SECC ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចុះបញ្ជី​បង្ហាញ​ព័ត៌មាន​សំខាន់​ៗ​ដល់​វិនិយោគិន

139

រាជធានី​ភ្នំពេញ ៖ ដើម្បី​ផ្តល់​ទំនុកចិត្ត​ទៅ​ដល់​វិនិយោគិន​ងាយស្រួល​សម្រេចចិត្ត​ក្នុង​ការ​វិនិយោគ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ឬ​ហៅ​ថា​គ​.​ម​.​ក (SECC) បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​ត្រូវ​បង្ហាញ​នូវ​ព័ត៌មាន​សំខាន់​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន បន្ទាប់​ពី​មានការ​កែសម្រួល​និង​ដាក់​ឱ្យ​អនុវត្ត​ប្រកាស​ស្តី​ពី​ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម ។

Loading...

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​សាធារណៈ​អំពី​ការ​ដាក់​ឱ្យ​អនុវត្ត​ប្រកាស​ស្តី​ពី « ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម » កាលពី​ថ្ងៃ​ទី​១៧ ធ្នូ លោក ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា ដោយ​អនុលោម​តាម​ប្រកាស​ស្តី​ពី​ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម​ឆ្នាំ​២០១៨​នេះ ព័ត៌មាន​សាជីវកម្ម​ដែល​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល ត្រូវ​បង្ហាញ​ជា​សាធារណៈ ក្នុង​នោះ​មាន​ព័ត៌មាន​សំខាន់​៤​ប្រភេទ គឺ ព័ត៌មាន​ទាន់​ពេល​, របាយការណ៍​សាមាយិក​, ព័ត៌មាន​ពិសេស និង​ព័ត៌មាន​តាម​ការ​ស្នើ​សុំ។

លោក​បន្ដ​ថា ជា​នីតិវិធី​នៃ​ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​ត្រូវ​ផ្តល់​ព័ត៌មាន​ទាំង​៤​ប្រភេទ​នេះ​ទៅ គ​.​ម​.​ក​. ឬ ផ​.​ម​.​ក​. ដើម្បី​ពិនិត្យ ហើយ​បន្ទាប់​មក​ព័ត៌មាន​ទាំងនេះ​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ ។

លោក​អគ្គនាយក​សង្កត់ធ្ងន់​ថា ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម​ដ៏​ច្បាស់លាស់ គឺជា​យន្តការ​មួយ​ក្នុង​ការ​ការពារ​នូវ​ផលប្រយោជន៍​របស់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​វិនិយោគិន នឹង​ទទួល​បាន​នូវ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ដើម្បី​បង្ក​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​របស់ខ្លួន​។

លោក​បញ្ជាក់​ថា ៖« ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម គឺជា​វិធីសាស្ត្រ​មួយ​ដែល​ផ្តល់​ឱ្យ​វិនិយោគិន​ទទួល​បាន​នូវ​ព័ត៌មាន​ពេញលេញ ត្រឹម​ត្រូវ ច្បាស់លាស់ និង​ទាន់​ពេល​ក្នុង​ពេល​ដំណាលគ្នា ក្នុង​គោលបំណង​ជៀសវាង​ការ​បែកធ្លាយ​នូវ​ព័ត៌មាន​សម្ងាត់ ឬ​ការ​ប្រើប្រាស់​ព័ត៌​មាន​សម្ងាត់​ដោយ​អ្នក​ផ្ទៃក្នុង​ក្រុមហ៊ុន ដែល​អំពើ​នេះ​ត្រូវ​បាន​ចាត់ទុកជា​បទល្មើស​ព្រហ្មទណ្ឌ ក្រោម​ច្បាប់​នៃ​វិស័យ​មូល​ប​ត្រ »​។

លោក​បាន​បន្ថែម​ថា ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ការ​គ្រប់គ្រង​ក្រុមហ៊ុន ក៏​ដូច​ជា​នាឡិកា​មួយ​ក្នុង​ការ​វាស់​ស្ទង់​នូវ​កម្រិត​អភិបាលកិច្ច​សាជីវកម្ម​របស់​ក្រុមហ៊ុន ។ ការ​បង្ហាញ​ព័ត៌មាន​សាជីវកម្ម​នេះ គឺជា​ធាតុ​មួយ​នៃ​ការ​វាយតម្លៃ​ក្នុង​ការ​ដាក់​ពិន្ទុ​ការ​អនុវត្ត​អភិបាលកិច្ច​សាជីវកម្ម​ល្អ របស់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​ប្រ​តិ​ស្រុត ដែល គ​.​ម​.​ក​. គ្រោង​នឹង​ធ្វើ​ការ​វាយតម្លៃ​អភិបាលកិច្ច​សាជីវកម្ម និង​ផ្តល់​ពានរង្វាន់​នា​ឆ្នាំ​ខាង​មុខ ។

លោក​អគ្គនាយក​គូសបញ្ជាក់​ថា ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ និង​បុគ្គល​ពាក់ព័ន្ធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​និង​របាយការណ៍​ដែល​ត្រូវ​បង្ហាញ ដែល​សំដៅ​ដល់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​បច្ចុប្បន្ន​នេះ បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​ដែល​ត្រូវ​មាន​កាតព្វកិច្ច​អនុវត្ត​ប្រកា​សមាន​ចំនួន​៦​គឺ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, ក្រុមហ៊ុន ហ្គ្រេ​ន ធ្វី​ន អុ​ី​ន​ធើ​ណេ​សិន​ណ​ល​, កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​, ភ្នំពេញ​អេសអីុហ្សិត ភី​អិ​ល​ស៊ី​, កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ ។

អ្នកស្រី ហាក់ គ​ន្ធា មន្ត្រី​ជំនាញ​ការិយាល័យ​គ្រប់គ្រង​ព័ត៌មាន​សាជីវកម្ម នៃ​នាយកដ្ឋាន​គ្រប់គ្រង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​បាន​បង្ហាញ​ថា កា​រត​ព្វ​កិច្ច​ក្នុង​ការ​អនុវត្ត​ការ​ផ្តល់​ព័ត៌មាន​សម្រាប់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​គឺ​ត្រូវ​ធានា​យន្តការ​មាន​ប្រសិទ្ធភាព និង​និរន្តរភាព​, ធានា​ភាព​ត្រឹមត្រូវ ច្បាស់លាស់ ពេញលេញ និង​ទាន់​ពេលវេលា ដោយ​មិន​ក្លែងបន្លំ ឬ​នាំ​ឱ្យ​យល់​ខុស និង​ត្រូវ​ស្ថិត​ក្រោម​ការ​ទទួលខុសត្រូវ​ទាំងស្រុង​របស់​បុគ្គល​ចុះបញ្ជី​លក់​មូល​ប​ត្រ​,​ការពារ​និង​រក្សា​ទុក​១០​ឆ្នាំ​, រក្សា​ការ​សម្ងាត់ និង​មាន​ក្រមសីលធម៌ ។

ដោយឡែក​សម្រាប់ អភិបាល និង​បុគ្គលិក​ជាន់ខ្ពស់ និង​បុគ្គលិក​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន​ត្រូវ​រក្សា​ការ​សម្ងាត់​, អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ក្រមសីលធម៌ និង​វិធាន​ផ្ទៃក្នុង​, មិន​ត្រូវ​ង​អនុវត្ត​ការងារ​ដែល​នាំ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​។ ចំណែកឯ អភិបាល និង​បុគ្គលិក​ជាន់ខ្ពស់ ត្រូវ​ផ្តល់​ព័ត៌មាន​សាជីវកម្ម​ដល់​បុគ្គលិក​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន និង​ទទួលខុសត្រូវ​លើ​ការ​ផ្តល់​ព័ត៌មាន ។

បើ​តាម​អ្នកស្រី ប្រកាស​នេះ​មានការ​ដាក់​ទណ្ឌកម្ម ពិន័យ​អន្តរការណ៍ គិត​ជា​ទឹកប្រាក់​ប្រមាណ​៥០០​លាន​រៀល​។ ចំណែក​វិធានការ​រដ្ឋបាល​មាន​ដូច​ជា ព្រមាន ឬ​ដាស់តឿន​, ការ​ដាក់​កំហិត​លើ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​, ការ​ផ្តល់​អនុសាសន៍​លើ​ការ​បណ្តេញចេញ​អភិបាល ឬ​បុគ្គលិក​ជាន់ខ្ពស់​ឬ​បុគ្គលិក​ទទួល​បន្ទុក​ផ្តល់​ព័ត៌មាន​,​ប្រកាស​ជា​សាធារណៈ​នូវ​ទណ្ឌកម្ម និង​ការ​ព្យួរ ឬ​ហាមឃាត់​នូវ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ឬ​ការ​ចែកចាយ​បន្ត ៕ ដោយ ឡុ​ង សា​រេ​ត