រុ​ស្ស៊ី​នឹង​បង្កើន​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​ដើម្បី​ឆ្លើយ​តប​នឹង​ទណ្ឌកម្ម

128

ទីក្រុង​មូ​ស្គូ ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្លា​ដឺ​មៀ ពូ​ទី​ន (Vladimir Putin) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា ប្រទេស​រុ​ស្ស៊ី​ត្រូវ​តែ​បង្កើន​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​លោក​ខាងលិច ។

Loading...

លោកពូ​ទី​ន​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ជាមួយនឹង​អ្នកតំណាង​របស់​សហគមន៍​អាជីវកម្ម​រុ​ស្ស៊ី​ថា ៖« ការ​គាំទ្រ​អាជីវកម្ម​រុ​ស្ស៊ី និង​បង្កើន​ឱកាស​របស់​ពួក​គេ​គឺជា​កត្តា​សំខាន់​ជាងគេ​មួយ ខណៈ​ដែល​ក្រុមហ៊ុន​រុ​ស្ស៊ី​ជួប​ប្រទះ​នឹង​ការ​ហាមឃាត់​ពី​បរទេស​មួយ​ចំនួន »​។
លោក​បាន​បន្ថែម​ថា ដើម្បី​ឆ្លើយ​តប​នឹង​វិធានការ​ទាំងនេះ សេដ្ឋកិច្ច​រុ​ស្ស៊ី​ត្រូវ​បង្កើន​ភាព​ប្រកួតប្រជែង ដែល​ត្រូវការ​ការ​បង្កើន​ការ​លូត​លាស់​ឧស្សាហកម្ម លើកតម្កើង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ សម្រប​ស​ម្រូ​ល​ផលិតកម្ម​ក្នុង​តំបន់ និង​បង្កើត​ទីផ្សារ​ថ្មី​ទាំង​នៅ​ក្នុង​ប្រទេស​និង​នៅ​បរទេស ។

លោកពូ​ទី​ន បាន​និយាយ​ទៀត​ថា រដ្ឋាភិបាល និង​អាជីវករ​អាច​សហការ​គ្នា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ពលករ និង​ធ្វើ​បច្ចុប្បន្នភាព​កន្លែង​ផលិត​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ៗ និង​ការ​ការពារ​បរិស្ថាន​ផង​ដែរ ។ ជាមួយ​គ្នា​នេះ ប្រទេស​រុ​ស្ស៊ី​នឹង​ខិតខំ​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម បច្ចេកវិទ្យា និង​ការ​វិនិយោគ​ជាមួយ​ដៃគូ​នៅ​បរទេស រួម​ទាំង​បន្ត​គាំទ្រ​ដល់​អ្នក​នាំ​ចេញ​ជាដើម ។
គួរ​បញ្ជាក់​ដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​រុ​ស្ស៊ី​និង​ប្រទេស​នៅ​លោក​ខាងលិច​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​តាំងពី​ឆ្នាំ​២០១៤ ព្រោះតែ​ជម្លោះ​វិបត្តិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជា​ច្រើន​លើ​បុគ្គល ក្រុមហ៊ុន និង​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​រុ​ស្ស៊ី ដែល​បង្ក​ឲ្យ​ប្រទេស​រុ​ស្ស៊ី​ចេញ​វិធានការ​ឆ្លើយ​តប​វិញ​ដែល​រួម​មាន ការ​ហាមឃាត់​ការ​នាំ​ចូល​អាហារ និង​ការ​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​មួយ​ចំនួន​ជាដើម ៕ ប្រែ​សម្រួល​ដោយ ៖ ណៃ ដា​លី​ន