ ដោយ​សន្តិវិធី ចៀសវាង​កើត​បញ្ហា​ធំ​នាំ​រំខាន​ដល់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​យើង​ទាំង​ពីរ​មក​ដោះស្រាយ​ជំនួស​យើង​ទៅ​វិញ នេះ​ជា​លទ្ធផល​ល្អ​កន្លង​មក​។ បន្ទាប់​មក​លោក​ឧត្តមនាវីត្រី សា​យ៉ា​ន់ អៃ​យៈ​រ៉ា​រ៉ាត់ ខាង​ភាគី​ថៃ បាន​ឆ្លើយ​តប​វិញ​ថា យើង​តែងតែ​ជួប​គ្នា​ជា​ប្រចាំ​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ថ្នាក់ដឹកនាំ ដោយ​មានការ​ផ្លាស់​ប្តូរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក យក​ចំណុច​ល្អ​មក​រួម​គ្នា​ពង្រឹង​បន្ត​ទៅ​ទៀត ហើយ​រាល់​កង្វះខាត​ខ្លះ​យើង​បាន​រួម​គ្នា​ពង្រឹង​ផ្សព្វផ្សាយ​ជា​ព័ត៌មាន៖

ដើម្បី​ឲ្យ​ប្រជាជន​យើង​ទាំងអស់​គ្នា​បាន​យល់​អំពី​ច្បាប់​ដែល​ប្រទេស​យើង​ទាំង​ពីរ​កំពុង​អនុវត្តន៍​រួម​គ្នា សំខាន់​ជំរុញ​ទប់ស្កាត់​បាន​បទល្មើស​ចូល​លួច​កាប់​ឈើ ពលករ​ចេញចូល​ធ្វើការ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ ទប់ស្កាត់​គ្រឿងញៀន​ដែល​ឆ្លងកាត់​តាម​ព្រំដែន​មានការ​ថយ​ចុះ ទប់ស្កាត់​ចោរកម្ម​គ្រប់​ប្រភេទ​ឆ្លង​ដែន មិន​ឲ្យ​កើត​មាន​ឡើង និង​រួម​គ្នា​ជំរុញ​បន្ថែម​ទៀត​លើ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ ផ្លាស់​ប្តូរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ប្រកបដោយ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​តាម​ខ្សែបន្ទាត់​ព្រំដែន​។ បន្តា​ប់​មក​ប្រតិភូ​ថៃ​បាន​ចេញដំណើរ ចូល​ក្រុងភ្នំពេញ និង​បន្តដំណើរ​ទៅ​ខេត្ត​ព្រះ​សីហ​នុ – កោះកុង បន្ថែម​ទៀត​ទើប​ត្រឡប់​ចូល​ក្នុង​ប្រទេស​ថៃ​វិញ ក្នុង​ថ្ងៃ​បន្តបន្ទាប់​៕