ទីក្រុងវ៉ាស៊ីនតោន ៖ តម្លៃប្រេងបានបន្ដរអិលធ្លាក់ចុះជាង ៥%មកហើយកាលពីថ្ងៃអង្គារ ព្រោះតែកង្វល់ពីការផ្គត់ផ្គង់លើសលប់ និងការធ្លាក់ចុះនៃតម្រូវការ ។
តម្លៃប្រេងអាមេរិក (WTI) និងតម្លៃប្រេងអង់គ្គេស(Brent)បានបន្តធ្លាក់ចុះ បន្ទាប់ពីក្រុមពាណិជ្ជករ The American Petroleum Institute បាននិយាយថា ចំនួនប្រេងក្នុងស្តុករបស់អាមេរិកបានកើនឡើងដោយនឹងស្មានមិនដល់ ។ ចំនួនប្រេងឆៅក្នុងស្តុករបស់សហរដ្ឋអាមេរិកបានកើនឡើង៣,៥លានធុងកាលពីសប្តាហ៍មុន មកស្មើ៤៤១,៣លានធុង ដែលខ្ពស់ជាងការគិតទុកថា នឹងធ្លាក់ចុះ២,៤លានធុង ។
កិច្ចសន្យាទិញលក់ប្រមាណ៩០ម៉ឺនកិច្ចសន្យាត្រូវបានសម្រេចឡើងកាលពីថ្ងៃអង្គារ ដែលច្រើនជាងចំនួនមធ្យមប្រមាណ៥៩,១ម៉ឺនកិច្ចសន្យា។
ការស្ទង់មតិរបស់ធនាគារ Bank of America Merrill Lynch ប្រចាំខែធ្នូ បានឲ្យដឹងថា ជំនឿចិត្តរបស់វិនិយោគិនកំពុងតែធ្លាក់ចុះហើយ ដោយអ្នកគ្រប់គ្រងមូលនិធិកាន់តែច្រើនគិតថា ការលូតលាស់សេដ្ឋកិច្ចជុំវិញពិភពលោក នឹងអន់ថយក្នុងអំឡុងពេល១២ខែខាងមុខទៀត ។
លោក Bob Yawger ប្រធានមួយរូបនៅ Mizuho បានឲ្យដឹងថា ៖« ការផ្គត់ផ្គង់បានកើនឡើងកាលពីម្សិលមិញ ហើយស្របជាមួយនឹងការធ្លាក់ចុះនៃតម្រូវការទៀតនោះ ធ្វើឲ្យតម្លៃប្រេងអាមេរិកធ្លាក់ចុះមកត្រឹមក្រោម៥០ដុល្លារក្នុងមួយធុង ហើយវាជំរុញឲ្យពួកយើងប្រញាប់លក់ »។
អង្គការនៃប្រទេសផលិតប្រេង (OPEC) និងប្រទេសផលិតប្រេងដទៃបានព្រមព្រៀងគ្នាកាលពីខែនេះថា នឹងកាត់បន្ថយផលិតកម្មប្រមាណ១,២លានធុងក្នុងមួយថ្ងៃ ដែលស្មើច្រើនជាង១%នៃតម្រូវការជុំវិញពិភពលោក ។ ប៉ុន្តែការកាត់បន្ថយនេះ នឹងមិនកើតមានឡើងឡើយរហូតដល់ខែក្រោយ ហើយផលិតកម្មប្រេងបានស្ថិតក្នុងកម្រិតខ្ពស់នៅសហរដ្ឋអាមេរិក រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ។ ទិន្នផលប្រេងរុស្ស៊ីបានកើនដល់១១,៤២លានធុងក្នុងមួយថ្ងៃនៅខែធ្នូនេះ ៕ ប្រែសម្រួលដោយ ៖ ណៃ ដាលីន