មិន​គួរ​ជឿ​! ម្ចាស់​ខ្សែក្រវាត់​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣

195

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​បញ្ចប់​ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ធ្នូ ស្រាប់តែ​កីឡាករ ជា សំនៀង ដែល​ត្រូវ​គេ​ស្គាល់​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម បរាជ័យ​ក្រោម​ដៃ​កីឡាករ​ថៃ​វ័យក្មេង ដែល​មាន​ប្រវត្តិ​ឡើង​រេញ​តិច​ជាង​។

Loading...

កីឡាករ​ថៃ មិន​ត្រឹមតែ​ធ្វើ​អោយ​ម្ចាស់​ខ្សែក្រវាត់​កម្ពុជា រង​ការ​អាម៉ាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ធ្វើ​អោយ​កីឡាករ​ជើង​ចាស់​រូប​នេះ​របួស​ឆ្អឹង​ស្មា​ខាង​ធ្វេ​ង រហូត​បោះបង់​ការ​ប្រកួត​កណ្ដាល​ទី​ផង​ដែរ​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​នា​ពេល​ល្ងាច​នោះ កីឡាករ​ថៃ​វ័យក្មេង Fa Mechhai វាយ​ត្រូវ​គោលដៅ​យ៉ាង​ចាស់ដៃ​ទៅ​លើ​កីឡាករ​កម្ពុជា បន្ទាប់​ពី​កីឡាករ​កម្ពុជា​បញ្ចេញថ្វីដៃ​ស​ម្ញ៉ែ​ង​ភាព​ចាស់វស្សា​របស់​ខ្លួន ដើម្បី​តម្រូវ​ចិត្ត​គាំទ្រ​បាន​តែ​មួយ​ប្រាវ​។

ជា សំនៀង ធ្លាប់​មាន​ប្រវត្តិ​ឡើង​រេញ​អន្តរជាតិ​ប៉ះ​ជើង​ខ្លាំង​ៗ​ច្រើន​ណាស់ ហើយ​ក៏​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ ដែល​គេ​ទើបតែ​បាន​កាន់​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​ក្ដៅ​ៗ​កាលពី​ប៉ុន្មាន​ខែ​មុន​ដែរ ទើប​ការ​បរាជ័យ​របស់​គេ គឺ​ធ្វើ​អោយ​ម្នាក់​លាន់មាត់​។

ចុង​ទឹក​ទី​១ គេ​ត្រូវ​កីឡាករ​ថៃ​វាយ​អោយ​រាប់​៨​ម្ដង ហើយ​ក្នុង​ទឹក​ទី​២ វាយ​អោយ​រាប់​ម្ដងទៀត ទើប​ក្នុង​ពេល​អោយ​ទឹក​ដើម្បី​ឈាន​ដល់​ទឹក​ទី​៣ កីឡាករ ជា សំនៀង ក៏​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​តែ​ម្ដង ដែល​ការ​សម្រេចចិត្ត​របស់​លោក ត្រូវ​បាន​ម្នាក់​ៗ​យល់​ថា បណ្ដាល​មក​ពី​ដឹងខ្លួន​មុន​ថា បើ​បន្ត​តស៊ូ​ក៏​មិន​អាច​នឹង​តាម​ស្មើ​កីឡាករ​ថៃ ក្នុង​ពេល​ដែល​ឱកាស​វាយ​អោយ​ថៃ​រាប់​២​វិញ ឬ​សន្លប់ គឺ​មិន​អាច​ទៅ​រួច​។

ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ដោយ​កីឡាករ​ថៃ​ឈ្នះ​ក្នុង​ទឹក​ទី​៣ ហើយ ជា សំនៀង ចុះ​ចេញពី​រេញ​ដោយ​គ្មាន​អ្នក​ណា​បង្ខំ ដោយ​អះអាង​ថា គេ​មាន​របួស​ខូចដៃ មិន​អាច​ប្រកួត​បន្ត​បាន​៕ ដោយ​ផាត់ ដារា​រ័ត្ន