ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋចំនួន១០០គ្រួសារ នៅភូមិដំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វាយជ្រំ បានដំឡើងកីតម្បាញក្រមាជាលក្ខណៈគ្រួសារជាង១០០គ្រឿង កំពុងជួបបញ្ហាប្រឈមកង្វះភ្លើងអគ្គិសនី ប្រើប្រាស់បានអំពាវនាវសុំឲ្យអាជ្ញាធរថ្នាក់ខេត្តជួយអន្តរាគមន៍។ បើតាមតំណាងប្រជាពលរដ្ឋម្ចាស់កី បានមានប្រសាសន៍ថា ទោះជាបច្ចេកវិទ្យាបានដើរលឿនទៅមុខបន្តិចមែន តែការកែច្នៃឧបករណ៍កីតម្បាញ សម្រាប់ត្បាញក្រមា ដែលជាមុខរបរ និងជាផលិតផលបន្ទាប់បន្សំនៅតែមានតួនាទី ក្នុងការផលិត សម្រាប់បម្រើការប្រើប្រាស់ជាប្រពៃណីខ្មែរយ៉ាងសំខាន់ ហើយក៏មិនអាចខ្វះបានដែរ។
ជាក់ស្តែងកីតម្បាញ ជាង១០០គ្រឿង នៅក្នុងភូមិដំណាក់កន្ទួត ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានកំពុងដំណើរការផលិតក្រមា បានជោគជយ័ជាបណ្តើរៗហើយ បន្ទាប់ពីតម្លើងដាក់ឲ្យដំណើរការនៅតាមគ្រួសារមួយចំនួនពីកីតម្បាញដៃតាមបែបបុរាណមកដំឡើងជាបែបស្វ័យប្រវត្តិទាញដោយភ្លើងអគ្គិសនី។ លោកស្រី ឈាង ដានី បានប្រាប់អ្នកព័ត៌មានយើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះថា៖ រូបលោកស្រី និងអ្នកភូមិដំណាក់កន្ទួត ឃុំស្វាយយា កាលពីដើមឡើយរូបលោកស្រី និងអ្នកភូមិមិនចេះការងារតម្បាញអី្វបន្តិចទាល់តែសោះ ក៏ប៉ុន្តែក្រោយមក លោកស្រី និងអ្នកភូមិបានទៅស៊ីឈ្នួលតម្បាញក្រមាឲ្យអ្នកទន្លេ មានរយៈពេលយូរខែឆ្នាំ គួបផ្សំនឹងការបង្ហាត់ បង្ហាញពីម្ចាស់កីតម្បាញញឹកញាប់ ពិសេសពួកគាត់បានសិក្សាបន្ថែមផងនោះ ពួកគាត់បានសុំម្ចាស់កីតម្បាញឈប់ពីការងារ ហើយបានមកបើកធ្វើអាជីវកម្មដោយខ្លួនឯង រហូតទទួលបានជោគជ័យជាបណ្តើរហើយ ដោយស្រូបបានកម្រៃពលកម្មល្អប្រសើរផងដែរ បើប្រៀបធៀបទៅនឹងចំណាកស្រុកកន្លងមក។
អ្នកស្រីបន្តទៀតថា ជុំវិញនៃការផលិត ផលិតផលក្រមា នៅពេលបច្ចុប្បន្ននេះពលរដ្ឋនៅក្នុងភូមិ មានចំណាប់អារម្មណ៍ច្រើនដោយធ្វើការនៅជុំគ្រួសារ ឯចំណូលសមរម្យ និងអាចទទួលយកបាន ក៏ប៉ុន្តែនៅតំបន់នេះជួបបញ្ហាកង្វះភ្លើងអគ្គិសនីប្រើប្រាស់ ជួបការលំបាក ក្នុងដំណើរការផលិត។ ដូចនេះទើបអ្នកស្រីដែលជាតំណាងឲ្យពលរដ្ឋម្ចាស់កីតម្បាញ ទាំងអស់ ស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៅលោកប្រធានអគ្គិសនីកម្ពុជា ខេត្តស្វាយរៀង ដាក់បង្គោលតបណ្តាញអគ្គិសនីចូលមកភូមិដំណាក់កន្ទួតបានប្រើប្រាស់ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពបន្តពង្រីកអាជីវកម្មតម្បាញក្រមាឲ្យបាននិរន្តរភាព។
ជុំវិញនៃការស្នើសុំអគ្គិសនីរបស់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ត្បាញក្រមារនេះ លោក សុខ សំអន មេឃុំស្វាយយា បានប្រាប់អ្នកសារព័ត៌មានថា ការងារនេះក្រុមប្រឹក្សាឃុំ បានទទួលសំណើររបស់ប្រជាពលរដ្ឋនៅក្នុងភូមិដំណាក់កន្ទួតរួចហើយ និងបានលើកសំណើសុំតាមរយៈវេទិការសាធារណៈ ម្តងជាពីរដងហើយ តែមិនទាន់បានចម្លើយពី មន្ត្រីជំនាញអគ្គិសនីកម្ពុជានៅឡើយទេ។ តែទោះជាយ៉ាងណា បញ្ហាអគ្គិសនី នឹងមានប្រើប្រាស់នៅពេល ខាងមុខដែរ ដោយតំបន់នេះខាងអគ្គិសនីបានចុះមកតបណ្តាញខ្សែដើម្បីចែកចាយអគ្គិសនីហើយ។ លោកមេឃុំក៏បានមានប្រសាសន៍ថា នេះគឺជាមោទនភាពសម្រាប់អ្នកខេត្តស្វាយរៀង ដែលប្រជាពលរដ្ឋ អាចតម្លើងកីតម្បាញក្រមាស្វយ័ប្រវត្តិដើរដោយអគ្គិសនីនេះ។ ទាក់ទិនករណីប្រជាពលរដ្ឋស្នើ សុំភ្លើងអគ្គិសនីប្រើប្រាស់ទាញកីតម្បាញក្រមារនេះមិនអាចសុំការបំភ្លឺពីលោកប្រធានអគ្គិសនីកម្ពុជាស្វាយរៀងបានទេថ្ងៃនេះ៕ ដោយ ៖ វ៉ាន់ប៊ុនធឿន