ទេព បូ​ព្រឹក្ស ទទួលយក​សំណង​១​ម៉ឺន​ដុល្លារ ខណៈ​ជន​បង្ក​ព្រម​សុំ​ទោស​ជា​សាធារណៈ

487

រាជធានី​ភ្នំពេញ ៖ ក្រោម​កម្លាំង​មតិ​ពីសា​រណៈ​ជន ពេល​នេះ​បងប្អូន​ប្រិ​យ​មិត្ត​ពិតជា​បាន​ស្ងប់ចិត្ត បន្តិច​ហើយ ដោយសារ​តែ​ជន​បង្ក​លើ​ករណី​គប់ និង​ជះ​ស្រា​បៀរ​ដាក់​តារាចម្រៀង​លំដាប់​យុវវ័យ ទេព បូ​ព្រឹក្ស បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​បែប​លក្ខណៈ​ផ្លូវការ​។ ដំណឹង​ដ៏​រំភើប​នេះ​បាន​ធ្វើ​ឲ្យ​មហាជន ក្នុង និង ក្រៅ​ស្រុក​មានការ​ថមថយ​កំហឹង​ហើយ​ចាត់​ទុក​ថា​នេះ​ជា​សិទ្ធិ​លើក​ស្ទួយ​តម្លៃ​ស្ត្រី ដែល​កម្ពុជា កំពុង​តែ​ឲ្យ​តម្លៃ​។ រឿង​ក្តី​ជះ និង​គប់​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​កញ្ញា ទេព បូ​ព្រឹក្ស តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស នា​រាត្រី​ថ្ងៃ​បុណ្យ​ណូអែល​២៥ ធ្នូ នៅ​ភោជនីយដ្ឋាន​សមុទ្រ ពិតជា​បាន​ធ្វើ​ឱ្យ​កក្រើក​គួរ​ឱ្យ​កត់សម្គាល់ ដែល​ភាគច្រើន​លើសលប់​បាន​ចាត់​ទុក​ថា កាយវិការ​អ​សីលធម៌​ដ៏​ធ្ងន់ធ្ងរ​របស់​បុរស​ម្នាក់​ធ្វើ​ទៅ​លើ​នាង​ពិតជា​មិន​អាច​ទទួលយក​បាន ព្រមទាំង​ថ្កោលទោស​ថែម​ទៀត​ផង ដោយសារ​តែ​បាន​ធ្វើការ​ប្រមាថ និង​មាក់ងាយ​ដល់​ស្ត្រីភេទ​។

Loading...

ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​កញ្ញា ទេព បូ​ព្រឹក្ស បាន​ជួប​ផ្ទាល់​ជាមួយ នឹង​ជន​បង្ក​ឈ្មោះ ឆេ​ង រស្មី ដែល​ជា​អ្នក​គប់​កំប៉ុង​ស្រា​បៀរ​មក​លើ​កញ្ញា​។ ទាំង​ជន​បង្ក និង​ម្ចាស់​ហាង បាន​ឆ្លើយ​ថា​ខ្លួន​ស្រវឹង​! តើ​បងប្អូន​ទាំងអស់​គ្នា​ទទួលយក​បាន​ទេ? បើ​គ្រាន់តែ​ពួក​គាត់​ឆ្លើយ​ដោះសា​រថា ស្រវឹង​បែប​នេះ? តើ​ភាព​ឈឺចាប់ និង​ខ្មាស់​គេ​ប៉ុណ្ណា​រហូត​ហ៊ាន​ទៅ​ដល់​ធ្វើការ live យំ​ស្រែក​តាម facebook ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ឱ្យ​មហាជន​ជួយ​រក​យុត្តិធម៌? សំណូមពរ​របស់​ភាគី ទេព បូ​ព្រឹក្ស មាន ៣​ចំណុច​ដូច​ខាងក្រោម​៖ ១.​ធ្វើ​សន្និសីទកាសែត​សុំ​ទោស​ជា​សាធារណៈ​។ ២. សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស​ចំនួន ១០​ម៉ឺន​ដុល្លារ​។ ៣.​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​អាជ្ញាធរ មិន​គុំ​គួ​ន​សងសឹក​គ្នា​បញ្ចប់ទំនាស់​ដោយ​សន្តិវិធី​។

ភាគី​ជន​បង្ក​បាន​ដកឃ្លា​ដើម្បី​ពិចារណា ទៅ​លើ​សំណូមពរ​ទាំង​បី​របស់​ជន​រង​គ្រោះ​។ យ៉ាងណាមិញ​ជន​បង្ក​ដែល​ធ្វើ​រឿង​ឲ្យ​គេ​ក្តៅក្រហាយ ពេញ​មួយ​នគរ​ទៅ​ហើយ​នោះ​បាន​សុខចិត្ត​ចេញ​មុខ​សុំ​ទោស​ហើយ​នា​ល្ងាច​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៨ នា​ភោជនីយដ្ឋាន ឡោ​វ​ទី​ហ្វា​ង ផ្លូវ​ម៉ៅ​សេ​ទុង​ទល់មុខ​ស្ថានទូត​ចិន​រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​បើក​សន្និសីទ​ក៏​ជា​បំណង​ចង់បាន​របស់ បូ​ព្រឹក្ស ក្នុង​ន័យ​ស្តារ​កិត្តិយស​ឡើង​វិញ ជា​ពិសេស​ដោយ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្បៈ ទេព បូ​ព្រឹក្ស ជន​បង្ក ឆេ​ង រស្មី លោក កេង ម៉ា​រី អ្នកគ្រប់គ្រង​ហាង​សមុទ្រ និង​មេធាវី​សងខាង ព្រមទាំង​តំណាង​ស្រា​បៀរ​ហៃ​។ បើ​យោង​លើ​ការ​និយាយ​សុំ​ទោ​សជន​បង្ក ឆេ​ង រស្មី បាន​បញ្ជាក់​ថា​៖ លោក​ពិតជា​មានការ​សោកស្តាយ​ដោយ​លោក​ពិតជា​សេព​គ្រឿង​ស្រវឹង​ច្រើន​បន្តិច​បាត់​ម្ចាស់​ការ​ក៏​បាន​ជះ​ស្រា និង​គប់​កំប៉ុង​លើ​តារាចម្រៀង ទេព បូ​ព្រឹក្ស​។

ជន​ជះ​ស្រា​បៀរ​ដែល​អះអាង​ថា​ជា​និស្សិត​ឆ្នាំ​ទី​១ បាន​ឲ​ដឹង​បន្ត​ថា លោក​ក៏​ស្គាល់​កញ្ញា ទេព បូ​ព្រឹក្ស ដែល​ជាតា​រា​ល្បី​នៅ​ហង្ស​មាស និង​ជា​មនុស្ស​របស់​មហាជន​។ ប៉ុន្តែ​ជាតិ​ស្រា​ចូលខ្លួន​ក៏​ក្លាយជា​រឿង​ទាំង​មិន​នឹក​ស្មាន​។ លោក​មាន​តែ​ការ​សុំ​ទោស​ដល់ បូ​ព្រឹក្ស ក៏​ដូច​ជា​មជ្ឈដ្ឋាន​មហាជន​ទាំងអស់​រាល់​ទ​ង្វើ​ដែល​លោក​បាន​ធ្វើ ដាក់​នារី​ម្នាក់​។ យ៉ាងណា​លោក​ប្រាប់​ថា មិន​មានការ​ពាក់ព័ន្ធ​ជាប់សាច់​ញាតិ​ជាមួយ​ថៅកែ​ហាង ឬ​កូន​ថៅកែ​ហាង​នោះ​ទេ​ជា​ភ្ញៀវ​ធម្មតា​។ និ​ស្សត​ឆ្នាំ​ទី​១​ផ្នែក​គ្រប់គ្រង ឆេ​ង រស្មី បាន​សុំ​សំណង​ជូន​ដល់ ទេព បូ​ព្រឹក្ស ចំនួន​១​ម៉ឺន​ដុល្លារ ដោយ​សំណង​នេះ​យើង​បាន​សម្របសម្រួល​គ្នា​សងខាង​អស់ហើយ គឺ​ត្រឹម​១​ម៉ឺន មិនមែន​១០​ម៉ឺន​ដុល្លារ​ឡើយ​។ ដូចនេះ​លោក​សង្ឃឹមថា សា​ជ​ធារ​ណៈ​ជន​ស្ងប់ចិត្ត ហើយ​យោគយល់​បញ្ចប់​រឿងរ៉ាវ​មួយ​នេះ ហើយ​លោក​នៅ​តែ​និយាយ​ថា ករណី​នេះ​ពិតជា​ប៉ះពាល់​ដល់​កិត្តិយស​នារី​ជា​តម្លៃ​ស្ត្រី​ខ្មែរ​។ ចំណែក​កញ្ញា ទេព បូ​ព្រឹក្ស មាន​វត្តមាន​ទាំង​ទឹកមុខ​ភ្លឹក​ៗ​ភ័យ​ៗ​បាន​និយាយ​ថា​នាង និង​មេធាវី​សងខាង​បាន​សម្របសម្រួល គ្នា​អស់ហើយ ដោយ​នាង​ព្រម​ទទួលយក​សំណង​១​ម៉ឺន​ដុល្លារ​។

ហេតុផល​ដែល​នាង​យក សំណង ១​ម៉ឺន​ដុល្លារ ដោយសារ​តែ​យល់​ថា លោក​ជា​ជន​បង្ក​គាត់​ជា​និស្សិត ជា​អ្នកចេះ​ដឹង​មិន​ចង់​វែង​ឆ្ងាយ ហើយ​នាង​សុំ​សម្រួល​គ្នា​តាំងពី​នៅ​លើ​ឆាក​សម្តែង​ថ្ងៃ​កើតហេតុ​ម្ល៉េះ​ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​។ តារា​រូប​នេះ​លើក​ឡើង​ទៀត​ថា បើ​ដំបូង​ដោះស្រាយ​សុំ​ទោស​គឺ​ចប់​រឿង​គឺ​មិន​រីកសាយ​ឡើង​។ ប៉ុន្តែ​ពេល​នេះ​ភាគី​ទាំង​២​បាន​យល់​គ្នា​អស់ហើយ​អាច​និយាយ​បាន​ថា​ពេល​បាន​សំណង​រួចរាល់​នឹង​រួម​គ្នា​ចេញ​សកម្មភាព​ចុះ​ចែក​អំណោយ ឬ​ធ្វើ​ភាព​មនុស្សធម៌​ជាមួយ​គ្នា​។ អ្វី​ក៏​ដោយ​យើង​ជា​ខ្មែរ​តែ​មួយ​រស​ក្រោម​ដំបូល​តែ​មួយ​មានរឿង​អ្វី​ក៏​ដោយ​ក៏​ចេះ​និយាយ​គ្នា​ដោយ​សន្តិវិធី​នោះ​អ្វី​ៗ​ពិតជា​ល្អ​។ ដោយឡែក​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ដែល​នាង​ទទួល​បាន​គឺ​នាង​អត់​យក មក​ដាក់ ជាប់​ខ្លួន​ទេ ធ្វើ​ជា​សកម្មភាព​មនុស្សធម៌​។

ក្នុង​នោះ​៣​ពាន់​ដុល្លារ​ប្រគល់​ជូន​មន្ទីរពេទ្យ​គន​ន្ធ​បុប្ផា ហើយ​សេសសល់​យក​ជូន​សមាគម​សិល្បៈ ឬ​នាង​ទុក​ថវិកា​ខ្លះ​យក​ទៅ​ប្រគល់​ជូន​សិល្បករ​ចាស់ជរា ដែល​មាន​ជំងឺ ឬ​មិន​អាច​ធ្វើការ​សម្តែង នេះ​ជា​ជំហរ​នាង​ក្នុង​នាម​ជា​អ្នកសិល្បៈ​ដូច​គ្នា​។ ទោះជា​យ៉ាងណា នាង​មិន​ផ្អាក​សិល្បៈ​យូរថ្ងៃ​ទៀត​ទេ​គឺ​បន្ត​សម្តែង​ភ្លាម​ៗ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ដោយសារ​តែ​នាង​បាន​ជាប់​និយាយ​ការងារ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​។ ដូចនេះ​នាង​ក៏​អរគុណ​ដល់​មជ្ឈដ្ឋាន​មហាជន​សិល្បករ និង​បង​ៗ​សមត្ថកិច្ច​គ្រប់​ផ្នែក​បាន​ជួយ​រក​យុត្តិធម៌​ដល់​នាង​នេះ​ពិតជា​រំភើប​ពេល​ដឹង​ថា​គេ​មិន​ទុក​ចោល​ហើយ​ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ជេរ​ប្រមាថ​ជន​បង្ក និង​ខាង​ហាង​ទៀត​អី​ព្រោះ​បាន​បិទ​បញ្ចប់​ដោយ​សន្តិវិធី​រួចរាល់​៕ ដោយ ៖ ខាត់ សា​មឿ​ន