ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ លើ​មុខរបរ​ឆ្អើរត្រី​លក់

188

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​ប្រកប​មុខរបរ​ឆ្អើរ ត្រី​លក់​បាន​ត្អូញត្អែ​ថា ត្រី​ឆ្នាំ​នេះ​មិន​សម្បូរ​ហើយ​ឡើងថ្លៃ​ទៀត ជាមួយ​គ្នា​នោះ​តម្លៃ​ឧស​សម្រាប់​ឆ្អើរត្រី​ក៏​ឡើងថ្លៃ​ដែរ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​គាត់​ព្រួយបារម្ភ​ពីមុខ​របរ​របស់​គាត់​ខ្លាច​មានការ​ខាតបង់​នៅ​ពេល​ឈ្មួញ​មិន​ជួយ​ឡើងថ្លៃ ដូច​វត្ថុធាតុដើម​មាន​ត្រី និង​អុស​ដែល​គាត់​ទិញ​មក​សម្រាប់​ឆ្អើរ​។ បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានមុខ​របរ​ច្រើន ជាមួយ​ត្រី​ទាំងនោះ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖ កាល​ឆ្នាំ​កន្លង​ទៅ ត្រី​រៀល ត្រី​លេញ​ធំ​ៗ ជាប់​មង​ក្រឡា​៣​ហ៊ុន ក្នុង​មួយ​គីឡូក្រាម​ត្រឹមតែ ៣.០០០​រៀល ឬ​ក៏​៣.៥០០​រៀល​តែ​ប៉ុណ្ណោះ​។

Loading...

ប៉ុន្តែ​ឆ្នាំ​នេះ ប្រភេទ​ត្រី​ដូច​គ្នា​នេះ​ដែរ មាន​តម្លៃ​ដល់​ទៅ​៤.៥០០​រៀល ឬ​ពេល​ខ្លះ​អាច​ឡើង​ដល់​៥.០០០​រៀល​ឯណោះ​។ ចំណែក​ត្រី​តូច​ៗ​វិញ​ក្នុង ១​គីឡូក្រាម ថ្លៃ ២.៥០០​រៀល​។ ដោយឡែក​ត្រី​បន្ទោះ​ភ្លុក និង​ត្រី​ស្លឹក​ឫស្សី ដែល​ជា​ប្រភេទ​ត្រី​តូច​ៗ​ក៏​មាន​តម្លៃ ៤. ០០០ រៀល​ដែរ ក្នុង​១​គីឡូក្រាម​។ ប្រជាពលរដ្ឋ​អ្នក​ឆ្អើរត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​មុន​ៗ​មិន​ថ្លៃ​ដល់​ម្លឹ​ង​ទេ ព្រោះ​ត្រី​សម្បូរ តែ​ឆ្នាំ​នេះ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ស្ទើ​រាល់ថ្ងៃ ម្ល៉ោះហើយ​ត្រី​មិន​ចុះ​នោះ​ទេ​។ ក្រៅពី​ត្រី​ឡើងថ្លៃ តម្លៃ​ឧស​ដែល​ពួក​គាត់​ទិញ​មក​សម្រាប់​ឆ្អើរត្រី​ក៏​ឡើងថ្លៃ​ដែរ ក្នុង​១​ម៉ែត្រគូប​ថ្លៃ​ដល់​ទៅ ១៨.០០០​រៀល ខុស​ឆ្នាំ​មុន​ៗ ថ្លៃ​ត្រឹមតែ ១២.០០០​រៀល​ប៉ុណ្ណោះ ហើយ​បើ​ពួក​គាត់​មិន​ទិញ គឺ​គ្មាន​ឧស​សម្រាប់​ឆ្អើរត្រី​ម្ល៉ោះហើយ​ត្រូវ​តែ​ទិញ​។

ដោយឡែក​សម្រាប់​ថ្លៃ​ឈ្នួល ដោតត្រី​ជា​ចង្កាក់​វិញ គឺ​១០​ចង្កាក់​ថ្លៃ​៥០០​រៀល មិន​ឡើងថ្លៃ​នោះ​ទេ​។ ប្រជាពលរដ្ឋ មានមុខ​របរ​ខាងលើ បាន​បន្ត​ថា ឆ្នាំ​នេះ​បើ​ម៉ូ​ញ​មក​ទិញ​គេ​យល់​ថា​៖ ត្រី​ឡើងថ្លៃ ឧស​ក៍​ឡើងថ្លៃ ម៉ូយ ជួយ​ឲ្យ​តម្លៃ​ឡើងថ្លៃ​ទៅ​តាម​ហ្នឹង មិនជា​បញ្ហា​នោះ​ទេ តែបើ​ម៉ូយ​ឲ្យ​តម្លៃ​ដូច​ឆ្នាំ​មុន​ពេល​ដែល​ត្រី​ថោក ពួក​គាត់​ពិតជា​ខាត​ជា​ពុំខាន​។ តែ​យ៉ាងនេះ​ក្តី​ពួក​គាត់​បញ្ជាក់​ថា មុខរបរ​ដូច​ពួក​គាត់​ក្រៅពី​ការងារ​ស្រែ​ចម្ការ គឺ​មាន​តែ​ឆ្អើរត្រី ដែល​ជា​មុខរបរ​ប្រចាំ​ត្រកូល ហើយ​ពេល​នេះ​មាន​តែ​ប្រថុយប្រថាន​។ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​អស់ សង្ឃឹម​នោះ​ទេ ព្រោះ​នៅ​មាន​រដូវ​ខ្នើត​ខែ​ក្រោយ​ៗ ២​ខែ​ទៀត​ដែរ ថា​មិន​ត្រូវ​ត្រី​នឹង​សម្បូរ ហើយនឹង​ថោក​ជាង​នេះ​។

ជុំវិញ​បញ្ហា​ឆ្នាំ​នេះ​មិន​សម្បូរ​ត្រី​នេះ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ភ្ញាក់​ងារ​យើង កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ​ថា ត្រី​ពិតជា​មិន​សម្បូរ​មែន​នៅ​ពាក់កណ្តាល​ខ្នើត​ខែ​មិគសិរ​នេះ ព្រោះតែ​មាន​ភ្លៀង​ធ្លាក់​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ត្រី​ត្រូវ​បាន​ត្រូវ​រយៈពេល​៣​ថ្ងៃ​ដែរ កាលពីដើម​ខ្នើត ខែ​មិគសិរ​នេះ គឺ​ចំ​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​សៅរ៍ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​។ ប៉ុន្តែ​ចាប់ពី​ក្រោយ​មេឃ មាន​ភ្លៀង​ក៏​ស្ងាត់​ទៅ​វិញ មក​ដល់​ថ្ងៃនេះ​ហើយ​សង្ឃឹមថា ត្រី​នឹង​សម្បូរ​ឡើង​វិញ នៅ​ខ្នើត​ខែ​ក្រោយ​ៗ​ទៀត​៕