រាជធានីភ្នំពេញ ៖ អតីតក្មេងស្រីរើសអេតចាយ៣នាក់ ដែលរស់នៅនិងអាស្រ័យជីវភាពជាមួយនឹងគំនរសំរាមកាលពីជាង១០ឆ្នាំមុន បានទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យដោយជោគជ័យ និងបង្ហាញពីអារម្មណ៍របស់ខ្លួន ក្រោយពីទទួលបានការសង្គ្រោះពីលោក ស្កុតនីសិន នាយកអង្គការមូលនិធិកុមារកម្ពុជា ។
នៅក្នុងសម្លៀកបំពាក់ប្រកបដោយមោទនភាព គឺឈុតទទួលសញ្ញាបត្រមហាវិទ្យាល័យ កញ្ញា ឱក ណៃហៀង និយាយថា កាលពីអំ
ឡុងឆ្នាំ២០០៤ រូបនាងនិងបងស្រីត្រូវរស់នៅនិងពឹងពាក់លើគំនរសំរាមស្ទឹងមានជ័យ ពីព្រោះតែជីវភាពគ្រួសារក្រខ្សត់ ។ កាលនោះនាងទើបតែមានអាយុ៩ឆ្នាំ ហើយបងស្រីអាយុ១០ឆ្នាំ ។ ក្នុងមួយថ្ងៃៗ ពួកនាងត្រូវទៅរើសអេតចាយដើម្បីយកមកលក់ដើម្បីដោះស្រាយជីវភាព ។
ជាដៃដន្យ លោក ស្កុត នីសិន បានមកលេងកម្ពុជាជាលើកដំបូង ហើយលោកក៏មកមើលស្ថានភាពអ្នករស់នៅជុំវិញតំបន់ចាក់សំរាម ជួបនាងនិងបងស្រី ។ ពេលនោះ លោកស្កុត នីសិន បានសួរថា តើប្អូនចង់រៀនទេ? ហើយនាងនិងបងស្រីឆ្លើយដោយមិនបង្អង់ថា ចង់ណាស់តែគ្មានលទ្ធភាពរៀនសូត្រទេ ព្រោះអ្នកផ្ទះគ្មានលុយទិញសៀវភៅ និងសម្លៀកបំពាក់ឱ្យ ។ ពេលនោះលោកក៏បានប្រាប់ថា បើចង់រៀនស្អែកមកជួបលោកនៅកន្លែងដដែល ។
កញ្ញា ឱក ណៃហៀង រៀបរាប់ទៀតថា ដូចតាមការណាត់មែន លោក ស្កុត នីសិន និងសហការី ក៏បានមកកន្លែងចាក់សំរាមម្ដងទៀត និងបាននាំនាងនិងបងស្រី ទៅទទួលទានអាហារដែលរូបនាងនិងបងស្រី មិនដែលបានហូបឡើយ។ លោកស្កុត ក៏បានសម្រេចជួយសង្គ្រោះរូបនាងនិងបងស្រី ដោយនាំពួកនាងទាំង២នាក់ទៅរស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា និងទំនុកបម្រុងគ្រប់បែបយ៉ាងរហូតដល់ពួកនាងបញ្ចបថ្នាក់មហាវិទ្យាល័យទាំង២នាក់បងង្អូន ។
បច្ចុប្បន្ន កញ្ញា ឱក ណៃហៀង កំពុងធ្វើការ នៅក្រុមហ៊ុនទេសចរណ៍មួយកន្លែង និងបានផ្លាស់ប្តូរជីវភាពគ្រួសារកញ្ញាដ៏មិនគួរឱ្យជឿ ខណៈបងស្រីកញ្ញាដែលបញ្ចប់ថ្នាក់មហាវិទ្យាល័យដូចគ្នានោះ កំពុងបម្រើការនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ។
ដោយឡែក អតីតក្មេងស្រីរើសអេតចាយនៅគំនរសំរាមស្ទឹងមានជ័យដែរគឺ កញ្ញា រស់ ស្រីនិច និយាយថា កាលពីឆ្នាំ២០០៥រូបនាងជាក្មេងរើសអេតចាយនៅគំនរសំរាមស្ទឹងមានជ័យដូចក្មេងៗជាច្រើននាក់ទៀត ។ កាលនោះ លោក ស្កុត នីសិន បានមកកាន់គំនរសំរាមហើយចែកលុយដល់ក្មេងៗនៅទីនោះដែលកំពុងរើសអេតចាយ តែនាងមិនបានទទួលលុយពីលោកស្កុតទេ ព្រោះរវល់លីបាវសម្បកអេតចាយ ។
ពេលនោះលោកស្កុតឃើញ និងបានសួរថា តើចង់រៀនឬអត់? នាងក៏ឆ្លើយថាចង់ ។ បន្ទាប់មក លោកស្កុតបាននាំនាងទៅអង្គការ ដើម្បីរៀនសូត្រជាប់លាប់នឹងគេ រហូតទទួលបានសញ្ញាបត្រនៅថ្ងៃនេះដូចគ្នាដែរ ។ សព្វថ្ងៃកញ្ញា រស់ ស្រីនិច កំពុងបម្រើការនៅហាងលក់កុំព្យូទ័រមួយកន្លែងនៅរាជធានីភ្នំពេញ និងបានកែប្រែជីវិតកញ្ញាឱ្យមានពន្លឺស្រស់បំព្រងឡើងខុសពីជាង១០ឆ្នាំមុន ដែលកញ្ញា និងក្រុមគ្រួសារហាក់ងងឹតឈឹងតែម្ដង ។
លោក ស្កុត នីសិន ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានមានប្រសាសន៍ថា ជំហានដំបូងលោកមិនគិតថាអង្គការមូលនិធិកុមារកម្ពុជា បានរីកដុះដាលធំបែបនេះទេ ។ លោកគ្រាន់តែចង់ឱ្យក្មេងៗដែលកំពុងរស់នៅលើគំនរសំរាមបានចាកចេញពីទីនោះ ហើយបានចូលរៀនត្រឹមត្រូវប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែមានការគាំទ្រពីម្ចាស់ជំនួយទើបអង្គការនេះបានរីកដាលកាន់តែធំ ដើម្បីជួយដល់កុមារកម្ពុជា កាន់តែច្រើន។
លោករំពឹងថា កុមារដែលលោកបានជួយកាលពីជាង១០ឆ្នាំមុននោះ ពួកគេនឹងមានអនាគតល្អទាំងអស់គ្នា ហើយពួកគេនឹងបន្តជួយដល់កុមារដែលកំពុងរងគ្រោះដោយមិនបានចូលសាលា ពោលគឺកុមារដែលមានខ្សែជីវិតស្រដៀងគ្នានឹងកុមារដែលលោកបានជួយកាលណោះ ៕ ដោយសុវណ្ណណែត