ចាប់ឆ្នោត​លេខ​រៀង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត សម្រាប់​សភាពាណិជ្ជកម្ម​ខេត្ត

162

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​បន្ត​និរន្តរភាព​ជា​សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ដែល​ផុត​អាណត្តិ សភាពាណិជ្ជកម្ម​ខេត្ត បាន​រៀបចំ​កិច្ចប្រជុំ​ណែនាំ ពី​ការ​ឃោសនាបោះឆ្នោត និង​ចាប់ឆ្នោត​លេខ​រៀង​បេក្ខជន​ឈរឈ្មោះ បោះ​ឆ្នោត​សម្រាប់​សភាពាណិជ្ជកម្ម ក្រោម​អធិបតីភាព​ភាព ឯកឧត្ដម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​មានការ​ចូលរួម លោក លី សារី អភិបាលរង​ខេត្ត​ស្ថាប័ន​ពាក់ព័ន្ធ បេក្ខជន​ឈរឈ្មោះ​ទាំង​១១​រូប ដែល​ប្រារព្ធ​ធ្វើ​នៅ​ហាង​កាហ្វេ Talk II (​ថក​ធូ​) ក្រុង​សិរី​សោភ័ណ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​។

Loading...

មាន​មតិ​ស្វាគមន៍ លោក លី សារី អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ៖ ដើម្បី​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​សមាជិក​ជ្រើសតាំង សភាពាណិជ្ជកម្ម​ខេត្ត ដំណើរការ​ទៅ​ដោយ​ភាព​ជោគជ័យ ក៏​ដូច​ជា​ផ្តល់​ឱកាស​ឲ្យ​ពាណិជ្ជករ អាជីវករ ឧស្សាហករ បាន​យល់​កាន់តែ​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​ចូលរួម​ជា​សមាជិក​ជ្រើសតាំង​សភា​ពា​ណិ​កម្ម សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជូនដំណឹង​អាជីវករ ពាណិជ្ជករ ដែល​ចាប់អារម្មណ៍​ឈរឈ្មោះ​ជា​បេក្ខជន​សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្ត និង​ជូនដំណឹង​ដល់​អាជីវករ ពាណិជ្ជករ ក្នុង​ខេត្ត​អញ្ជើញ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម អាណត្តិ​ទី​២ លើក​ទី​២​។

ឯកឧត្ដម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ៖ យោង​តាម​លិខិត​លេខ ៣៨០៧ ព​.​ណ អ​វ​ឯ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ របស់​ក្រសួងពាណិជ្ជកម្ម ស្ដី​ពី​ការ​រៀបចំ​បោះ​ឆ្នោត​សភាពាណិជ្ជកម្ម ក្នុង​អាណត្តិ​បន្ត ដើម្បី​បន្ត​និរន្តរភាព​ជា​សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ផុត​អាណត្តិ​សភា ពាណិជ្ជកម្ម​ខេត្ត បាន​រៀបចំ​បោះ​ឆ្នោត​សភាពាណិជ្ជកម្ម​ខេត្ត​អាណត្តិ​ទី​២ លើក​ទី​២ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម ។ ឯកឧត្តម​បន្ត​ថា ៖ សភាពាណិជ្ជកម្ម គឺជា​ក្បាលម៉ាស៊ីន​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​។ ពិសេស​វា​បាន​ជួយ​ស្រូប​យក​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុង​ការ​ពង្រីង​វិស័យ​ពាណិជ្ជកម្ម ក៏​ដូច​ជា​ផ្តល់​ឱកាស​ការងារ​ឲ្យ​យុវជន​មានកា​ងារ​ធ្វើ​។

ឯកឧត្ដម រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​បញ្ជាក់​ថា ៖ សម្រាប់​ការ​បោះ​ឆ្នោត​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ អាណត្តិ​ទី​២ លើក​២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី​០៦ ខែមករា ឆ្នាំ​២០១៩​ខាង​មុខ ដែល​ប្រារព្ធ​ធ្វើ​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង ៣​រសៀល ហើយ​អ្នក​ដែល​អាច​ចូលរួម​បោះ​ឆ្នោត​បាន លុះត្រាតែ​គោរព​តាម​លក្ខខណ្ឌ និង​គោលការណ៍ ដែល​ក្រសួង​បាន​កំណត់​។ គូរ​បញ្ជាក់​ថា ៖ បេក្ខជន​ដែល​បាន​ឈរឈ្មោះ​សមាជិក​សភាពាណិជ្ជកម្ម​មាន​ចំនួន​១៦​រូប ដែល​ការ​បោះ​ឆ្នោត​កំណត់​យក សមាជិក​ថ្មី ចំនួន​១១​រូប ជំនួស​សមាជិក​ផុត​អាណត្តិ​១១​រូប ព្រមទាំង​បាន​ធ្វើការ​ចាប់ឆ្នោត​យក​លេខ​រៀង​បេក្ខជន សម្រាប់​បោះ​ឆ្នោត​ខាង​មុខ​ផង​ដែរ​៕