កំពុង​តែ​នាំ​គ្នា​សម្ងំ​ជក់​ថ្នាំ​នៅ​ក្នុង​បន្ទប់ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ឆ្មក់​ចុះ​បង្ក្រាប

198

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​បុរស​ជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន ២​នាក់ (​សរុប​ចំនួន ៣​នាក់​) ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌដូនពេញ​ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ពួក​គេ​កំពុង​តែ​នាំ​គ្នា​មក​ទិញ និង​សម្ងំ​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​មួយ​កន្លែង​នោះ​។ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មិន​រៀបរយ​ផ្លូវ​រថភ្លើង​R6 ក្នុង​សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ទាំង ៣​នាក់​ដែល​បាន​ចាប់​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ប្លង់ អនុវត្តន៍ អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៨០ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចម្ការមន (​ជា​អ្នក​ជួញដូរ​) ទី​២-​ឈ្មោះ ឃុន វី អាយុ​១៨​ឆ្នាំ និង​ទី​៣-​ឈ្មោះ ទៀង សំអាត អាយុ​២៨​ឆ្នាំ ពួក​គេ​ទាំង​២​នាក់​ជា​អ្នក​ប្រើប្រាស់ និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ជាមួយ​គ្នា​។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ​ដែរ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើការ​ចែកចាយ និង​សម្ងំ​ជក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​នេះ ដោយ​បាន​ធ្វើ ការ​ដកហូត​ថ្នាំ​ញៀន​បាន​ចំនួន ២៦​កញ្ចប់ ក្នុង​នោះ​កញ្ចប់​ធំ​២​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ជួល ខាងលើ​នេះ​រួច​ហើយ ក្រុម​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង ៣​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​២៦​កញ្ចប់ (២​កញ្ចប់​ធំ និង​២៤​កញ្ចប់​តូច​) និង ឧបករណ៍​ប្រើប្រាស់​ជា​វត្ថុ​តាង​មួយ​ចំនួន​ទៀត ក៏​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕