កូរ៉េ​ខាងត្បូង​ពង្រឹង​ការ​ត្រួតពិនិត្យ​ផលិតផល​ឧស្សាហកម​ទប់ស្កាត់​ស្រមោច​ភ្លើង

189

ទីក្រុង​សេ​អ៊ូ​ល​៖ ក្នុង​គោលបំណង​ពង្រឹង​ការ​ទប់ស្កាត់​ជម្ងឺ​សត្វ​និង​រុក្ខជាតិ រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​មក​ថា ប្រទេស​នេះ​នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ​ផលិតផល​ឧស្សាហកម្ម​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ស្រមោច​ភ្លើង​ចូល​ក្នុង​ប្រទេស​។
មន្ត្រី​ជាប់​ពាក់ព័ន្ធ​បាន​និយាយ​ថា ភ្នាក់ងារ​ទប់ស្កាត់​ជម្ងឺ​សត្វ​និង​រុក្ខជាតិ និង​សេវា​ពន្ធដារ​កូរ៉េ (KCS) បាន​សហការ​គ្នា​ដើម្បី​ត្រួតពិនិត្យ​កុងតឺន័រ​ដែល​នាំ​ចូល​ផលិតផល​ឧស្សាហកម្ម​ពី​ខេត្ត Guangdong នៃ​ប្រទេស​ចិន​។

Loading...

អ្នកត្រួតពិនិត្យ​នឹង​ចាប់ផ្តើម​ក្នុង​ខែ​នេះ​ហើយនឹង​បន្ត​ត្រួតពិនិត្យ​មួយ​ឆ្នាំ​លើ​កុងតឺន័រ​ដែល​មក​កាន់​កំពង់​ផែ​នៅ Busan, Incheon និង Pyeongtaek​។ ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ភ្នាក់ងារ​ខាងលើ​ប្រទះ​ឃើញ​មាន​សត្វ​ស្រមោច​ក្រហម​ជា​ច្រើន​នៅ​កំពង់​ផែ​ក្នុងស្រុក និង​គិត​ថា​សត្វ​ទាំងនេះ​ចូល​មក​កាន់​ប្រទេស​តាម​រយៈ​ផលិតផល​ឧស្សាហកម្ម​ដែល​នាំ​ចូល​។

ស្រមោច​ភ្លើង​ភាគច្រើន​ដែល​ត្រូវ​បាន​ប្រទះ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ត្រូវ​បាន​សង្ស័យ​ថា​មក​ពី​តំបន់ Guangdong​។ ស្រមោច​ទាំងនេះ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​របស់​ប្រទេស ព្រោះ​វា​អាច​បង្ក​ឲ្យ​មានការ​អា​ឡែ​ស៊ី​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ដង្ហើម​ដល់​ប្រជាជន និង​អាច​បង្ក​ឲ្យ​មាន​ករណី​បាត់បង់​ជីវិត​ថែម​ទៀត​។

មន្ត្រី​បាន​និយាយ​ថា កុងតឺន័រ​ដែល​មាន​ស្រមោច​ទាំងនេះ​នឹង​ត្រូវ​បាន​ឃាត់​ទុក ហើយនឹង​ឆ្លងកាត់​ការ​សម្លាប់សត្វ​ទាំងនោះ​ចោល​ដោយ​ដិត​ដល់​ផង​ដែរ​។ ផលិតផល​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កុងតឺន័រ​ដែល​មាន​ផ្ទុក​ស្រមោច​នឹង​ត្រូវ​បាន​កម្ទេច​ចោល​៕ ប្រែ​សម្រួល​ដោយ​៖ ណៃ ដា​លី​ន