ក្រុមហ៊ុន​ម្សៅដំឡូង​មី​ផ្អាក​ការ​ផលិត​មួយ​រយៈ ក្រោយ​ប៉ះពាល់​បរិស្ថាន​ជុំវិញ​យ៉ាងធ្ងន់ធ្ងរ

235

ខេត្តក្រចេះ ៖ តំណាង​ក្រុមហ៊ុន​ម្សៅដំឡូង​មី​ដ៏​ធំ​មួយ​នៅ​ខេត្តក្រចេះ អះអាង​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ថា ក្រុមហ៊ុន​នឹង​ផ្អាក​ការ​ផលិត​ម្សៅដំឡូង​មួយ​រយៈពេល​រង់ចាំ​ការ​ជួល​ជុល​ប្រព័ន្ធ កែ​ច្នៃ​កាក​សំណល់​ឲ្យ​រួចរាល់​តាម​បទដ្ឋាន​បច្ចេកទេស ត្រឹមត្រូវ ដើម្បី​កុំ​ប៉ះពាល់​ដល់​បរិស្ថាន និង​ប៉ះពាល់​ផ្លូវ​អារម្មណ៍​របស់​ពលរដ្ឋ​ដោយសារ​តែ​ក្លិនស្អុយ​។ ការ​បញ្ជាក់​ពី​ជំហរ បែប​នេះ ពី​តំណាង​ក្រុមហ៊ុន​កិន​ម្សៅដំឡូង​មី​របស់​ក្រុមហ៊ុន​កូ​រេ​ដ៏​ធំ​មួយ​មានឈ្មោះ​ថា ស៊ី​ង សុង មក​កាន់​អាជ្ញាធរ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​កែ​ច្នៃ ម្សៅដំឡូង​មី និង​មាន​ផលិត​កាក​សំណល់​ពី​ដំឡូង​ជា​ប្រព័ន្ធ​បាយ​អូ​ហ្គា​ស់ បាន​ធ្វើ​ឲ្យ​មាន​ក្លិនស្អុយ​យ៉ាងធ្ងន់ធ្ងរ​ជះ​មក​លើ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ​មាននៅ​ក្រុង​ក្រចេះ និង​នៅ​ស្រុក​ចិត្រ​បុរី​។

Loading...

ក្រុមហ៊ុន​ម្សៅដំឡូង​មី​ដ៏​ធំ​មួយ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុង​សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ បាន​ចាប់ផ្តើម​ដំណើរការ​ផលិត​ម្សៅដំឡូង​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​។ ហើយ​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ដំណើរការ​មក​សក្តានុពល​លើ​វិស័យ​ដំឡូង​មី ក៏​កាន់តែ​រីក​ធំធេង ដោយសារ​ក្រុមហ៊ុន​បាន​បញ្ជា​ទិញ​ដំឡូង​មី​ពី​ពលរដ្ឋ​ក្នុង​តម្លៃ​ខ្ពស់​។ អាជ្ញាធរ​មូលដ្ឋាន ក្នុង​សង្កាត់​អូ​ឫ​រស្សី បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ច្នៃ​កាក​សំណល់​ដំឡូង​មី របស់​ក្រុមហ៊ុន បាន​ធ្វើ​ឡើង​ខុស​ស្តង់ដារ បណ្តាល​ឲ្យ​មាន​ក្លិនស្អុយ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍ របស់​ពលរដ្ឋ​នៅ​តាម​ស្រុក និង​ក្រុង ដែល​កំពុង​រស់នៅ​តាម​តំបន់​ជុំវិញ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការ​បង្ហូរ​កាក​សំណល់​មិន​ស្អាត​ពី​ការ​កែ​ច្នៃ ដំឡូង ចូល​ក្នុង​ទឹក​ព្រែក និង​អូរ បាន​ធ្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ ក៏​ដូច​ជា​សត្វពាហនៈ​។ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ដោយសារ​ការ​ផលិត​កាក​សំណល​របស់​ក្រុមហ៊ុន បង្ក​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ជុំវិញ ពិសេស​គឺ​ការ​ជះក្លិន​ស្អុយ​ពលរដ្ឋ​តែងតែ​ប្តឹង​មក​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​។ ហើយ​ទន្ទឹម​គ្នា​នេះ​ដែរ​អាជ្ញាធរ​ស្រុក និង​ក្រុង បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង ដល់​ក្រុមហ៊ុន​ជា​ញឹកញាប់ និង​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​កែស​ម្រូ​ល​ប្រព័ន្ធ​លូ​កាក​សំណល់​ឲ្យ បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស​ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​។

ចៅសង្កាត់​អូរ​ឫស្សី លោក ឈឺ​ន រឹទ្ធ បាន​បញ្ជាក់​ប្រាប់​ថា តំណាង​ក្រុមហ៊ុន​បាន​ជួប​ពិគ្រោះ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ដោយ​អះអាង​មក​កាន់​អាជ្ញាធរ​ថា ក្រុមហ៊ុន​នឹង​បញ្ឈប់ សកម្មភាព​ផលិត​ម្សៅដំឡូង​មួយ​រយៈពេល​ចាប់ពី​ថ្ងៃ​ទី​១៩ ខែធ្នូ នេះ​តទៅ ដោយ​រង់ចាំ​ជួល ជុល​កែ​ច្នៃ​ប្រព័ន្ធ​កាក​សំណល់ ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ ទើប​ចាប់ផ្តើម​ដំណើរការ​សារ​ជា​ថ្មី​។ លោក​ចៅសង្កាត់​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ម្សៅដំឡូង​នេះ បាន​ជួយ​លើក​ស្ទួយ​ជីវភាព ពលរដ្ឋ​ក្នុង​មូល​ដ្នា​ន​បាន​ច្រើន ដូច​ជា​ការ​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ និង​ការ​បញ្ជា​ទិញ​ដំឡូង​មី ពី​ពលរដ្ឋ​ក្នុង​តម្លៃ​ថ្លៃ​។ ហើយ​ក្រុមហ៊ុន តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ លើ​ជំហរ​ដោះស្រាយ ពី​បញ្ហា​ចន្លោះ​ប្រហោង​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ពលរដ្ឋ​៕