របាំ​ព្រះរាជ​ទ្រព្យ​សម្រិតសម្រាំង​យ៉ាង​ពិសេស

273

រាជធានី​ភ្នំពេញ​៖ របាំ​ព្រះរាជ​ទ្រព្យ​ដែល​មាន​ចំណងជើង​ថា «​នាង​វ​ឌ្ឍ​នា​ទេវី​» នឹង​សម្តែង​ដ៏​កម្រ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៨ និង​ទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ចតុម្មុខ ។ របាំ​ព្រះរាជ​ទ្រព្យ​រឿង​«​នាង​វ​ឌ្ឍ​នា​ទេវី​» នាំ​យក​នូវ​បែបបទ​នៃ​ចលនា​ក្បាច់​រាំ សម្លៀក​បំពាក់ និង​ការ​តុបតែង​ខ្លួន​របស់​អ្នក​រាំ​របាំ​តាម​លំនាំ​ឆ្នាំ​១៩០៦ ជាមួយនឹង​អ្នក​រាំ​ដែល​មាន​ទេព​កោសល្យ និង​ជំនាញ​ប៉ិន​ប្រសប់​មួយ​ចំនួន​ប្រចាំ​ប្រទេស ។

Loading...

សម្តេចព្រះរាម​នរោត្តម បុប្ផា​ទេវី បាន​ដឹកនាំ និង​ហ្វឹក​ហ្វា​ត់​អ្នករបាំ​សម្រាប់​ការ​សម្តែង​នេះ​ដោយ​ផ្ទាល់ ដើម្បី​​ធ្វើ​ឲ្យ​ការ​សម្តែង «​នាង​វ​ឌ្ឍ​នា​ទេវី​» ផ្តល់​ឲ្យ​ទស្សនិកជន​នូវ​បទ​ពិសោធន៍​ដ៏​រំភើប​អស្ចារ្យ ដើម្បី​ឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​ថា ខ្លួនឯង​កំពុង​តែ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​អតីតកាល និង​ឈ្វេងយល់​ពី​ពិភព​នៃ​រឿងព្រេង ដែល​ទាក់ទង​នឹង​ដើម​កំណើត​នៃ​ប្រជាជន និង​វប្បធម៌​ខ្មែរ ។ ការ​ដំឡើង​ការ​សម្តែង​នេះ​បាន​ប្រើ​ពេល​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ ដើម្បី​ប្រមូលផ្តុំ​គំនិត​បង្កើត​ជា​សាច់​រឿងនិទាន និង​ក្បាច់​រាំ ដើម្បី​បង្ហាញ​ដំណើរ​រឿង​នាង​វ​ឌ្ឍ​នា​ទេវី តាម​រយៈ​ទម្រង់​សិល្បៈ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ។

តួអង្គ​ទេពធីតា​នៃ​សម្រស់​ចាប ចំរើន​តុលា បាន​អះអាង​ថា «​គោលបំណង​នៃ​ការ​សម្តែង​នេះ​គឺ​ចង់​បង្ហាញ​ពី​សិល្ប​:​របាំ​នេះ​ទៅ​មហាជន​ឲ្យ​កាន់តែ​ច្រើន ក្នុង​ពេល​ដែល​ក្រុម​យើង​ធ្លាប់​សម្តែង​ម្តង​នៅ​ភ្នំពេញ​មុន​ចេញ​ទៅ​សម្តែង​នៅ​អឺរ៉ុប ។ ការ​សម្តែង​នា​ពេល​នោះ​គឺជា​ការ​សម្តែង​ថ្វាយ​ព្រះករុណា​ជា​ធិ​បតី ហើយ​លើក​នេះ​យើង​សម្តែង​លក្ខណ​:​លក់​សំបុត្រ ដើម្បី​ជួយ​សម្រួល​ការងារ​មួយ​ចំនួន »​។

បើ​តាម​ចាប ចំរើន​តុលា របាំ​នេះ​បាន​ចេញ​ទៅ​សម្តែង​នៅ​បណ្តា​ប្រទេស​នៅ​អ៊ឺ​រ៉ុ​ប​មួយ​ចំនួន​រួច​ហើយ ដូច​ជា​ប្រទេស​ស្វ៊ី​ស បារាំង និង​អា​រ៉ាប់​រួម​ជាដើម ។ ចំពោះ​ការ​សម្រេច​លើកយក​មក​សម្តែង​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​នា​ពេល​នេះ គឺ​មាន​បំណង ចង់​ឲ្យ​មហាជន​ក្នុងស្រុក​បាន​ទស្សនា​ផ្ទាល់​នូវ​ស្នាដៃ​ដ៏​ល្អ​នេះ ព្រោះ​កន្លង​មក​ពួក​គាត់​បានឃើញ​ត្រឹមតែ​វី​ដេ​អូ និង​រូបថត​ប៉ុណ្ណោះ ។

លោក​ជំទាវ​ភឿ​ង ស​ក្ខ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថ្លែង​ថា​៖«​គម្រោង​សម្តែង នាង​វ​ឌ្ឍ​នា​ទេវី នេះ​នឹង​លើកកម្ពស់​តម្លៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ ចំពោះ​មុខ​ទស្សនិកជន​ជាតិ និង​អន្តរជាតិ ។ ក្រសួង​វប្បធម៌​គាំទ្រ​គម្រោង និង​ព្រឹត្តិការណ៍​សិល្បៈ​បែប​នេះ ដែល​លើកកម្ពស់​សិល្បករ និង​វប្បធម៌​ខ្មែរ​»​។

ទីតាំង​សម្តែង​នៅ​ក្នុង​សាល​មហោស្រព​ចតុម្មុខ នា​ថ្ងៃ​សុក្រ ទី​១៨ ខែមករា ឆ្នាំ ២០១៩ វេលា​ម៉ោង​៦​និង​៣០​ល្ងាច និង​ថ្ងៃ សៅរ៍ ទី​១៩ ខែ មក​រា ឆ្នាំ ២០១៩ វេលា​ម៉ោង​៣ និង​៣០ រសៀល (​សម្រាប់​តែ​សិស្ស​និស្សិត និង​មនុស្ស​អាយុ​ក្រោម​២៥​ឆ្នាំ​) ។ តម្លៃ​សំបុត្រ​ចាប់ពី​១០ ដុល្លារ​ដល់ ៤០​ដុល្លារ ។

សាច់​រឿង «​នាង​វ​ឌ្ឈ​នា​ទេវី​» បាន​ទទួល​ឥទ្ធិពល​ពី​រឿង Psyche​។ វិចិត្រករ និង​ជាងចម្លាក់​បារាំង​លោក Auguste Rodin ដែល​បាន​ធ្វើ​ឱ្យ​របាំ​ព្រះរាជ​ទ្រព្យ​កម្ពុជា​ល្បីល្បាញ នៅ​ក្នុង​ពិភព​សិល្បៈ​នៃ​ប្រទេស​លោក​ខាងលិច នៅ​ដើម​ទស​វត្ស​ឆ្នាំ​១៩០០ ដោយ​គូរគំនូរ​ពី​របាំ​នេះ ដែល​មាន​កាយវិការ​ពោរពេញ​ដោយ​ភាព​ថ្លៃថ្នូរ និង​ភាព​ទាក់ទាញ ហើយ​បង្ហាញ​តាម​រយៈ ដំណើររឿង Psyche នៅ​ក្នុង​ការ​តាំងពិព័រណ៍​ជា​ច្រើន​របស់​លោក​នៅ​អឺរ៉ុប ។ ការ​សម្តែង​នេះ​ក៏​ជា​ឧទ្ទិស​ដល់​លោក Rodin ផង​ដែរ ។

ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​សម្តែង ដែល​មាន​កាយវិការ​រស់​រវើក សម្លៀក​បំពាក់​ស្អាត​ប្រណីត និង​ឆើតឆាយ ព្រម​ជាមួយនឹង​តន្ត្រី​ដ៏​ពីរោះ​រណ្តំ ការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ ត្រូវ​បាន​គេ​ឃើញ​ថា​មាន​វត្តមាន​ភាគច្រើន​នៅ​ក្នុង​ពិធីបុណ្យ​សាសនា ធំ​ៗ និង​ព្រះរាជ​ពិធី​ផ្សេង​ៗ នៅ​ក្នុង​រាជវាំង​ដូច​ជា ពិធី​សោយរាជ្យ​សម្បត្តិ ពិធី​អភិសេក ពិធី​បុណ្យសព ឬ​ឱកាស​បុណ្យ​ជាតិ​ជាដើម ។

ការ​ទស្សនាការ​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​កម្ពុជា គឺជា​សកម្មភាព​នៃ​ការ​សិក្សា​អំពី​វប្បធម៌​របស់​ជាតិ​សាសន៍​មួយ តាម​រយៈ​កាយវិការ ហើយ​ត្រូវ​បាន​សម្តែង​ដោយ​អ្នករបាំ ដែល​មាន​ទេព​កោសល្យ​ខ្ពស់ បន្ទាប់​ពី​ការ​ហ្វឹកហ្វឺន​យ៉ាង​ហ្មត់ចត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ទស្សនា​ផ្លាស់​ប្តូរ​ចុះឡើង​ពី​ភាព​ភ័យ​ខ្លាច និង​កំហឹង ទៅ​ជា​ក្ដី​រំភើប និង​សេចក្តី​ស្នេហា ដោយ​មាន​វង់​តន្ត្រី​ប្រពៃណី អម​ដោយ​ការ​រាំ និង​ក្រុម​ច្រៀង​បន្ទរ​ដោយ​ស្រី្ត ដែល​និទានរឿង​រ៉ាវ​នានា​បង្ហាញ​ពី​អារម្មណ៍​របស់​នាដកា ៕ ដោយ​​សុខ វាសនា