កសិករ​ស្រុក​ស្វាយ​ជ្រំ​ធ្វើ​រំលុង​ចាប់​ត្រី​អភិរក្ស​ប្រពៃណី​បុរាណ

196

ខេត្តស្វាយរៀង ៖ រដូវ​ធ្លាក់​ខ្យល់​ពី​ជើង​ជា​រដូវ​ត្រី​រំលុង និង​ជា​សញ្ញា​ថា​ភ្លៀង​រាំង​ចុងរដូវ​វស្សា ជា​ពេល​ត្រី​ស្រែ​ត្រូវ​ចុះ​ទៅ​រក​ទឹក​បឹង ព្រែក ត្រពាំង ហើយ​ក៏​ជា​រដូវ​ជីក​រំលុង​ចាប់​ត្រី​ដែរ ។ នា​រដូវ​នេះ អ្នក​ភូមិ​តា​ជ័យ និង​ភូមិ​វាល​ល្ងើ​ន ឃុំ​ចម្លង ស្រុក​ស្វាយ​ជ្រំ នៅ​បន្ត​ធ្វើ​រំលុង​ចាប់​ត្រី ក្នុង​ចំណោម​ភូមិ​ស្រុក​ជា​ច្រើន​ទៀត​ដែល​បន្ត​រក​ត្រី​បែប​បុរាណ​នេះ ។

Loading...

ពលរដ្ឋ​អ្នក​ធ្វើ​រំលុងនិយាយ​ថា ការ​ជីក​រំលុង​គឺ​ត្រូវ​រៀបចំ​ធ្វើ​មុខ​ត្រីដែល​ចុះ ដោយ​ដាក់​ព្រួល​ឲ្យ​ទឹក​ហូរ​ចុះ​តិច​ៗ ហើយសងខាង​ព្រួល​ត្រូវ​ធ​រំលុង ប៉ុន្តែ​ភាគច្រើន​ក្នុង​ចំណោម​សងខាង​ព្រួល​ជីក​អន្លង់​តែ​ម្ខាង​ទេ​សម្រាប់​ឲ្យ​ត្រី​លោត​ចុះ ។

អ្នក​ភូមិ​បន្ត​ថា ដើម្បី​ឲ្យ​ត្រី​ក្នុង​រំលុង​នៅ​រស់​ល្អ​គឺ​ត្រូវ​ដាក់​ទឹក​បន្តិច ហើយ​គ្រប​សម្រាស់​ឬ​ក៏​យក​ធាងត្នោត​ទៅ​គ្រប​ពីលើ​ឲ្យ​ទឹក​ត្រជាក់​ទើប​ត្រី​មិនសូវ​លោត​ចេញ​ក្រៅ ម្យ៉ាងទៀត​ការ​ធ្វើ​របៀប​នេះ​ដើម្បី​ឲ្យ​ត្រី​នឹក​ស្មានថា វា​បាន​ទៅ​នៅ​កន្លែង​សុខ​ស្រួល​ហើយ ។

អ្នក​ភូមិ​និយាយ​ទៀត​ថា តំបន់​ធ្វើ​រំលុង​ គឺ​បង្ហាញ​ថា ទី​នេះ​គ្មាន​បទល្មើស​នេសាទ​ប្រើ​ឧ​បករ​ណ៍​ឆក់​ទេ ហើយ​ក៏​គ្មាន​ចោរលួច​ត្រី​ដែរ បើ​មាន​គឺ​ការ​សុំ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ។ ត្រី​រំលុង​ជា​ប្រភេទ​ត្រី​ស្រែ​ដូច​ជា ត្រី​ផ្ទក់ ត្រី​ក្រាញ់​និង​ត្រី​អណ្តែង​ជាដើម ហើយ​ពេល​ណា​ចុះ​គឺ​ត្រី​លោត​ចូល​ក្នុង​មួយ​យប់​មួយ​ថ្ងៃ​បាន​ក្នុង​រង្វង់​៣​ទៅ​៦​គីឡូក្រាម​ក្នុង​១​រំលុង ។ ប៉ុន្តែ​ត្រី​វា​ហាក់​ដឹង​មុន​ជាង​យើង ប្រសិនបើ​មាន​ភ្លៀង​វា​អត់​ចុះ​ឬ​លោត​ចូល​រំលុង​ទេ តែបើ​ពុំ​មាន​ភ្លៀង​វា​ដណ្តើម​គ្នា​ចុះ ដែល​នេះ​គឺជា​សភាវគតិ​របស់​វា ។

ក្រុម​អ្នក​ភូមិ​បន្ត​ថា ត្រី​អន្លង់​យក​ទៅ​ធ្វើ​ម្ហូប​មាន​រសជាតិ​ឆ្ងាញ់ ពិសេស​បើ​ដុត​ជ្រលក់​ទឹកត្រី​បុក​អំពិល​ខ្ចី​ចាប់​មាត់​តែ​ម្តង ។ ពួក​គាត់​ក៏​មាន​ជំនឿ​ផង​ដែរ​ថា ប្រសិនបើ​ត្រី​រំលុង​មាន​ពង​បង្ហាញ​ថា​ចុងរដូវ​វស្សា​ឬ​រដូវរំហើយ នៅ​មាន​ភ្លៀង​ធ្លាក់​មក​ទៀត ។ បើ​យើង​ធ្វើស្រែ​បន្ត​អាច​បាន គ្រាន់តែ​ថែមថយ​ទឹក​ខ្លះ​ៗ ធ្វើ​ស្រូវ​អាច​បាន​ពីរ​ដង គឺ​ដើមរដូវ​វស្សា​និង​ចុងរដូវ​វស្សា ជា​ប្រភេទ​ស្រូវ​ខ្លី​ឬ​ហៅ​ថា​ស្រូវ​៧៥​ថ្ងៃ​ឬ​ស្រូវ​៨៤​ថ្ងៃ ៕  ដោយ​ វ៉ា​ន់ ប៊ុ​ន​ធឿ​ន