NOCC​ អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ជិះ​កង់កម្សាន្ត​ឱ្យ​បាន​ច្រើន​អបអរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​=​ឈ្នះ

191

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) កាលពី​ពេល​ថ្មី​ៗ​នេះ បាន​អំពាវនាវ​ជា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជការ​ឱ្យ​ចូលរួម​ជិះ​កង់​កម្សាន្ត​ឆ្ពោះទៅ​វិមាន​ឈ្នះ​=​ឈ្នះ​ដែល​ស្ថិត​នៅ​ទល់មុខ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុ​ង​ផាត់ នៅ​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៨ ដោយ​ជួបជុំ​ចេញដំណើរ​ពី​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នៅវេលា​​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​។

Loading...

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​ជិះ​កង់​កម្សាន្ត​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​២០​គីឡូម៉ែត្រ ដោយ​អាច​ចូលរួម​បាន​គ្រប់​ប្រភេទ​កង់​ទាំងអស់​ព្រោះ​ការ​ជិះ​កង់​កម្សាន្ត​នេះ មិន​គិត​ពី​លទ្ធផល​ចាញ់​ឈ្នះ​ឡើយ ពោល​គឺ​ដើម្បី​ចូលរួម​អបអរ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​=​ឈ្នះ​និង​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​=​ឈ្នះ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​(១៩៩៨-២០១៨)​បាន​ដោយ​ជោគជ័យ ។

ក្រៅពី​កីឡា​ជិះ​កង់ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ក៏​មាន​រៀបចំ​ឱ្យ​មាន​កីឡា​១០​ប្រភេទ​ផ្សេង​ទៀត ដើម្បី​ញ៉ាំង​ឱ្យ​ពិធី​នេះ​កាន់តែ​មាន​ភាព​គគ្រឹកគគ្រេង​ថែម​ទៀត ។

កីឡា​១០​ប្រភេទ​នោះ​មាន​ប្រដាល់​គុន​ខ្មែរ​,​ប្រណាំង​កង់​ចម្ងាយ​៨៥​គីឡូម៉ែត្រ និង​៣៥​គីឡូម៉ែត្រ​, កីឡាវាយកូនគោល​, អុកចត្រង្គ​,ចំបាប់​បូរាណ​, ការ​ប្រកួត​បុរស​ខ្លាំង​ឬ​លើក​ទម្ងន់​, ប្រណាំង​រទេះគោ​ឬ​រទេះសេះ​, រត់​កម្សាន្ត១០​គីឡូ​ម៉ែត្រ ៥​គីឡូម៉ែត្រ និង​៣​គីឡូម៉ែត្រ​,​យុទ្ធ​គុន​ចម្រុះ និង​កីឡា​កាយ​វប្បកម្ម ។ កីឡា​ទាំង​អស់នេះ​ត្រូវ​ប្រកួត​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ លើកលែងតែ​កីឡាវាយកូនគោល​ធ្វើ​នៅ​ទីលាន​Garden City៕ ដោយ អ៊ុំ សំ​អូន