ថៃ​ដាក់​គោលដៅ​ភ្ញៀវ​ទេសចរ​ជាង​40​លាន​នាក់​

203

ទីក្រុង​បាងកក ៖ ក្រុមប្រឹក្សា​ទេសចរណ៍​ប្រចាំ​ប្រទេស​ថៃ (TCT) ព្យាករណ៍​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កាន់​ប្រទេស​ថៃ នឹង​កើនឡើង​មក​ស្មើ​៤០,៣​លាន​នាក់​ក្នុង​ឆ្នាំ​២០១៩ ដែល​ភាគច្រើន​មក​ពី​ការ​កាត់​បន្ថយ​ឧបសគ្គ​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​ទិដ្ឋាការ ។

Loading...

លោក Chairat Trirattanajarasporn ដែល​ជា​ប្រធាន TCT បាន​និយាយ​ថា អត្រា​លូតលាស់​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ស្មើ ៥,៥% ក្នុង​ឆ្នាំ​ក្រោយ ។ ក្រុមប្រឹក្សា​នេះ​ក៏​ព្យាករណ៍​ថា ប្រាក់​ចំណូល​បាន​ពី​ភ្ញៀវ​ទេសចរ​បរទេស​នឹង​កើនឡើង​ពី​ប្រមាណ​៦១​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​ដល់​៧​ប៊ី​លាន​ដុល្លារ​ឯណោះ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ ។

កត្តា​សំខាន់​ៗ​ដែល​ជំរុញ​ដល់​ការ​លូតលាស់​រួម​មាន ការ​អនុគ្រោះ​ថ្លៃ​ទិដ្ឋាការ​ដែល​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា​ដល់​ថ្ងៃ​ទី ១៣ ខែមករា​ឆ្នាំ​២០១៩ ។ ការ​ផ្តួចផ្តើម​ផ្សេង​ៗ​ទៀត​ដែល​ស្ថិត​ក្រោម​គម្រោង​របស់​វិស័យ​ឯកជន និង​រដ្ឋាភិបាល​រួម​មាន​ទិដ្ឋាការ​ដែល​អាច​ចេញចូល​ប្រទេស​បាន​ច្រើន​ដង និង​ការ​ពន្យារពេល​ការ​អនុគ្រោះ​ថ្លៃ​ទិដ្ឋាការ​ខាងលើ​រហូត​ដល់​ខែមេសា​ជាដើម ។

កត្តា​ជំរុញ​ផ្សេង​ៗ​ទៀត រួម​មាន កំណើន​ផ្លូវ​ហោះហើរ​តម្លៃ​ទាប និង​ការ​គិត​ថា ប្រទេស​នឹង​មាន​ស្ថិរភាព​ផ្នែក​នយោបាយ​ជាង​មុន​ជាដើម ។ ប្រទេស​ថៃ នឹង​មានការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ឆ្នាំ ២០១៩​ខាង​មុខ​នេះ ។ បើ​ទោះជា​មាន​ស្ថានការណ៍​ល្អ​ពិតមែន លោក Chairat បាន​បន្ត​ថា វិស័យ​ទេសចរណ៍​ថៃ​នៅ​តែ​ពឹងផ្អែក​លើ​កត្តា​ក្រៅប្រទេស ដូច​ជា​ភាព​តានតឹង​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក និង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ជាដើម ។

លោក Yuthasak Supasorn ប្រធាន​អាជ្ញាធរ​វិស័យ​ទេសចរណ៍​ថៃ (TAT) បាន​និយាយ​ថា ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​ពិភពលោក​មាន​ភាព​វឹកវរ​ណាស់ ហើយ​ប្រទេស​ដទៃ​ជា​ច្រើន​បាន​ខិតខំ​ប្រឹងប្រែង​ប្រើ​វិស័យ​នេះ​ដើម្បី​ជំរុញ​ដល់ទី​ផ្សារ​បន្ទាប់បន្សំ ។

លោក​បាន​បន្ថែម​ថា វិស័យ​ទេសចរណ៍​ថៃ​នឹង​ជួប​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ឆ្នាំ​២០១៩ ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន កំណើន​អត្រា​ការ​ប្រាក់ និង​កំណើន​តម្លៃ​ប្រេង​យន្តហោះ​ជាដើម ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន