រាជធានីភ្នំពេញ៖ ប្រធានក្រុមយុវជនសិល្បៈល្ខោនខោលជំនាន់ថ្មីលោកហង់ ភូមិរ៉ា បានសម្តែងការមិនសប្បាយនចិត្ត ដ្បិតសិល្បៈល្ខោនខោលនៅតែមិនសូវមានការគាំទ្រ និងការចូលរួមហាត់រៀនដើម្បីបន្តវេន ។ ប្រធានក្រុមសិល្បៈរូបនេះបានសម្តែងការបាក់ទឹកចិត្ត និងចង់ដើរចេញពីវិស័យសិល្បៈមួយនេះ ក្នុងពេលដែលពុំមានការជួយគាំទ្រពីមហាជន ដ្បិតលោកបានពុះពារយ៉ាងខ្លាំងក្នុងការជួយលើកស្ទួយ និងបង្ហាត់សិល្បៈល្ខោនខោលដល់យុវជនជំនាន់ថ្មីដោយមិនយកប្រាក់ ។
លោកហង់ ភូមិរ៉ា បានលើកឡើងតាមហ្វេសប៊ុករបស់ខ្លួនកាលពីពេល ថ្មីៗកន្លងមកថា «ហត់ត្រូវតែទៅមុខ ខំប្រឹងដើម្បីសិល្បៈប្រទេសខ្លួន ចុះប្រឹងប្រែងតែខ្ញុំទេ ចុះ ប្អូនៗទៅណាអស់ហើយ ។ មិនចង់បានអីទេចង់ឲ្យ ប្អូនៗទៅទស្សនា គាំទ្រ លើកទឹកចិត្តសិល្បករ ប្អូនៗអ្នកបន្តវេនស្រលាញ់ ចូលចិត្ត អស់ហើយគ្មានអ្នកជួយទេ មានតែខ្លួនយើងត្រូវជួយខ្លួនឯង ។
ខ្ញុំហត់ ម្តងៗចង់ដើចេញ តែដើចេញ ចុះអ្នកដូចជាសិស្សខ្ញុំ អ្នកណាបង្ហាញ បង្រៀនឲ្យពួកគាត់ មនុស្ស១៥លាននាក់ ទៅគាំទ្រសិល្បៈបុរាណមិនបាន១ម៉ឺនអ្នកផង ។ ខ្ញុំអស់ពាក្យនិយាយហើយ ខ្ញុំខំចំណាយពេលវាលា ចំណាយថវិកា ជិះម៉ូតូកូនទាទៅបង្ហាត់ពីបឹងទំពុន មកព្រែកលាប បង្រៀនមិនយកថវិកាទេ តែប្អូនៗមិនងាកមករកទេ ហើយមានសិស្សខ្ញុំខ្លះផ្ទះឆ្ងាយតែនៅតែមកហាត់ អ្នកខ្លះជិះកង់មកហាត់ហេតុតែស្រលាញ់ ។ ចុះប្អូនដទៃទៀតយ៉ាងម៉េចដែរ វាសនាសិល្បៈបុរាណទៅខាងមុខ»។
លោកហង់ ភូមិរ៉ា ធ្លាប់បានលើកឡើងថា សិល្បៈល្ខោនខោលគឺត្រូវការបំផុតសិស្សប្រុស ដើម្បីហាត់រៀន ក៏ប៉ុន្តែនៅឆ្នាំនេះគឺមិនសូវមានសិស្សប្រុសមកហាត់រៀនច្រើនឡើយ ជាហេតុធ្វើឲ្យលោកអស់សង្ឃឹមយ៉ាងខ្លាំង ដ្បិតលោកបានខិតខំចំណាយទាំងពេលវេលា និងថវិកា សម្រាប់ជួយបង្ហាត់រៀនសិស្សបន្តវេន ។
លោកហង់ ភូមិរ៉ា បញ្ជាក់ថា ជាទូទៅក្នុងនាមជាគ្រូម្នាក់លោកតែងតែមានបំណងចង់ឃើញសិស្សដែលជាយុវវ័យហាត់រៀនឲ្យបានច្រើន និងមានភាពសកម្មចូលរួមផ្សព្វផ្សាយ និងបង្ហាត់បង្រៀនតគ្នាទម្រង់សិល្បៈល្ខោនខោលមួយនេះ ។ បើតាមលោកហង់ ភូមិរ៉ា ការខិតខំរបស់លោកសព្វថ្ងៃនេះគឺគ្មានគោលបំណងអ្វីក្រៅអំពីឲ្យយុវជនស្គាល់តម្លៃនៃសិល្បៈបុរាណខ្មែរយើង ហើយចូលរួមលើកស្ទួយ និងអភិរក្សសិល្បៈបុរាណខ្មែរឲ្យបានគង់វង្ស សម្រាប់កូនខ្មែរជំនាន់ក្រោយ ។
ដោយឡែកប្រធានសមាគមក្រុមសិល្បៈហ្វូណនលោកស៊ុន សក្ករ៉ា បានប្រកាសអះអាងថា លោកនឹងធ្វើឲ្យសិល្បៈល្ខោនខោលឲ្យលើសប្រទេសជិតខាង១០ដង ប្រសិនបើប្រជាជនខ្មែរឧបត្ថម្ភត្រឹម១០០០រៀលក្នុងម្នាក់ ៕ ដោយសុខ វាសនា