រង្វង់​មូល​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័ក្ខណ៍​លម្អ​ដោយ​រូបសំណាក​មាន់គក

330

ខេត្តបន្ទាយមានជ័យ ៖ រូបសំណាក​មាន់គក​ជាង​៣០​បាន​ដាក់​តាំង​លំអ​នៅ​រង្វង់​មូល​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័ក្ខណ៍ ។ នេះ​គឺជា​ការ​ធ្វើ​ឲ្យ​មាន​សោភ័ណ​ភាព​ថែម​ទៀត​នៅ​រង្វង់​មូល​នេះ​ដែល​មហាជន​តែង​មាន​ជំនឿ​បន់ស្រន់​សុំ​សេចក្តីសុខ ។

Loading...

រូបសំណាក​មាន់គក​ទាំង​ជាង​៣០​មាន់​នោះ​មាន​តូច​មាន​ធំ​ចម្រុះ​ពណ៌​ដាក់​លើ​ខឿន​សងខាង​នៅ​ខាងកើត និង​ខាងលិច​រូបសំណាក​ព្រះ​ម៉ែ​ស្រី​គ្រប់​ល័ក្ខណ៍ ។ ការ​រៀបចំ​បង្កើន​សោភ័ណ​ភាព​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨​នេះ អ្នកក្រុង​សិរី​សោភ័ណ និង​អ្នក​ឆ្លងកាត់​រង្វង់​មូល​ស្រី​គ្រប់​ល័ក្ខណ៍​បាន​សម្តែង​ការ​ស្ងើចសរសើរ ។

រូប​ព្រះ​ម៉ែ​ស្រី​គ្រប់លក្ខណ៍​បាន​កសាង​ឡើង​នៅ​អាណត្តិ​លោក​ដួង ខែ​ម ជា​អភិបាល​ខេត្តបន្ទាយមានជ័យ មាន​អាយុកាល​ប្រមាណ​ជាង​២០​ឆ្នាំ​មក​ហើយ ។ ចំណែក​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​លាបថ្នាំ​លំអ​ឡើង​វិញ​និង​ជួសជុល​ខឿន រៀប​ការ៉ូឡា ដាំ​ដើម​ឈូក​ដើម្បី​លម្អ​រង្វង់​មូល​ស្រី​គ្រប់​ល័ក្ខណ៍​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព​ខ្លាំង​ឡើង ។

បន្ទាប់​ពី​រូបសំណាក​មាន់គក​រៀបចំ​រួច​ហើយ​នៅ​រង្វង់​មូល​ព្រះ​ម៉ែ​គ្រប់​ល័ក្ខណ៍ ក៏​មាន​អ្នកក្រុង​សិរី​សោភ័ណ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ឈប់​ទស្សនា និង​អ្នកមាន​ជំនឿ​ចូល​អុជ​ធូប​បន់ស្រន់​សុំ​សេចក្តីសុខ ។

លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​រូបសំណាក​មាន់គក​នេះ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ទិញ​ដាក់​តាំង​លំអ​ព្រោះ​រង្វង់​មូល​ស្រី​គ្រប់​ល័ក្ខណ៍​លោក​បាន​ជួសជុល​កែ​លំអ​ឡើង​វិញ​ឲ្យ​មាន​សោភ័ណ​ភាព ហើយ​លោក​បាន​មើលថែ​សួន​តាម​រង្វង់​មូល​ជា​ប្រចាំ​ដោយ​បោសសម្អាត ស្រោច​ទឹក​ផ្កា និង​កូន​ឈើ​។ លោក​បាន​ដឹកនាំ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ធ្វើ​ជា​ប្រចាំ ៕​ ដោយ​ប៊ុ​ន ធឿ​ន