អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ប្រើ​កម្លាំង​រុះរើ​សំណង់ ដែល​រំលោភ​លើ​ដី​បុរី​ភ្នំពេញ​ផាក

173

រាជធានី​ភ្នំពេញ ៖ សំណង់​លំនៅ​ឋាន​ដែល​សង់​ជា​រោង ប្រមាណ​៥​បន្ទប់​នៅ​ប្រប​មាត់​ព្រែក ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ប្រើ​កម្លាំង​ចុះ​រុះរើ ឈូស​ឆាយ​ចោល បន្ទាប់​ពី​មាន ពាក្យបណ្តឹង ចោទប្រកាន់​ថា សាងសង់​រំលោភ​លើ​ដី បុរី​ភ្នំពេញ​ផាក របស់​លោក​ឧកញ៉ា​ខូ​វ គឹ​ម​បាក់​។ ការ​ចុះ​រុះរើ​សំណង់​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​។ ដោយ​អាជ្ញាធរ បាន​ប្រើ​គ្រឿងចក្រ​ការពារ​ដោយ​កម្លាំង​សណ្តាប់ធ្នាប់ ឈូស​កម្ទេច​ចោល ក្រោម​សម្រែក​របស់​ប្រជាពលរដ្ឋ​ចោទ​ថា អយុត្តិធម៌​។

Loading...

តាម​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ បាន​ឲ្យ​ដឹង​ថា សំណង់​ដែល​អាជ្ញាធរ ប្រើ​កម្លាំង​ចុះ​រុះរើ​នោះ គឺ​សាងសង់​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​បុរី​ភ្នំពេញ​ផាក​។ ដោយសារ​តែ​មាន​ពាក្យ​ស្នើរ​សុំ​អាជ្ញាធរ​ក៏​បាន​ចុះ​មក​រុះរើ​តែ​ម្តង​។ តាម​លោកស្រី ទូច សា​រុន អាយុ​៧០​ឆ្នាំ មាន​លំនៅ​ភូមិ ព្រែក​តា​គង់​សង្កាត់​ព្រែក​តា​សេក​បាន​ឲ្យ​ដឹង​ថា ដី​នោះ​មាន​ទំហំ​៥០​ម៉ែត្រ គុណ​១០៥​ម៉ែត្រ ដែល​បងប្អូន​កូនចៅ​របស់​គាត់​ចំនួន ១០​គ្រួសារ រស់នៅ​កាន់កាប់ និង​អាស្រ័យ​ផល តាំងពី​ឆ្នាំ​១៩៨៧ មក​ម្ល៉េះ​។ ស្រាប់តែ​នៅ​ឆ្នាំ​២០១៧ ក្រុមហ៊ុន​លោក​ឧកញ៉ា ខូ​វ គឹ​ម​បាក់ បាន​មក​ចាក់​ដី​លុប ឈូស​ឆាយដី​រំលោភ​យក និង​សាងសង់​បុរី​ភ្នំពេញ​ផាក​ដោយ​ពុំ​បាន​ដោះស្រាយ​ឡើយ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ក៏​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ផ្ទះ​របស់​គាត់​ជា​បន្តបន្ទាប់ ដែល​លើក​នេះ​ជា​លើក​ទី​២​ហើយ​។

លោកស្រី ទូច សា​រុន និង​ក្រុម​គ្រួសារ​ក៏​បាន​ទទួល​សុំ​ឲ្យ សម្តេច​តេ​ជោ ក៏​ដូច​ជា​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ មេត្តា​ជួយ​ផ្តល់​នូវ​ភាព​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ផង​ដែរ​។ តាម​លិខិត​របស់ ក្រសួង​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់​ដែល​បាន​ជ​ម្រា​ជួន​លោក ន​ង ម៉ាត់ និង​លោកស្រី ទូច សា​រុន ដែល​ប្តឹង​សុំ​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍ បាន​ឲ្យ​ដឹង​ថា ទីតាំង​ដី​វិវាទ​ដែល​លោក លោកស្រី បាន​ចង្អុលបង្ហាញ មាន​ទំហំ​សរុប ២.៨១២​ម៉ែត្រ។

គឺ​ជាន់​លើ​ដី​មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ កាន់កាប់​អចលនវត្ថុ​លេខ XI០១៥០ ចុះ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០០៤ របស់​លោក​ឧកញ៉ា ខូ​វ គឹ​ម​បាក់ ទំហំ​ដី​១.៥៤៩​ម៉ែត្រការ៉េ និង​មួយ​ផ្នែក​ទៀត​ស្ថិត​នៅ​ក្នុង​ដី​ចំណី​ព្រែក​ទំហំ​១.២៦៣​ម៉ែត្រ​។ នៅ​ក្នុង​លិខិត​នោះ​ក៏​បាន​ស្នើ​សុំ​ឲ្យ​លោក លោកស្រី រុះរើ​សំណង់​ទាំងឡាយ​ដែល​លោក លោកស្រី​បាន​សាងសង់​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា ខូ​វ គឹ​ម​បាក់ និង​ដី​ចំណី​ព្រែក ស្ថិត​នៅ​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​ចេញ​វិញ​។ ទន្ទឹម​នោះ អាជ្ញាធរ ខណ្ឌ​ជ្រោយចង្វារ ក៏​បាន​ប្រើ​វិធានការ​ចុះ​ទៅ​រុះរើ​សំណង់​នោះ​តែ​ម្តង​៕ ដោយ ៖ ម៉េ​ង ធា