ភ្នំពេញ​ក្រោ​ន​ព្រមាន​បញ្ឈប់​ការ​អភិវឌ្ឍ​បាល់ទាត់​ថ្នាល ​និង​ដកខ្លួន បើ​គ្មាន​ដំណោះស្រាយ​

143

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ព្រមាន​តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១៧ ធ្នូ កន្លង​មកនេះ​ថា ក្លិប​នឹង​បញ្ឈប់​សកម្មភាព​អភិវឌ្ឍ​បាល់ទាត់​ថ្នាល​ទាំងអស់ ហើយនឹង​ដកខ្លួន​ចេញ​ពី​ការ​ប្រកួត​លី​គ​កម្ពុជា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ឱ្យ​បាន​សម​ស្រប​លើ​បញ្ហា​នៃ​ការ​ចាកចេញ​របស់​កីឡាករ​ថ្នាល​របស់​ខ្លួន ទៅ​កាន់​ក្លិប​ដទៃ​ដោយ​គ្មាន​សំណង​ទេ​នោះ ។

Loading...

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្លិប​បាល់ទាត់​វិសាខា កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៨ បាន​បង្ហាញ​សមាសភាព​កីឡាករ​ចំណូល​ថ្មី​ចំនួន​១២​រូប​ជា​ផ្លូវការ ដើម្បី​ត្រៀម​យុទ្ធនាការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពាន​សម្តេច ហ៊ុន សែន នៅ​ឆ្នាំ​២០១៩ ។ ក្នុង​ចំណោម​កីឡាករ​ទាំង​១២​រូប​នោះ​មាន​៥​រូប មក​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន រួម​មាន​កីឡាករ ស៊ិ​ន កក្កដា​,​អិុន សូ​ដា​វីត​, អ៊ុ​ក សុវណ្ណ​, គឹ​ម ឆា​យ៉ា និង កែន ច័ន្ទ​សុ​ភ័ក្ត្រ​។

សេចក្តីថ្លែងការណ៍​របស់​ភ្នំពេញ​ក្រោ​ន បាន​រៀបរាប់​ថា កីឡាករ​ទាំង​៥​រូប​នេះ ធ្លាប់​ទទួល​ការ​បណ្តុះ​បណ្តាល​​អស់​រយៈពេល​ច្រើន​ជាង​៥​ឆ្នាំ​មក​ហើយ​ក្នុង​ក្រុម​ថ្នាល​យុវជន ដោយ​ទទួល​បាន​ទាំង​ការ​បង់ថ្លៃ​សាលារៀន ការ​ស្នាក់​នៅ ការ​ហូប​ចុក ការ​ហ្វឹកហាត់ សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​ក្នុង​ពេល​បោះជំរំ​ហ្វឹកហាត់​នានា ក៏​ដូច​ជា​ការ​ប្រកួត​អន្តរជាតិ​ផ្សេង​ៗ រួម​ទាំង​សេវា​សុខភាព​ផង​ដែរ ។ ពួក​គេ​ទាំង​៥​នាក់​បាន​ចូល​ហ្វឹកហាត់​នៅ​សាលា​បណ្តុះបណ្តាល​បាល់ទាត់​ភ្នំពេញ​ក្រោ​ន កាលពី​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣ កន្លង​មក ដោយ​មាន​អាណាព្យាបាល​បាន​ចុះ​កិច្ចសន្យា​ទាក់ទង​ទៅ​នឹង​ការ​ទទួលស្គាល់​តម្លៃ​សំណង​លើ​ការ​បណ្តុះបណ្តាល​ផង​ដែរ​។

ក្រោយមក​ក្លិប​ក៏​បាន​ផ្តល់​កិច្ចសន្យា​ថ្មី​លើស​ទៅ​នឹង​តម្លៃ​ពលកម្ម​លើ​កិច្ចសន្យា​ចាស់​នៅ​ពេល​ដែល​ក្លិប​បាន​ផ្តល់​ជូន​កីឡាករ​ទាំង​៥​នាក់ ក្នុង​ការ​ឡើង​ទៅ​លេង​ក្នុង​ក្រុម​ធំ ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​ចរចា​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​។

ក្លិប​នេះ​បាន​អះអាង​ថា ក្រោយ​រដូវ​កាល​ឆ្នាំ​២០១៨​បាន​បញ្ចប់​ភ្លាម កីឡាករ​ទាំង​៥​នាក់ បាន​សម្រេចចិត្ត​ចាកចេញ​ដោយ​មិន​មានការ​ពិភាក្សា​ជាមួយ​ក្លិប រួម​ទាំង​មិន​មានការ​បង់ថ្លៃ​លើ​សំណង​អភិវឌ្ឍន៍​សម្រាប់​ក្លិប​ដែល​ធ្លាប់​បាន​ចំណាយធនធាន​ទៅ​លើ​ពួក​គេ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ព្រមព្រៀង​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​គូភាគី​កន្លង​មក​ឡើយ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ក៏​បាន​ផ្តល់​ព័ត៌មាន​ជូន​សហព័ន្ធ​កីឡា​បាល់ទាត់​ជាតិ​កម្ពុជា ដោយ​បង្ហាញ​ពី​ក្តី​បារម្ភ និង​ផល​ប៉ះពាល់​ផ្សេង​ៗ​នៅ​ពេល​ដែល​កីឡាករ​ចាកចេញ ដោយ​មិន​មាន​សំណង​សម្រាប់​ក្លិប​ដែល​ធ្លាប់​ផ្តល់​ការ​បណ្តុះបណ្តាល​ពួក​គេ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា ស្ថានភាព​ខាងលើ​នេះ គឺជា​សញ្ញា​នៃ​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរការ​អភិវឌ្ឍន៍​បាល់ទាត់ ដោយ​ក្លិប​លើក​ឡើង​ថា នា​ពេល​អនាគត អាច​នឹង​មិន​មាន​ក្លិប​បាល់ទាត់​ណាមួយ​ហ៊ាន​ចំណាយធនធាន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បាល់ទាត់​ថ្នាល​ទៀត​ឡើយ​។

បន្ទាប់​ពី​មានរឿង​ចម្រូងចម្រាស​នេះ​កើត ឡើង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​កោះហៅ​ថ្នាក់ដឹកនាំ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​ថ្នាក់ដឹកនាំ​ក្លិប​វិសាខា ឱ្យ​ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​សម​ស្រប​មួយ តែ​មិន​ទាន់​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក កែវ សា​រ៉េ​ត
អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​គេហទំព័រ​ក្នុងស្រុក​មួយ​។

លោក កែវ សា​រ៉េ​ត បាន​បញ្ជាក់​ថា សហព័ន្ធ​បាន​កោះហៅ​ភាគី​ខាង​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​និង​ក្លិប​បាល់ទាត់​វិសាខា ដើម្បី​ជួប​ពិភាក្សា​គ្នា ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ផ្ទេរ​កីឡាករ​៥​រូប ដ៏​ចម្រូងចម្រាស​កាលពី​ពេល​ថ្មី​ៗ​នេះ ។ លោក កែវ សា​រ៉េ​ត បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​កំពុង​រៀបចំ​សម្របសម្រួល​លើ​បញ្ហា​នេះ ដោយ​អ្នកជំនាញ​របស់​សហព័ន្ធ បាន​ហៅ​ភាគី​ទាំង​ពីរ​មក​ជួប​ពិគ្រោះគ្នា ដើម្បី​រក​ដំណោះ​ស្រាយ​។

ខ្ញុំ​គិត​ថា បញ្ហា​នេះ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​ធម្មតា​ភាគី​អ្នក​ចិញ្ចឹម​កីឡាករ​តែងតែ​ចង់បាន​ផល​កម្រៃ​អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ។ ខ្ញុំ​រំពឹង​ថា ភាគី​ទាំង​ពីរ​នឹង​ទទួល​បាន​ដំណោះស្រាយ​សម​ស្រប​មួយ​ពី​ការ​ជួប​ពិភាក្សា​នេះ ។ ការ​កោះហៅ​របស់​សហព័ន្ធ គឺ​មិនមែន​ដើម្បី​កាត់ក្តី​ឲ្យ​ភាគី​ម្ខាង​ឈ្នះ​លើ​ភាគី​ម្ខាង​នោះ​ទេ តែ​ជា​ការ​ជួប​ពិគ្រោះគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​រួម​មួយ ដែល​ភាគី​ទាំង​ពីរ​អាច​ទទួលយក​បាន ។

បើសិន​ការ​ដោះស្រាយ​ដំណាក់កាល​ទី​១​នេះ​មិន​ទទួល​បាន​លទ្ធផល សហព័ន្ធ​នឹង​ប្រើ​យុទ្ធសាស្ត្រ​ដោះ​ស្រាយ​ដំណាក់កាល​ទី​២​ជា​បន្តបន្ទាប់​ទៀត ។ ជំហរ​សហព័ន្ធ​អត់​គិត​ថា ដោះស្រាយ​ទៅ​ដើម្បី​ឲ្យ​ភាគី​ខាង​នេះ​ឈ្នះ ឬ​ខាង​នោះ​ចាញ់​នោះ​ទេ គឺ​យើង​គិត​ថា ធ្វើ​យ៉ាងម៉េច​ឲ្យ​មានការ​ស្រុះស្រួល​គ្នា​ទៅ​តាម​ទម្រង់​ដែល​​ប្រទេស​ផ្សេង​ៗ​គេធ្លាប់​ធ្វើ ។ ព្រោះ​បញ្ហា​នេះ​មិនមែន​មាន​តែ​ប្រទេស​យើង​ទេ ប្រទេស​គេ​ក៏​មាន​ជំនួប​រវាង​ភាគី​ខ្វែងគំនិត​លើ​បញ្ហា​ដោះ​ដូរ​កីឡាករ​នេះ​ដែរ​។

លោក កែវ សា​រ៉េ​ត បន្ថែម​ថា សហព័ន្ធ​នឹង​ប្រើ​ច្បាប់​ផ្ទេរ​កីឡាករ​របស់ FIFA ដើម្បី​អនុវត្ត​ក្នុង​ជំនួប​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​នេះ៕ ដោយ​នាគ សេន